បុរសខ្លាំង លោក ហ៊ុន សែន ប្រកាសជាសាធារណៈថា លោកជាអ្នកបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល កាលពីថ្ងៃទី២១ មីនា ត្រឹមតែជាង ១ម៉ោងប៉ុណ្ណោះ ព្រោះពួកគេប្រមាថព្រះចេស្តាព្រះមហាក្សត្រ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាថ្ងៃពុធ នេះ បុរសខ្លាំងក្រាញអំណាច លោក ហ៊ុន សែន ថ្លែងថា ការដែលសមត្ថកិច្ចចាប់ខ្លួនលោក យឹម ស៊ីណន បន្ទាប់ពីលោកបានបង្ហោះនៅលើហ្វេសប៊ុកថា «បើតាមសំឡេងពលរដ្ឋតាមហាងកាហ្វេ ថ្ងៃនេះយើងអាចឃើញច្បាស់ថានរណាជាស្ដេចផែនដីដីពិតប្រាកដ»។
ចំពោះការចាប់ខ្លួនលោក ហ៊ុន កុសល វិញ ដោយសារបានសរសេរសារបង្ហោះលើហ្វេសប៊ុកដោយធ្វើឲ្យមានការភ័ន្តច្រឡំ និងជាការប្រមាថព្រះចេស្ដាព្រះមហាក្សត្រ។
ក្រៅពីចោទប្រកាន់ហើយ បុរសខ្លាំងកាន់អំណាច ៣៨ឆ្នាំរូបនេះប្រកាសមិនលើកលែង និងអធ្យាស្រ័យឲ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល នោះឡើយ ទោះបីជាលោក យឹម ស៊ីណន បានលុបសារចេញវិញក៏ដោយ។ លោក ហ៊ុន សែន ក៏បានចោទប្រកាន់លើសកម្មជនគណបក្សសង្គ្រោះជាតិទាំងពីរនាក់ថា បានយករូបភាពកន្លែងបាំងក្លោះមកប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងរូបលោក។
លោកបានខំបកស្រាយទៀតថា មិនបានអង្គុយទន្ទឹមនឹងព្រះមហាក្សត្រដូចមានការបង្ហោះរូបភាពលើបណ្ដាញសង្គមឡើយ ដោយចាត់ទុកការបង្ហោះសារ និងរូបភាពនោះថាជាការបំភ្លៃការពិតក្នុងចេតនាប្រមាថលើរូបលោក និងព្រះមហាក្សត្រ។ ជាមួយគ្នានេះ លោកក៏បានការពារខ្លួនឯងចំពោះការថ្លែងនាថ្ងៃនេះថា មិនបានដាក់សម្ពាធទៅតុលាការដើម្បីឲ្យចោទប្រកាន់លើលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល នោះទេ ប៉ុន្តែការអះអាងនេះផ្ទុយពីការពិត ដោយសារលោកជំរុញឲ្យចាត់វិធានការ និងប្រកាសមិនលើកលែងសកម្មជនគណបក្សសង្គ្រោះជាតិទាំងពីរនេះ។
ទោះបីជាលោក ហ៊ុន សែន ប្រកាសក្ដែងៗតាំងខ្លួនជាអ្នកការពារព្រះមហាក្សត្រក្ដី ប៉ុន្តែលោកខ្លួនឯងនេះហើយដែលជាអ្នកប្រមាថអង្គព្រះមហាក្សត្រទាំងបច្ចុប្បន្ន និងកន្លងមកនោះ។
ជាក់ស្ដែង កន្លងមក លោកប្រកាសថា ទោះបីជាម៉ែស្ដេច និងឪស្ដេចក៏លោកមិនខ្លាចដែរ ខណៈកាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន បានគំរាមរំលាយរបបរាជានិយម ហើយដាក់ជំនួសមកវិញនូវរបបសាធារណរដ្ឋ ប្រសិនបើព្រះមហាក្សត្រមិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមស្ដីពីព្រំដែនកម្ពុជា-វៀតណាម។
ក្រោយពីចាប់ខ្លួននៅថ្ងៃពុធនេះ សមត្ថកិច្ចបានបញ្ជូនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ទៅតុលាការ ដើម្បីសាកសួរបន្ទាប់ពីបុរសខ្លាំងលោក ហ៊ុន សែន ចោទថាប្រមាថចំពោះអង្គព្រះមហាក្សត្រ។
លោក យឹម ស៊ីណន គឺជាអតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង។ លោកធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់» ពាក់ព័ន្ធរឿងដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក ហ៊ុន កុសល និងលោក យឹម ស៊ីណន នេះ នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក Phil Robertson អះអាងថា សេរីភាពនៃការបញ្ចេញមតិនឹងរលាយសាបសូន្យក្រោមរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ខណៈដែលការបោះឆ្នោតជាតិជិតចូលមកដល់ក្នុងខែកក្កដា។
លោកបន្តថា ការចែករំលែកមតិនៅលើហ្វេសប៊ុកអំពីពិធីរបស់រដ្ឋាភិបាលមិនគួរចាត់ទុកថាជាបទឧក្រិដ្ឋនោះទេ ដូច្នេះការពិត គឺសកម្មជននយោបាយ យឹម ស៊ីណន និងលោក ហ៊ុន កុសល មិនបានធ្វើអ្វីដែលពួកគេគួរត្រូវបានឃុំខ្លួននោះឡើយ។
លោកបន្តថា គ្មានមន្ត្រីណាម្នាក់ហ៊ានផ្គើននឹងការវាយតម្លៃរបស់លោក ហ៊ុន សែន ក្នុងពេលដ៏រសើបនេះទេ ដូច្នេះសកម្មជនទាំងពីរនាក់នេះទំនងជាប្រឈមមុខនឹងការឃុំខ្លួនរយៈពេលវែង អមដោយការកាត់ក្តីនៅតុលាការកង់ហ្គូរូលើបទចោទដោយប្រឌិត និងដោយហេតុផលនយោបាយ។
លោក Phil Robertson អះអាងថា ប្រសិនបើសិទ្ធិមនុស្ស និងយុត្តិធម៌នៅតែមានអត្ថន័យនៅក្នុងប្រទេសកម្ពុជា អ្នកទាំងពីរនេះគួរត្រូវបានដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយមិនមានការចោទប្រកាន់ណាមួយប្រឆាំងពួកគេនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន នៅថ្ងៃនេះបាននិយាយរួចហើយថា លោកនឹងមិនអត់ឱនឲ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល នោះឡើយ។
ក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជាចែងថា ជនណាដែលហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រនឹងត្រូវផ្ដន្ទាទោសដាក់គុកចំនួនប្រាំឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ឬ ២៥០០ដុល្លារក្នុងម្នាក់៕