ក្រសួងការបរទេសជប៉ុន ប្រកាសព័ត៌មានថាលោកនាយករដ្ឋមន្ត្រី Fumio Kishida ត្រូវជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ក្នុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងគៀវ នៅថ្ងៃអង្គារនេះ។
ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo នៅថ្ងៃអង្គារ ទី២១ ខែមីនា បានស្រង់សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុន មកចុះផ្សាយថា លោក គីស៊ីដា នឹងបញ្ជាក់ប្រាប់ទៅលោក ហ្សេឡេនស្គី ពីការគោរពចំពោះវីរភាពក្លាហាន និងឆន្ទៈតស៊ូយ៉ាងមោះមុតរបស់ប្រជាជនអ៊ុយក្រែន ដែលក្រោកឈរឡើងដើម្បីការពារប្រទេសជាតិរបស់ខ្លួនក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។
បើតាមសេចក្ដីប្រកាសព័ត៌មាននេះ លោក គីស៊ីដា នឹងបង្ហាញផងដែរពីសាមគ្គីភាព និងការគាំទ្រឥតងាករេរបស់ជប៉ុន និងក្រុមប្រទេស G-7 ចំពោះប្រជាជនអ៊ុយក្រែន។
តាមទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ ទី២១ ខែមីនា នេះ មួយថ្ងៃបន្ទាប់ពីលោកបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងទីក្រុងញូវដេលី ហើយលោកត្រូវចេញដំណើរទៅរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន។
នេះជាលើកទីមួយហើយដែលមេដឹកនាំនៅអាស៊ីខាងកើត ធ្វើដំណើរទៅប្រទេសអ៊ុយក្រែន ដែលកំពុងហែកហួរដោយសង្គ្រាមឈ្លានពានពីមហាអំណាចរុស្ស៊ី ហើយជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី ត្រូវបានចាត់ទុកថាជាវីរជននៃប្រជាជនអ៊ុយក្រែន។ ជប៉ុនជាប្រទេសមួយក្នុងចំណោម ៥៤ប្រទេស ដែលតែងតែបញ្ជូនរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសទៅប្រជុំក្នុងក្រុមប្រទេសផ្ដល់ជំនួយទៅឱ្យអ៊ុយក្រែន។ តែសម្រាប់ជប៉ុន មិនទាន់ឃើញប្រកាសផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែន នោះទេ លើកលែងជំនួយសាច់ប្រាក់សុទ្ធ និងជំនួយមនុស្សធម៌។
យ៉ាងណា ការដែលនាយករដ្ឋមន្ត្រីជប៉ុន ទៅទីក្រុងគៀវ ហើយជួបនឹងប្រធានាធិបតីអ៊ុយក្រែន ត្រូវបានកត់ត្រាថាជាមេដឹកនាំប្រទេសឧស្សាហកម្មជឿនលឿន G-7 ចុងក្រោយគេហើយដែលទៅជាន់ដីប្រទេសមួយក្នុងទ្វីបអឺរ៉ុបកំពុងធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម។ វត្តមានរបស់នាយករដ្ឋមន្ត្រីជប៉ុន នៅលើទឹកដីអ៊ុយក្រែន គឺជាការបង្ហាញសាមគ្គីភាព និងការគាំទ្រឥតរួញរាចំពោះអ៊ុយក្រែន ក្នុងនាមជប៉ុនធ្វើជាប្រធាននៃក្រុមប្រទេស G-7 នៅឆ្នាំ២០២៣ នេះ។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន ទៅជួបលោក ហ្សេឡេនស្គី នៅថ្ងៃអង្គារ ទី២១ មីនា នេះ គឺមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីចិន ទៅជួបលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី។ ទស្សនកិច្ចរបស់លោក ស៊ី ទៅជួបលោក ពូទីន ក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះដែលលោក ពូទីន បានក្លាយជាជនត្រូវចោទពីបទឧក្រិដ្ឋកម្មសង្គ្រាមដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលមានមូលដ្ឋាននៅក្រុងឡាអេ ប្រទេសហុឡង់ដ៍។
