33 C
Phnom Penh

តុលាការ​ច្រានចោល​សេចក្តី​ថ្លែងការណ៍​របស់​សហ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ក្រុង​ភ្នំពេញ ច្រានចោល​សេចក្តី​ថ្លែងការណ៍​របស់​សហ​មេធាវី​ការពារ​សិទ្ធិ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដោយ​សំអាង​ថា ក្រុម​មេធាវី​ទាំងនោះ​មិន​បាន​ដាក់​សំណើ​មក​តំណាង​អយ្យការ​ដើម្បី​សុំ​ជួប​ពិរុទ្ធជន។

អ្នក​នាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា សេចក្តី​ថ្លែងការណ៍​របស់​សហ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា ដោយ​លើកឡើង​ថា មាន​ការ​រារាំង និង​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ចូល​ជួប​ពិគ្រោះ​យោបល់​ច្បាប់​ជាមួយ​កូនក្ដី ដែល​នាំ​ឱ្យ​សហ​មេធាវី​ទាំងនោះ​មិន​អាច​អនុវត្ត​សិទ្ធិ​បំពេញ​កាតព្វកិច្ច និង​ទំនួល​ខុសត្រូវ​ចំពោះ​កូនក្ដី​បាន គឺជា​ការ​លើកឡើង​ប្រាសចាក​ពី​ការពិត និង​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ដល់​សាធារណជន​យ៉ាង​ធ្ងន់ធ្ងរ។

សាលាដំបូង​រាជធានី​ភ្នំពេញ លើកឡើង​ថា សេចក្តី​សម្រេច​នៃ​សាលក្រម​ព្រហ្មទណ្ឌ​កាលពី​ថ្ងៃទី​០៣ ខែ​មីនា បាន​សម្រេច​ដាក់​លោក កឹម សុខា ឱ្យ​ស្ថិត​នៅ​ក្រោម​វិធានការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​តម្រូវ​ឱ្យ​គោរព​កាតព្វកិច្ច​មួយ​ចំនួន ដូចជា​មិន​ត្រូវ​ចាកចេញ​ពី​បរិវេណ​លំនៅឋាន លើកលែងតែ​មាន​ការ​អនុញ្ញាត​ដោយ​ព្រះរាជអាជ្ញា​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត ក៏​មិន​តម្រូវ​ឱ្យ​ជួប​បុគ្គល​ណា​ម្នាក់ ទាំង​សញ្ជាតិ​ខ្មែរ និង​បរទេស ដោយ​ផ្ទាល់ ឬ​ប្រយោល តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្រៅពី​សមាជិក​គ្រួសារ​ឡើយ លើកលែងតែ​មាន​ការ​អនុញ្ញាត​ដោយ​ព្រះរាជអាជ្ញា​លើ​តម្រូវការ​ចាំបាច់​តែប៉ុណ្ណោះ។

អ្នក​នាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អំពាវនាវ​ឱ្យ​សហ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា ពិនិត្យ​មើល​ក្នុង​សាលក្រម​ឱ្យ​បាន​ច្បាស់ និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ក្នុង​ករណី​ដែល​សហ​មេធាវី​ទាំងនោះ​មាន​បំណង​ចង់​ជួប​លោក កឹម សុខា សូម​រៀបចំ​ការ​ស្នើសុំ​របស់​ខ្លួន​ជា​លាយលក្ខណ៍​អក្សរ តែ​ប្រសិនបើ​ក្នុង​ករណី​បន្ទាន់ សហ​មេធាវី​អាច​ធ្វើ​ការ​ស្នើសុំ​ដោយ​ផ្ទាល់​មាត់​មក​តំណាង​អយ្យការ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ករណី​នេះ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៤ មីនា កន្លងទៅ​ថា ក្រុម​មេធាវី​របស់​លោក កឹម សុខា ត្រូវតែ​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ជា​មុន​សិន ដើម្បី​ចូល​ជួប​លោក កឹម សុខា ព្រោះ​ជា​ការ​តម្រូវ​ដោយ​លក្ខខណ្ឌ​កំណត់​ក្នុង​សាលក្រម។ ជាង​នេះ​ទៀត ក៏​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អ្នក​គ្រប់គ្រង​ពន្ធនាគារ​ផង​ដែរ។

កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ សហ​មេធាវី​ការពារ​សិទ្ធិ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​ទទួល​បាន​ជំនួយ​មេធាវី​របស់​លោក កឹម សុខា ថា ពួកគេ​បាន​ទៅ​ផ្ទះ​លោក កឹម សុខា ដើម្បី​ជួប​កូនក្ដី​របស់​ខ្លួន​ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ប៉ុន្តែ​ត្រូវ​កងកម្លាំង​ស្លៀកពាក់​ស៊ីវិល​ដែល​យាម​នៅ​មុខ​ផ្ទះ បាន​រារាំង​មិន​ឱ្យ​ពួកគេ​ជួប​ជាមួយ​លោក កឹម សុខា ឡើយ ក្នុង​នោះ​ក្រុម​សមត្ថកិច្ច​បាន​ប្រាប់​មេធាវី​ទាំងនោះ​ឱ្យ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ជា​មុន​សិន។

សហ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា បញ្ជាក់​ថា ពួកគេ​មិន​អាច​អនុវត្ត​តាម​ការ​ណែនាំ​ដែល​ផ្ទុយ​នឹង​ច្បាប់ ក្រម និង​វិធាន​ជា​ធរមាន​ដែល​គ្រប់គ្រង​វិជ្ជាជីវៈ​មេធាវី​នោះ​ឡើយ។

សហ​មេធាវី​ទាំងនោះ​បញ្ជាក់​ថា មេធាវី​មិន​អាច​អនុវត្ត​សិទ្ធិ​បំពេញ​កាតព្វកិច្ច និង​ទំនួល​ខុសត្រូវ​ចំពោះ​លោក កឹម សុខា និង​រឿងក្ដី​បច្ចុប្បន្ន​របស់​គាត់​តទៅទៀត​បាន​ឡើយ ហើយ​សិទ្ធិ​ទទួល​បាន​ជំនួយ​មេធាវី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ដែល​លោក កឹម សុខា ត្រូវ​ទទួល​បាន ក៏​ត្រូវ​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ និង​មិន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​អ្នកដទៃ​ក្រៅពី​សាច់ញាតិ​ឡើយ ព្រមទាំង​ត្រូវ​ដកហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​ថែម​ទៀត។

ក្រោយ​ការ​សម្រេច​របស់​តុលាការ ផ្ទះ​របស់​លោក កឹម សុខា ត្រូវ​កងកម្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា​យាមកាម​ពេញ ២៤​ម៉ោង ក្នុង​ឯកសណ្ឋាន​ស៊ីវិល​គ្រប់​ច្រកល្ហក ដើម្បី​តាមដាន និង​ឃ្លាំមើល​ក្រែង​មាន​អ្នកដទៃ​ក្រៅពី​សាច់ញាតិ​លោក កឹម សុខា ចូល​ទៅ​ក្នុង​ផ្ទះ​នោះ។

កាលពី​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៣ វេទិកា​ពលរដ្ឋ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ការ​កាត់ក្តី​ទាំង​បំពាន​លើ​លោក កឹម សុខា ឲ្យ​មាន​ទោស​ក្បត់​ជាតិ មិនមែន​ត្រឹមតែ​ជា​ការ​ដើរ​ថយ​ក្រោយ​នៃ​ប្រជាធិបតេយ្យ​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្រឡាប់ចាក់​ទាំងស្រុង​ទៅវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស