បេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់បក្សកាន់អំណាច លោក ហ៊ុន ម៉ាណែត អះអាងថា អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កំពុងវាយប្រហារសហរដ្ឋអាមេរិកថាកំពុងប្រព្រឹត្តអំពើពុករលួយទាក់ទងទៅនឹងការសិក្សារបស់លោកនៅសាលា West Point។
កូនប្រុសច្បងរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានលើកឡើងនៅក្នុងពិធីសម្ពោធទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នៃយោធភូមិភាគទី៥ កងទ័ពជើងគោកក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែមីនា ថាការលើកឡើងរបស់លោក សម រង្ស៊ី ជុំវិញការសិក្សារបស់លោកនៅសាលា West Point របស់អាមេរិក គឺដោយសារតែគាត់មិនយល់ពីប្រព័ន្ធគ្រប់គ្រងនូវដំណើរការរបស់សាលានេះ និងដើម្បីវាយប្រហារមកលើរូបលោកប៉ុណ្ណោះ។
កូនប្រុសបុរសខ្លាំងកម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើងថា សម្រាប់ជនបរទេសដែលចង់ចូលរៀននៅសាលានេះ ត្រូវតែដាក់ពាក្យនៅតាមស្ថានទូតអាមេរិកដែលមាននៅប្រទេសរបស់ខ្លួន ដើម្បីឲ្យស្ថានទូតធានាឲ្យពួកគេមានសិទ្ធិប្រឡងចូលរៀននៅសាលានេះ ខណៈជនជាតិអាមេរិកាំងក៏ត្រូវមានការធានាពីមន្ត្រីជាន់ខ្ពស់របស់អាមេរិកផងដែរ។
លោក ហ៊ុន ម៉ាណែត អះអាងថា អ្នកដែលគ្មានការធានាពីស្ថានទូតអាមេរិក និងឬមន្ត្រីជាន់ខ្ពស់របស់អាមេរិក ទោះពួកគេពូកែប៉ុនណាក៏ដោយ ក៏មិនមានសិទ្ធិសូម្បីតែចូលប្រឡងនៅសាលានេះឡើយ កុំថាឡើយដល់ទៅចូលរៀននោះ ដូច្នេះពាក្យដែលលោកបានសរសេរក្នុងសំបុត្រផ្ញើទៅកាន់ឪពុករបស់លោក គឺលោក ហ៊ុន សែន ដែលថាទាល់តែមានអ្នកជួយនោះ គឺសំដៅដល់ការធានាដែលតម្រូវដោយសាលា West Point បែបនេះឯង មិនមែនជាការជួយឲ្យជាប់បានចូលរៀននោះទេ។
កូនប្រុសច្បងរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន រូបនេះបញ្ជាក់ថា បើលោក សម រង្ស៊ី ចោទលោកថា បានចូលរៀននៅសាលានេះព្រោះតែមានអ្នកជួយដោយការប្រព្រឹត្តអំពើពុករលួយ នោះមានន័យថា លោក សម រង្ស៊ី កំពុងវាយប្រហារអាមេរិកថាកំពុងប្រព្រឹត្តអំពើពុករលួយដែរចំពោះបញ្ហានេះ។
នៅថ្ងៃទី១៤ ខែមីនា នេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងជាឪពុកបង្កើតរបស់លោក ហ៊ុន ម៉ាណែត ឆ្លើយតបទៅលោក សម រង្ស៊ី ថាបើខ្លួនចាស់ហើយ សូមឲ្យច្បាស់ជាងក្មេង បើមិនច្បាស់ គួរទៅសួរនៅសាលា West Point ឲ្យច្បាស់ទៅ ប្រយ័ត្នខ្មាសក្មេង។
