28 C
Phnom Penh

លោក ស ខេង ព្រួយបារម្ភ​បន្ទាប់ពី​ការ​បង្ក្រាប​និង​រឹបអូស​គ្រឿងញៀន​កើន​ជាង​៣០០%

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​ការ​ព្រួយបារម្ភ​បន្ទាប់ពី​អាជ្ញាធរ​បង្ក្រាប និង​រឹបអូស​គ្រឿងញៀន​ឆ្នាំ​២០២២ កើន​ជាង ៣០០% ដែល​ជា​ចំនួន​ច្រើន​លើសលប់​បើ​ធៀប​នឹង​ឆ្នាំ​២០២១។

ការ​ព្រួយបារម្ភ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្វើឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ត្រួតពិនិត្យ​ឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃទី​២១ ខែ​មីនា។

លោក ស ខេង ថ្លែង​ថា កម្ពុជា​បន្ត​រងគ្រោះ​ពី​ការ​ចរាចរ​គ្រឿងញៀន​ទាំង​តាម​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង​តាម​បញ្ញើ​ប្រៃសណីយ៍ ពិសេស​ករណី​រក្សាទុក កែច្នៃ ផលិត និង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស ទាំង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ នេះ។

លើស​ពី​នេះ​ទៀត លោក​ថា​ករណី​ផលិត​គ្រឿងញៀន​ប្រភេទ​កេតាមីន ដើម្បី​រក្សាទុក និង​ជួញដូរ​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​បាន​កើតមាន​ឡើង​បន្តបន្ទាប់​នៅ​តាម​អគារ​ខុនដូ បុរី លំនៅឋាន ផ្ទះ​ជួល និង​ទីតាំង​ដី​ឃ្លាំង​ជួល​សម្រាប់​ការ​វេច​ខ្ចប់​គ្រឿងញៀន​ក្នុង​ការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​តាម​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម និង​ការ​ដឹកជញ្ជូន​ចេញ​តាម​ច្រក​សមុទ្រ​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង។

លោក​បញ្ជាក់​ថា ឆ្នាំ​២០២២ កន្លងទៅ ទោះបី​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទាំង​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ និង​តំបន់​ក្ដី ដែល​មាន​ភាព​ស្មុគស្មាញ និង​គ្រោះថ្នាក់​គួរ​ឲ្យ​ព្រួយបារម្ភ ដោយសារ​ក្រុម​ឧក្រិដ្ឋជន​បាន​ធ្វើការ​ផ្លាស់ប្ដូរ​រូបភាព​កល​ល្បិច​វិធីសាស្ត្រ​ថ្មីៗ ក្នុង​នោះ​ការ​លួចលាក់​ផលិត និង​សំយោគ​បាន​កើនឡើង​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទាំង​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ តំបន់​ទាំងមូល រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក ស ខេង ស្នើ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី-ខេត្ត ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​អនុវត្ត​សកម្មភាព​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ដោយសារ​បច្ចុប្បន្ន​បទល្មើស​គ្រឿងញៀន​បាន​កើនឡើង​ខ្លាំង។

បើ​តាម​លោក កែ គឹមយ៉ាន បញ្ជាក់​ថា នៅ​ឆ្នាំ​២០២២ សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​រឹបអូស​គ្រឿងញៀន​បាន​ជាង ១៤​តោន កើន​ជាង ៣០០% បើ​ធៀប​ឆ្នាំ​២០២១ ដែល​ទំហំ​នេះ​មាន​ចំនួន​ច្រើន​លើសលប់​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ។ ចំពោះ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​ឆ្នាំ​២០២២ វិញ​មាន​ជាង ២​ម៉ឺន ២​ពាន់​នាក់ បាន​កើន​ជាង ៥​ពាន់​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០២១។

លោក កែ គឹមយ៉ាន បន្ត​ថា នៅ​ឆ្នាំ​២០២២ កន្លងទៅ សមត្ថកិច្ច​ក៏​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​បាន​ចំនួន ៦៣៩០​ករណី ក្នុង​នោះ​ឃាត់​ខ្លួន​ជនសង្ស័យ ១៥០០២​នាក់ ហើយ​ករណី​ធំៗ​ចំនួន ១៧៩​ករណី ដែល​ភាគច្រើន​ជា​ការ​បង្ក្រាប​សារធាតុ​គីមី​ផ្សំ។

បញ្ហា​គ្រឿងញៀន​កាលពី​ឆ្នាំ​២០១៧ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ប្រកាស​ក្ដែងៗ​ដោយ​ធ្វើ​យុទ្ធនាការ​បង្ក្រាប និង​ទប់ស្កាត់ ប៉ុន្តែ​ប្រយុទ្ធ​ប្រឆាំង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​បរាជ័យ ដោយសារ​បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា​បាន​កើនឡើង​ទ្វេដង។

បើ​តាម​អង្គការ​សហប្រជាជាតិ​ស្ដីពី​ឧក្រិដ្ឋកម្ម និង​គ្រឿងញៀន (UNODC) អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ បាន​បង្ហាញ​របាយការណ៍​ថ្មី​មួយ​រក​ឃើញ​ថា ប្រទេស​កម្ពុជា​ជា​គោលដៅ​ចម្បង​នៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រើប្រាស់​ជា​ទីតាំង​សម្រាប់​ការ​ចរាចរ​គ្រឿងញៀន ផលិត កែច្នៃ និង​ចែកចាយ​បន្ត ដែល​ថា​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ទាំងនោះ​ភាគច្រើន​ជា​ជនជាតិ​ចិន និង​ចិន​តៃវ៉ាន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស