29 C
Phnom Penh

លោក ហ៊ុន សែន៖ ប្រទេស​ខ្លះ​អាច​ចាប់​ជន​ក្បត់​ជាតិ​បាន ចុះ​ហេតុ​អ្វី​កម្ពុជា​អនុវត្ត​ច្បាប់​លើ​ជន​ក្បត់​មិន​បាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ព្រមាន​តាម​កម្ទេច​បក្ស​ប្រឆាំង​ក្រោម​លេស​ការពារ​សន្តិភាព លោក ហ៊ុន សែន លើកឡើង​ថា ប្រទេស​ខ្លះ​បាន​ចាប់​ខ្លួន​បុគ្គល​ដែល​គេ​បាន​ចោទ​ថា​ជន​ក្បត់​ជាតិ ហេតុ​អ្វី​ពួកគេ​មក​រិះគន់​កម្ពុជា​នៅ​ពេល​ដែល​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​លើ​ជន​ក្បត់​ជាតិ​ដែល​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា និង​ទម្លាក់​ព្រះមហាក្សត្រ​ខ្មែរ​ពី​រាជបល្ល័ង្ក។

នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​ប្ដេជ្ញា​បង្ក្រាប​បក្ស​ប្រឆាំង​ក្រោម​លេស​ការពារ​សន្តិភាព លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា នៅ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ការ​ប្រកាស​ប្ដេជ្ញា​ការពារ​សន្តិភាព​ម្តង​ហើយ​ម្តង​ទៀត​របស់​លោក គឺ​ដោយសារ​តែ​កម្ពុជា​នៅតែ​មាន​ជន​ក្បត់​ជាតិ​ដែល​មាន​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក និង​មាន​បំណង​រំលាយ​របប​រាជា​និយម​សព្វថ្ងៃ​នេះ។

មេដឹកនាំ​កម្ពុជា​ដែល​ក្តោប​ក្តាប់​អំណាច​តាម​បែប​សន្តតិវង្ស លោក ហ៊ុន សែន អះអាង​ថា ការ​ប្ដេជ្ញា​ការពារ​សន្តិភាព​របស់​លោក​ដោយ​បង្ក្រាប​លើ​ក្រុម​ក្បត់​ជាតិ មិនមែន​មាន​តែ​ប្រទេស​កម្ពុជា​នោះ​ទេ សូម្បី​ប្រទេស​អាល្លឺម៉ង់ ដែល​បាន​ប្រកាស​សន្តិភាព​តាំងពី​យូរ​ណាស់​មក​ហើយ​នោះ ក៏​នៅតែ​មាន​ការ​ចាប់​ខ្លួន​ក្រុម​ដែល​រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់ ចោទ​ថា​ជា​ជន​ក្បត់​ជាតិ​ដែរ ខណៈ​រដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​អនុវត្ត​ច្បាប់​ដើម្បី​ការពារ​សន្តិភាព​របស់​កម្ពុជា​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា នៅតែ​បន្ត​ព្រមាន​ដដែលៗ​ថា លោក​នឹង​ការពារ​សន្តិភាព​ឱ្យ​បាន ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ ព្រោះ​ថា​តាម​បទពិសោធន៍​ពី​អតីតកាល គ្មាន​នរណា​អាច​ស្មាន​បាន​ថា​ប្រទេស​កម្ពុជា​បាន​ផ្ទុះ​សង្គ្រាម​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ នោះ​ទេ ដូច្នេះ​ដើម្បី​កុំ​ឱ្យ​ដាន​ប្រវត្តិសាស្ត្រ​នេះ​កើតឡើង​ម្តង​ទៀត លោក​ត្រូវតែ​កម្ចាត់​អ្នក​ដែល​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា​ឱ្យ​បាន​ដាច់ខាត។

លោក ហ៊ុន សែន ព្រមាន​ខ្លាំងៗ​ថា ពួក​ក្បត់​ជាតិ​អាច​ជេរ ហ៊ុន សែន នៅ​ក្រៅ​ប្រទេស​បាន ប៉ុន្តែ​ពួកគេ​មិន​អាច​ជេរ ហ៊ុន សែន នៅ​ក្នុង​ប្រទេស​បាន​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពិត​មែន​តែ​កម្ពុជា​មិន​មាន​សំឡេង​គ្រាប់​ផ្លោង​ដាក់​គ្នា ដែល​មន្ត្រី​បក្ស​កាន់​អំណាច​អះអាង​ថា​មាន​សន្តិភាព ប៉ុន្តែ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច ធ្វើ​ឱ្យ​មាន​សំឡេង​ទ្រហោយំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទីកន្លែង ដោយសារ​ការ​រំលោភ​យក​ដីធ្លី ការ​ចាប់​ឃុំ​ខ្លួន​អ្នក​តវ៉ា​ដើម្បី​សេរីភាព និង​ការ​បិទ​ខ្ទប់​សេរីភាព​បញ្ចេញមតិ​គ្រប់​បែប​យ៉ាង​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ។

កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ​ជាង ៤០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​បង្កើត​ឱ្យ​មាន​នូវ​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​ការ​រំលោភ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ តាមរយៈ​នៃ​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​នានា ការ​បង្កើត​ឱ្យ​មាន​អំពើ​និទ្ទណ្ឌភាព​ជុំវិញ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដែល​រក​មុខ​ឃាតករ​ពិត​មិន​ឃើញ ការ​បង្កើត​អំពើពុករលួយ និង​ការ​រំលោភ​ច្បាប់​នានា​ដើម្បី​ការពារ​ផល​ប្រយោជន៍​សែស្រឡាយ​បក្ខពួក​ខ្លួនឯង ជាដើម ប៉ុន្តែ​ពួកគេ​បាន​យក​លេស​ការពារ​សន្តិភាព​មក​បិទ​បាំង​នូវ​ទង្វើ​ល្មើស​ច្បាប់​នេះ​ទៅវិញ ព្រោះតែ​ពួកគេ​មាន​អំណាច​ក្នុង​ដៃ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ដើម្បី​ឱ្យ​កម្ពុជា​មាន​សន្តិភាព និង​មាន​ស្ថិរភាព​នយោបាយ​ពិតប្រាកដ ទាល់តែ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅ​អនុវត្ត​ឱ្យ​បាន​ពេញលេញ ប៉ុន្តែ​ការ​ដឹកនាំ​តាម​របៀប​រំលោភ​បំពាន​ច្បាប់​របស់​រដ្ឋាភិបាល​ឯក​បក្ស​បច្ចុប្បន្ន​នេះ គ្រាន់តែ​ជា​សន្តិភាព​សម្រាប់​អ្នក​មាន​អំណាច​តែប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​ខ្មែរ​រស់​ក្នុង​ភាព​ភ័យ​ខ្លាច​ដូច​ក្នុង​សម័យ​សង្គ្រាម​ដដែល។

ប្រភព​ដដែល​លើកឡើង​ថា ការ​គ្រប់គ្រង និង​ការ​គាបសង្កត់​របស់​លោក ហ៊ុន សែន ដែល​ដឹកនាំ​ដោយ​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​យ៉ាង​ព្រៃផ្សៃ​សព្វថ្ងៃ​នេះ គឺជា​ភស្តុតាង​យ៉ាង​ជាក់ច្បាស់​ពី​ការ​បំផ្លាញ​សន្តិភាព និង​បង្ក​អសន្តិសុខ​ធ្ងន់ធ្ងរ​ដល់​ប្រទេស​កម្ពុជា​ទាំងមូល។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ ខណៈ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ដោះស្រាយ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​បាន​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ ក្រោម​លេស​ការពារ​សន្តិភាព​សព្វថ្ងៃ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស