29.3 C
Phnom Penh

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​បរទេស​ឈប់​ធ្វើ​យុទ្ធនាការ​បង្ខូច​ឈ្មោះ​កម្ពុជា​រឿង​កំពង់ផែ​រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អំពាវនាវ​ទៅ​បរទេស និង​អ្នក​នយោបាយ​មួយ​ចំនួន​ឈប់​ធ្វើ​យុទ្ធនាការ​បង្ខូច​ឈ្មោះ​កម្ពុជា ថា​កម្ពុជា​ផ្ដល់​កំពង់ផែ​រាម​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​ចិន​ទៀត ដោយសារ​រឿង​នេះ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​បង្ហាញ​រួច​អស់​ហើយ។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​បៀលប្រាយ (BBU) នា​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ហ៊ុន សែន ថ្លែង​ថា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​បញ្ជាក់​រួច​ហើយ​ថា មិន​មាន​ការ​ផ្ដល់​មូលដ្ឋាន​ទ័ព​នៅ​កំពង់ផែ​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ទៅ​ឲ្យ​ចិន​ឡើយ ប៉ុន្តែ​បើ​បរទេស និង​អ្នក​នយោបាយ​ទាំងនោះ​មិន​ជឿ គឺ​ដោយសារ​ពួកគេ​មាន​គោលបំណង​ចង់​រករឿង​រូបលោក​តែប៉ុណ្ណោះ។

លោក​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ពង្រឹង​សមត្ថភាព​កំពង់ផែ​យោធា​របស់​កម្ពុជា ដែល​ធ្វើ​នៅ​លើ​ទឹកដី​ខ្លួនឯង ដោយ​ការ​ធ្វើ​មូលដ្ឋាន​កងទ័ព​នោះ លោក​ថា​មិន​មាន​ទៅ​គំរាមកំហែង​នរណា​ទេ តែ​គ្រាន់តែ​ធ្វើ​ដើម្បី​ពង្រីក​សមត្ថភាព​កងទ័ព​ជើងទឹក​របស់​ខ្លួន​តែប៉ុណ្ណោះ។

លោក​ក៏​បាន​ច្រានចោល​ចំពោះ​ការ​ចុះផ្សាយ​របស់​កាសែត​មួយ​ដែល​ថា ទីតាំង​កំពង់ផែ​សមុទ្រ​រាម​ដែល​កំពុង​សង់​សំណង់​អាច​ដាក់​នាវា​ចុះចត​យន្តហោះ​របស់​ចិន ចំនួន ២​គ្រឿង​នោះ ថា​ជា​រឿង​មិន​ពិត។ លោក​ចាត់ទុក​ការ​វិភាគ និង​សរសេរ​អត្ថបទ​នោះ​ថា​ជា​មនុស្ស​មាន​ខួរក្បាល​អន់ ព្រោះ​ថា​បើ​ចិន​ចង់​ចត​យន្តហោះ​មែន គឺ​អាច​ចុះ​នៅ​ព្រលាន​យន្តហោះ​កងកេង នៅ​ក្បែរ​នោះ​បាន ដោយ​មិន​ចាំបាច់​ទៅ​ចុះ​ក្នុង​ទឹក​នោះ​ទេ។

លោក​ស្នើ​ទៅ​បរទេស និង​អ្នក​នយោបាយ​ទាំងនោះ​ថា កុំ​បបួល​ខ្មែរ និង​ចិន​ឆ្កួត ប៉ុន្តែ​បើ​ពួកគេ​ចង់​ឆ្កួត​នោះ គឺ​ឆ្កួត​តែ​ឯង​ទៅ ដោយ​ថា​លោក​មិន​ល្ងង់​ឲ្យ​ចិន​មក​កាន់កាប់​ស្រុក​ខ្មែរ​ទេ ហើយ​ចិន​ក៏​មិន​ល្ងង់​មក​កាន់កាប់​ស្រុក​ខ្មែរ​ដោយ​យក​នាវា​ដឹក​យន្តហោះ​មក​ដាក់​នៅ​ផែ​រាម​នោះ​ដែរ។