កាលពីថ្ងៃទី១២ ខែមីនា អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់ជាមួយនឹងលិខិតរបស់លោក ហ៊ុន ម៉ាណែត ដែលបានសរសេរទៅកាន់លោក ហ៊ុន សែន កាលពី ៣០ឆ្នាំមុនថា លោក ហ៊ុន ម៉ាណែត គ្មានចំណេះដឹងអ្វីក្រៅតែពីតោងជើងខោលោក ហ៊ុន សែន និងឡើងឋានៈតាមជើងខោលោក ហ៊ុន សែន ដែលជាឪពុកនោះទេ។
លោក សម រង្ស៊ី លើកឡើងថា ដូចលោក ហ៊ុន ម៉ាណែត បានសរសេរប្រាប់ទៅឪពុករបស់គាត់អ៊ីចឹងថា គាត់បានចូលរៀនសាលាទាហាននៅសហរដ្ឋអាមេរិក ដោយសារតែមានការយោគយល់ និងការជំរុញពីលោក ហ៊ុន សែន ដែលមានឋានៈជានាយករដ្ឋមន្ត្រី និងជាមេទ័ព ទើបគាត់អាចចូលរៀនសាលានេះបាន។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះអះអាងថា បើនៅស្រុកគេ ពេលលោក ហ៊ុន ម៉ាណែត ចេញពីសាលានេះ ហើយបើគាត់មានសញ្ជាតិអាមេរិកកាំងផងនោះ គាត់អាចធ្វើត្រឹមតែកូនទាហានពាក់ស័ក្តិ១ ប៉ុណ្ណោះ ប៉ុន្តែនៅស្រុកខ្មែរដែលមានលោក ហ៊ុន សែន ជាឪពុករបស់គាត់អាចឡើងធ្វើជាឧត្តមសេនីយ៍ពាក់ផ្កាយ៣ ភ្លាមៗមួយរំពេចក្រោយពីចេញពីសាលានេះ។
ក្រោយពីលោក ហ៊ុន ម៉ាណែត បញ្ចប់ការសិក្សានៅអាមេរិកកាលពីឆ្នាំ១៩៩៩ និងនៅប្រទេសអង់គ្លេស ហើយត្រឡប់មកធ្វើការក្នុងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលជាឪពុកបង្កើតរបស់ខ្លួន លោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងតំណែងទាំងក្នុងបក្ស និងក្នុងជួររដ្ឋាភិបាលយ៉ាងឆាប់រហ័សជាបន្តបន្ទាប់ ក្រោមការជ្រោមជ្រែងគ្រប់បែបយ៉ាងពីលោក ហ៊ុន សែន ដែលជាឪពុកបង្កើតរបស់លោក។
ជាក់ស្តែង កាលពីដើមខែកក្កដា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងនៅដើមខែកញ្ញា ឆ្នាំ២០១៨ លោកក៏ត្រូវបានលោក ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រតែងតាំងជាមេបញ្ជាការកងទ័ពជើងគោកថែមទៀត។
លុះដល់ខែធ្នូ ឆ្នាំ២០១៨ កូនប្រុសច្បងរបស់លោក ហ៊ុន សែន រូបនេះក៏ត្រូវបានបញ្ចូលទៅក្នុងសមាជិកគណៈអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា ដែលអង្គការចាត់តាំងកំពូលរបស់បក្សកាន់អំណាចផងដែរ។ លើសពីនេះ លោក ហ៊ុន ម៉ាណែត ក៏កាន់តួនាទីជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្មថែមទៀត។
ក្រោយពីលោក ហ៊ុន ម៉ាណែត កាន់កាប់តំណែងកំពូលៗជាបន្តបន្ទាប់មកនៅចុងខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន សែន បានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យឈរជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបន្ទាប់ពីលោកថែមទៀត បើទោះបីជាលោក ហ៊ុន សែន ធ្លាប់ប្រកាសជាសាធារណៈកាលពីខែមិថុនា ឆ្នាំ២០០៨ ថាលោកនឹងមិនអនុញ្ញាតឲ្យកូនប្រុសរបស់លោកធ្វើជានាយករដ្ឋមន្ត្រីបន្តពីរូបលោកក៏ដោយ៕