មេដឹកនាំខ្មែរលោក ហ៊ុន សែន ព្រមានថា ដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បញ្ជាឱ្យចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អាចនឹងធ្វើឱ្យមានសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើង ហើយអ្នកដែលរងគ្រោះខ្លាំងបំផុត គឺនៅក្នុងតំបន់អឺរ៉ុប និងទីស្នាក់ការរបស់តុលាការអន្តរជាតិ (ICC) តែម្តង។
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី១៩ មីនា បានអះអាងថា ការចោទប្រកាន់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លើប្រធានាធិបតីរុស្ស៊ី គឺជាការវិវឌ្ឍផ្នែកនយោបាយគួរឱ្យភ្ញាក់ផ្អើលមួយ ដែលនឹងធ្វើឱ្យប៉ះពាល់ទៅដល់ភូមិសាស្ត្រនយោបាយនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក។
មេដឹកនាំខ្មែរដែលចូលចិត្តគំរាមចាប់ចង លោក ហ៊ុន សែន អះអាងថា ដីកាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មិនមានអំណាចក្នុងការចាប់ខ្លួនជនសង្ស័យណាម្នាក់ដោយគ្មានកិច្ចសហប្រតិបត្តិការពីប្រទេសសាមីបានទេ។ លោកបន្ថែមថា ដីកានេះនឹងធ្វើឱ្យពិភពលោកកាន់តែបែកបាក់ និងឈានទៅរកសង្គ្រាមសម្រាប់ពិភពលោកទាំងមូលទៅវិញប៉ុណ្ណោះ។
មេដឹកនាំខ្មែរក្រាញអំណាចផ្ដាច់មុខនៅកម្ពុជារូបនេះលើកជាសំណួរថា ប្រសិនបើមានការចាប់ខ្លួនលោក ពូទីន នៅក្រៅប្រទេស តើអ្នកទទួលខុសត្រូវនៅក្នុងប្រទេសសុខចិត្តឱ្យគេចាប់ប្រធានាធិបតីរបស់ពួកគេ ឬយ៉ាងណា? លោក ហ៊ុន សែន បន្ថែមថា ចំណុចនេះហើយដែលឥឡូវនេះសង្គ្រាមនុយក្លេអ៊ែរស្ទើរតែក្លាយទៅជាការពិតទៅហើយនោះ។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជុំវិញការចោទប្រកាន់អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងផ្ទុះឡើងអស់រយៈពេលជាង ១ឆ្នាំមកនេះ។
ជុំវិញការប្រកាសចាប់ខ្លួនលោក ពូទីន នេះ រដ្ឋាភិបាលទីក្រុងមូស្គូ បានបដិសេធការចោទប្រកាន់ដែលថាកងកម្លាំងរបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅអំឡុងពេលសង្គ្រាមនៅអ៊ុយក្រែនដាច់អហង្ការ ខណៈរដ្ឋាភិបាលទីក្រុងគៀវ បានស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់តុលាការ ICC ដោយអះអាងថា ដីកាចាប់ខ្លួនលោក ពូទីន គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។
ដោយឡែកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក៏បានអបអរសាទរកាលពីពេលថ្មីៗនេះដែរថា ការចេញដីកាចាប់ខ្លួនលោក ពូទីន គឺជារឿងត្រឹមត្រូវ។
ទាក់ទិននឹងបញ្ហានេះ ប្រទេសអ៊ុយក្រែន បានអះអាងកាលពីពេលថ្មីៗនេះថា គិតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក កុមារអ៊ុយក្រែនជាង ១ម៉ឺន ៦ពាន់នាក់ហើយដែលត្រូវបានចាប់បញ្ជូនទៅប្រទេសរុស្ស៊ី។
អតីតអ្នកទោសនយោបាយ លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ មីនា នេះថា ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ហ៊ានរុញសង្គ្រាមនេះទៅដល់ការប្រើអាវុធនុយក្លេអ៊ែរ នោះមហាអំណាចសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលជាសមាជិកអង្គការណាតូ នឹងមិនបណ្តោយឱ្យលោក ពូទីន ធ្វើអ្វីៗស្រេចតែនឹងចិត្តនោះទេ។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា បើប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀរ ពូទីន ពិតជាចង់ឱ្យផ្ទុះសង្គ្រាមដោយការប្រើអាវុធនុយក្លេអ៊ែរមែននោះ មិនមែនត្រូវចាំរហូតមកដល់ពេលនេះហើយ ហើយរុស្ស៊ីនៅមិនទាន់ហ៊ានប្រើអាវុធនុយក្លេអ៊ែរនោះទេ។ លោកបន្ថែមថា នេះមានន័យថា លោក ពូទីន ក៏មានការប្រុងប្រយ័ត្នដែរ បើទោះបីជារុស្ស៊ីជាមហាអំណាចយោធាដែលមានអាវុធនុយក្លេអ៊ែរសន្ធឹកសន្ធាប់ក៏ដោយ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសបើកប្រតិបត្តិការយោធាលើប្រទេសអ៊ុយក្រែន ដែលគិតមកទល់នឹងពេលនេះមានរយៈពេលជាង ១ឆ្នាំហើយ ស្របពេលដែលកងទ័ពអ៊ុយក្រែនទប់ទល់នឹងការឈ្លានពាននេះចាប់តាំងពីផ្ទុះសង្គ្រាមមក ដែលពួកគេចាត់ទុកថាជាសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC មានមូលដ្ឋាននៅក្នុងទីក្រុងឡាអេ ប្រទេសហុឡង់ដ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីកាត់ទោសអ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មឈ្លានពាន ដែលមានសមាជិកចំនួន ១២៣ប្រទេសនាពេលបច្ចុប្បន្ននេះ៕