សត្វ​ផ្សោត​ឈ្មោល​ទម្ងន់ ១៦០​គីឡូក្រាម​ដែល​បាន​ស្លាប់​ដោយសារ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​មង នៅ​ឃុំ​កោះព្រះ ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៣។

បរិស្ថាន

WWF សោកស្តាយ​ដែល​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​ទម្ងន់​១៦០​គីឡូក្រាម​បាន​ស្លាប់

By ឌឹ ខេមបូឌា ដេលី

March 21, 2023

អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ ហៅ​កាត់​ថា WWF សម្ដែង​ការ​សោកស្តាយ​ចំពោះ​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​មាន​ទម្ងន់ ១៦០​គីឡូក្រាម​បាន​ស្លាប់ ដោយសារ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​មង។

បើ​តាម​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ WWF បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា នៅ​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ​នេះ​មាន​សត្វ​ផ្សោត​យ៉ាងហោចណាស់​ចំនួន ១០​ក្បាល​បាន​ស្លាប់ ហើយ ២៨​ក្បាល​បាន​ស្លាប់​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ។

ករណី​នេះ អង្គការ WWF បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ រៀបចំ​ដាក់​ចេញ​នូវ​វិធានការ​សមស្រប​បន្ទាន់ ដើម្បី​បញ្ឈប់​កុំ​ឲ្យ​សត្វ​ផ្សោត​រងគ្រោះថ្នាក់​ស្លាប់​បន្ត​ទៀត​ដោយសារ​ការ​នេសាទ​ខុស​ច្បាប់ ដូចជា​ការ​ប្រើ​មង​នេសាទ និង​ឧបករណ៍​ឆក់ ដែល​កំពុង​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត។

ចំណែក​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា សត្វ​ផ្សោត​ឈ្មោល​ដែល​ស្លាប់​កាលពី​ពេល​ថ្មីៗ​នេះ ស្ថិត​នៅ​តំបន់​អភិរក្ស​សត្វ​ផ្សោត​កោះ​កូនសត្វ ឃុំ​កោះព្រះ ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា សត្វ​ផ្សោត​ឈ្មោល​ដែល​ស្លាប់​មាន​ទម្ងន់ ១៦០​គីឡូក្រាម ប្រវែង ២,៣៨​ម៉ែត្រ និង​មាន​អាយុ​ប្រមាណ ២០​ឆ្នាំ ដែល​ការ​ស្លាប់​នេះ​ដោយសារ​មាន​ការ​ប្រើ​ឧបករណ៍​នេសាទ​មង ដោយ​មាន​ស្នាម​រយះ​នៅ​ផ្នែក​ពោះ ស្នាម​ជាប់​មង​នៅ​គល់​កន្ទុយ និង​ព្រុយ​ចំហៀង។

សេចក្ដី​ប្រកាស​បញ្ជាក់​ថា នៅ​តាម​បណ្តោយ​ដងទន្លេ​មេគង្គ​នៃ​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង មាន​សត្វ​ផ្សោត​ប្រមាណ ៩០​ក្បាល​កំពុង​រស់នៅ ហើយ​បច្ចុប្បន្ន​សត្វ​ផ្សោត​ទាំងនោះ​ក៏​កំពុង​រង​ការ​គំរាមកំហែង​ដោយ​ឧបករណ៍​នេសាទ​មង សន្ទូច​រនង និង​ឧបករណ៍​ឆក់ ស្រប​ពេល​ដែល​សត្វ​ផ្សោត​ពេញ​វ័យ​អាច​បន្ត​ពូជ​បាន​មាន​អាយុ​ចាប់ពី ៧​ឆ្នាំ ហើយ​មាន​កូន​ក្នុង​រយៈពេល ២​ឆ្នាំ​ម្តង។

ករណី​នេះ រដ្ឋបាល​ជលផល​អំពាវនាវ​ទៅ​ប្រជា​នេសាទ​នៅ​តំបន់​នោះ ឲ្យ​ឈប់​ប្រើប្រាស់​មង សន្ទូច​រនង និង​ឧបករណ៍​នេសាទ​មិន​ស្រប​ច្បាប់​ដទៃ​ទៀត​ក្នុង​តំបន់​សត្វ​ផ្សោត​រស់នៅ​ជាបន្ទាន់ ដើម្បី​ធានា​និរន្តរភាព​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ​សម្រាប់​ការ​ទាក់ទាញ​ទេសចរណ៍ បង្កើន​កេរ្តិ៍ឈ្មោះ​ប្រជាជាតិ និង​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​បាន​ស្គាល់ និង​ថែរក្សា​បន្ត ខណៈ​សត្វ​ផ្សោត​ឈ្មោល​ដែល​ស្លាប់​កាលពី​ពេល​ថ្មីៗ​នេះ គឺជា​សត្វ​ផ្សោត​ទី​មួយ​នៃ​ដើមឆ្នាំ​២០២៣។

កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២២ សត្វ​ផ្សោត​អ៊ីរ៉ាវ៉ាឌី (Irrawaddy) មួយ​ក្បាល​ដែល​មាន​អាយុ​ចន្លោះ​ពី ១៥​ឆ្នាំ​ទៅ ២០​ឆ្នាំ និង​មាន​ទម្ងន់ ១៦២​គីឡូក្រាម ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្បែរ​អន្លង់​មួយ​ជាប់​ព្រំប្រទល់​រវាង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ដោយសារ​ជាប់​មង​នេសាទ។

ក្រោយ​មក នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២ សត្វ​ផ្សោត​ញី​ពេញ​វ័យ​មួយ​ក្បាល​ទៀត​ដែល​មាន​អាយុ​ចន្លោះ ៧​ឆ្នាំ​ទៅ ១០​ឆ្នាំ​ទម្ងន់​ប្រហែល ៨៥​គីឡូក្រាម ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​អណ្ដែត​ទឹក​នៅ​ចំណុច​ឃុំ​កោះទ្រង់ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ដោយសារ​ជាប់​មង​នេសាទ​ដូចគ្នា​ដែរ៕