លោក ស៊ី ជីនពីង និងលោក ពូទីន បានជួបប្រជុំគ្នាដោយបានពិភាក្សាពីខ្លឹមសារនៃឯកសារ ១២ចំណុចរបស់ប្រទេសចិន ស្ដីពីជម្លោះនៅអ៊ុយក្រែន ដែលក្នុងនោះរួមមានការអំពាវនាវឲ្យមានការសន្ទនាគ្នាឈានទៅរកការអនុវត្តបទឈប់បាញ់គ្នា។ ជំនួបថ្ងៃទី២ រវាងលោក ស៊ី ជីនពីង និងលោក ពូទីន ក្នុងក្រុងមូស្គូ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ គឺជាជំនួបផ្លូវការបន្ទាប់ពីជំនួបថ្ងៃទី១ មិនជាផ្លូវការកន្លងមកនោះមានរយៈពេលដល់ ៤ម៉ោងកន្លះ។ ក្នុងជំនួបនៅថ្ងៃទី២១ មីនា នេះ លោក ស៊ី ជីនពីង នឹងជជែកលម្អិតអំពីខ្លឹមសាររកសន្តិភាពទាំង ១២ចំណុចជាមួយនឹងលោក ពូទីន។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានថ្លែងបង្ហាញនូវការមិនទុកចិត្ត និងចោទថា ផែនការសន្តិភាពរបស់ប្រទេសចិនជុំវិញការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន អាចជាលេសក្នុងការពន្យារពេលដើម្បីជួយរុស្ស៊ីពង្រឹងកងទ័ពតែប៉ុណ្ណោះ។
ចំពោះវត្តមានរបស់មេដឹកនាំចិនក្នុងក្រុងមូស្គូ គឺជាដំណើរដែលចង់មកជួយរុស្ស៊ីនោះទៅវិញ។
ប្រមុខការទូតសហរដ្ឋអាមេរិកបានថ្លែងថា ពិភពលោកទាំងមូលមិនត្រូវចាញ់កលចំពោះវត្តមានមេដឹកនាំប្រទេសចិន ដែលមកជួបប្រធានាធិបតីរុស្ស៊ីនោះទេ។ លោក Anthony Blinken បានព្រមានទុកជាមុនថា ជំនួបរវាងមេដឹកនាំរុស្ស៊ី និងចិន បើរុស្ស៊ីយល់ព្រមឱ្យមានបទឈប់បាញ់គ្នា គឺជាល្បិចកិច្ចកលដែលរុស្ស៊ីត្រូវការពង្រឹងទ័ពរបស់ខ្លួនឡើងវិញ ដែលលោកថារុស្ស៊ីកំពុងចុះខ្សោយទ័ពថ្មើរជើង និងការថមថយសព្វាវុធ។
តាមគំនិតរបស់សហរដ្ឋអាមេរិក ការដកទ័ពរុស្ស៊ីទាំងអស់ចេញពីទឹកដីអ៊ុយក្រែន គឺជាកត្តាចាំបាច់នៃសញ្ញាបញ្ឈប់ការឈ្លានពាន។ តែនៅក្នុងផែនការសន្តិភាពរបស់ចិន ពុំមានបញ្ជាក់ត្រង់នេះទេ ហើយសូម្បីចំណុចអំពីអធិបតេយ្យភាពក៏ពុំបញ្ជាក់ច្បាស់លាស់ដែរ។
តែបែបនេះក្ដី ក្រសួងការបរទេសចិន អះអាងថា ប្រធានាធិបតី ស៊ី ជីនពីង អាចនឹងធ្វើទំនាក់ទំនងតាមប្រព័ន្ធវីដេអូ conference ជាមួយនឹងលោក ហ្សេឡេនស្គី ដើម្បីជជែកអំពីផែនការសន្តិភាពទាំង ១២ចំណុចដែលចិនស្នើឡើងនេះ។
អ្នកសង្កេតការណ៍មើលឃើញថា ចិនកំពុងចង់បង្ហាញថា ខ្លួនគេអព្យាក្រឹត្យ មិនលម្អៀងទៅរករុស្ស៊ីទេ ហើយក៏មិនលម្អៀងទៅរកអ៊ុយក្រែនដែរ។
តែបើលោក ស៊ី មិនបានទៅជួបលោក ហ្សេឡេនស្គី ដូចលោក អង់តេញូ គូតារ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានទៅជួបលោក ពូទីន នៅក្រុងមូស្គូ ហើយទៅជួបលោក ហ្សេឡេនស្គី នៅក្រុងគៀវ វាពុំមានសញ្ញាណាមួយបញ្ជាក់ថា ចិនកំពុងឈរនៅលើវិថីអព្យាក្រឹត្យនោះទេ ទោះជាជួបលោក ហ្សេឡេនស្គី តាមទូរស័ព្ទ ឬតាម ប្រព័ន្ធវីដេអូ conference ក៏ដោយនោះ៕