បុរស​ខ្លាំង​កាន់​អំណាច​ត​ត្រកូល លោក ហ៊ុន សែន ព្រមាន​ទៅ​មិត្តភក្ដិ​បរទេស​ដែល​ទំនង​លោក​សំដៅ​ទៅ​លើ​សហរដ្ឋ​អាមេរិក និង​អ្នក​នយោបាយ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​ថា ឈប់​ធ្វើ​យុទ្ធនាការ​បង្ខូច​ឈ្មោះ​កម្ពុជា​លើ​រឿង​សង់​ផែ​សមុទ្រ​រាម​ទៀត​ទៅ បើ​មិន​ដូច្នោះ​ទេ កម្ពុជា​ប្រើ​សិទ្ធិ​បន្ទច់​បង្អាក់​យន្តការ​កុងសង់ស៊ីស​ក្នុង​នាម​ជា​សមាជិក​អាស៊ាន។

ក្រៅពី​ព្រមាន​ហើយ លោក​ថា​បើ​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាស៊ាន ត្រូវ​ធ្វើ​ទំនាក់ទំនង​ជាមួយ​សមាជិក​ទាំងអស់ រួម​ទាំង​កម្ពុជា​ផង​ដែរ ដោយ​ត្រូវ​ឈប់​ធ្វើ​យុទ្ធនាការ​បង្ខូច និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា​ទៀត​ទៅ។

លោក​បន្ត​ថា ការ​ធ្វើ​យុទ្ធនាការ​នេះ វា​នឹង​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២៣ នេះ ដែល​កម្ពុជា​កំពុង​រៀបចំ​ការ​បោះឆ្នោត​ផង​ដែរ។

ទោះបីជា​លោក ហ៊ុន សែន បាន​ចេញ​មុខ​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ក៏ដោយ ប៉ុន្តែ​រូបភាព​ផ្កាយរណប​នៃ​ក្រុមហ៊ុន ផ្លាណិត ឡេបស៍ (Planet Labs) របស់​អាមេរិក កាល​ខែ​មករា ឆ្នាំ​២០២៣ បាន​បង្ហាញ​ពី​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដែល​ទទួល​បាន​ជំនួយ​ពី​ប្រទេស​ចិន នឹង​អាច​ជួយ​ឲ្យ​មហាអំណាច​កុម្មុយនីស្ត​មួយ​នេះ​ពង្រីក​ឥទ្ធិពល​យោធា​របស់​ខ្លួន ដែល​មិន​ត្រឹមតែ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ឡើយ គឺ​ថែម​ទាំង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ផង​ដែរ។

ក្នុង​ជំនួប​ទ្វេភាគី​ក្នុង​នាម​លោក ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​កាល​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) ក្នុង​ទីក្រុង​ភ្នំពេញ ពេល​នោះ​លោក បៃដិន បាន​បង្ហាញ​ក្តី​កង្វល់​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​ចំពោះ​បញ្ហា​មូលដ្ឋាន​យោធា​រាម ដែល​ត្រូវ​បាន​សង្ស័យ​ថា​ផ្តល់​សិទ្ធិ​ផ្ដាច់មុខ​ឲ្យ​កងទ័ព​ចិន។

ចំណែក​កាសែត​អាមេរិក The Wall Street Journal កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដោយ​អះអាង​ថា កម្ពុជា​និង​ចិន​បាន​ចុះហត្ថលេខា​ជា​សម្ងាត់​លើ​កិច្ចព្រមព្រៀង​យោធា​មួយ​ជាមួយ​គ្នា។ ប្រភព​ដដែល​បន្ត​ថា កិច្ចព្រមព្រៀង​នោះ កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ចិន​មាន​សិទ្ធិ​ផ្ដាច់មុខ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ក្នុង​រយៈពេល ៣០​ឆ្នាំ ហើយ​កិច្ចព្រមព្រៀង​នេះ​អាច​បន្ត​ឡើងវិញ​នៅ​រៀងរាល់ ១០​ឆ្នាំ​ម្ដង។

The Wall Street Journal បញ្ជាក់​ថា កម្ពុជា​ក៏​បាន​អនុញ្ញាត​ឲ្យ​ចិន​ដាក់​ពង្រាយ​បុគ្គលិក​យោធា រក្សា​ទុក​សព្វាវុធ និង​អនុញ្ញាត​ឲ្យ​នាវាចម្បាំង​ចិន​ចូល​ចត​បាន​ថែម​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស