31 C
Phnom Penh

លោក ហ៊ុន សែន ហៅ​រដ្ឋមន្ត្រី​របស់​ខ្លួន​ជាង ២០​ក្រសួង​ថា​ជា​មន្ត្រី​ខ្ជិល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ថា​នឹង​ទម្លាយ​លិខិត​របស់​រដ្ឋមន្ត្រី​ជាង ២០​ក្រសួង​នៅ​តាម​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រសិនបើ​ពួកគេ​នៅតែ​បន្ត​ធ្វើ​ឲ្យ​មាន​កំហុស​ឆ្គង ឬ​ខុស​អក្ខរាវិរុទ្ធ​ទៀត​នោះ។

បុរស​ខ្លាំង​កម្ពុជា​ដែល​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​បៀលប្រាយ នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា កន្លងមក​មាន​តែ​ក្រសួង​៤ ទេ ដែល​ធ្វើ​ការងារ​បាន​ល្អ គឺ​ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច ផង​ដែរ។

មេដឹកនាំ​រំលោភ​អំណាច​អចិន្ត្រៃយ៍​នៅ​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា កន្លងមក​មាន​រដ្ឋមន្ត្រី​មួយ​ចំនួន​បាន​ដាក់​លិខិត​មក​លោក​មិន​បាន​ចុះ​កាលបរិច្ឆេទ​នោះ​ទេ ហើយ​លោក​ក៏​បាន​សរសេរ​អក្សរ​ប៊ិក​ក្រហម​ត្រឡប់​ទៅវិញ​ដែរ ប៉ុន្តែ​រឿង​ដដែល​នេះ​នៅតែ​បន្ត​កើតមាន​រហូត​ដល់​ពេលនេះ។

មេដឹកនាំ​ខ្មែរ​ដែល​ដឹកនាំ​ប្រទេស​តាម​ប្រព័ន្ធ​ផ្ដាច់ការ លោក ហ៊ុន សែន ព្រមាន​ថា​លោក​នឹង​ទម្លាយ​លិខិត​របស់​រដ្ឋមន្ត្រី​មួយ​ចំនួន​ដែល​នៅតែ​បន្ត​ធ្វើ​ឲ្យ​មាន​កំហុស​ឆ្គង ឬ​ខុស​អក្ខរាវិរុទ្ធ តាម​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រសិនបើ​លិខិត​ពួកគេ​ដាក់​មក​លោក​នៅតែ​បន្ត​មាន​កំហុស​ទៀត​នោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មីនា នេះ​ថា ការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​អំពី​ភាព​ខ្ជីខ្ជា​របស់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន អាច​បណ្តាល​មកពី​ហេតុផល​ចម្បង​មួយ​ចំនួន ដូចជា​ពួកគេ​សំអាង​ថា​គ្មាន​បក្ស​ប្រឆាំង​រិះគន់ ហើយ​ក៏​អាច​មកពី​ពួកគេ​រវល់​តែ​ធ្វើ​កិច្ចការ​បក្ស ជាជាង​ការងារ​ប្រទេស​ជាតិ និង​អាច​មកពី​ភាព​គ្មាន​ការ​ទទួល​ខុសត្រូវ​ដែល​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​របស់​មន្ត្រី​ទាំងនោះ​ផង​ដែរ។

លោក សេក សុជាតិ លើកឡើង​ថា ប្រសិនបើ​មាន​គណបក្ស​ប្រឆាំង​រិះគន់​ដើម្បី​កែលំអ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល មន្ត្រី​ទាំងនោះ​ក៏​ប្រហែល​ជា​គ្មាន​ភាព​ខ្ជីខ្ជា​បែប​នេះ​ដែរ។ លោក​បន្ថែម​ថា ប្រព័ន្ធ​ដឹកនាំ​ដោយ​ឯក​បក្ស​ដែល​គ្មាន​គណបក្ស​ប្រឆាំង​ឃ្លាំមើល គឺជា​វិបត្តិ​មួយ​សម្រាប់​ធានា​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី ធ្លាប់​បាន​លើកឡើង​នៅ​ប្រទេស​អូស្ត្រាលី កាលពី​ពេល​ដែល​លោក​នៅ​មាន​ជីវិត​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន តែង​ពង្រីក​ក្រសួង​ឲ្យ​បាន​ច្រើន​ដើម្បី​ចែក​តំណែង​គ្នា ក្នុង​គោលដៅ​ពង្រឹង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​ការងារ​របស់​ពួកគេ​សម្រាប់​ប្រទេស​ជាតិ គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ។

បណ្ឌិត កែម ឡី លើកឡើង​ថា នៅ​ប្រទេស​ជឿនលឿន ដូចជា​ប្រទេស​អូស្ត្រាលី ជាដើម គេ​ព្យាយាម​បង្រួម​ក្រសួង​ដែល​មាន​ការងារ​ក្នុង​ទម្រង់​ដូច​គ្នា​ឲ្យ​ស្ថិតនៅ​តែ​មួយ​ក្រសួង​ប៉ុណ្ណោះ ដូចជា​ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង​បរិស្ថាន ជាដើម ចូល​មក​ក្នុង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តែ​មួយ​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​ខ្ជះខ្ជាយ​លុយ​ជាតិ ប៉ុន្តែ​កម្ពុជា​បែរ​ជា​ព្យាយាម​ពង្រាយ​ក្រសួង​ទាំងនេះ​ឲ្យ​កាន់តែ​ច្រើន​ទៅវិញ។

កាលពី​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ សមាជិក​គណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា សរុប​ទាំងអស់​មាន​ជាង ២៣០​រូប ប៉ុន្តែ​បើ​ទោះបីជា​នៅ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មិន​យក​រដ្ឋលេខាធិការ​ជា​សមាជិក​រដ្ឋាភិបាល​បន្ត​ទៀត​ក៏ដោយ ក៏​ពួកគេ​នៅតែ​បន្ត​ទទួល​ប្រាក់ខែ​ពី​រដ្ឋាភិបាល​ដដែល គ្រាន់​តែ​មាន​រូបភាព​ល្អ​មើល​ថា រដ្ឋាភិបាល​របស់​គាត់​មាន​សមាជិក​គណៈរដ្ឋមន្ត្រី​តិច​ជាង​មុន​ប៉ុណ្ណោះ។

ប្រទេស​កម្ពុជា​មាន​ក្រសួង​ស្ថាប័ន​ទាំងអស់ ២៨​ក្រសួង ហើយ​ក្រសួង​នីមួយៗ គឺ​មាន​រដ្ឋលេខាធិការដ្ឋាន​ចំនួន​មួយ​ដូចៗ​គ្នា​ទាំងអស់ ក្នុង​នោះ​មាន​ក្រសួង​ការពារ​ជាតិ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស