ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើដំណើរចាកចេញពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ហើយនៅថ្ងៃពុធ ទី២២ មីនា នេះ បន្ទាប់ពីបានចូលរួមក្នុងជំនួបកំពូលជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។
ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា នេះ បានធ្វើសេចក្ដីរាយការណ៍ថាយន្តហោះដឹកលោក ស៊ី ជីនពីង បានចេញពីអាកាសយានដ្ឋាន Vnukovo នៃទីក្រុងមូស្គូ បន្ទាប់ពីមេដឹកនាំចិនទទួលការសាទរនៃការជូនដំណើរដោយការប្រគំបទភ្លេងជាតិរុស្ស៊ី និងចិន។
វត្តមានរបស់ប្រធានាធិបតីចិន នៅក្រុងមូស្គូ ធ្វើឱ្យលោក ស៊ី ជីនពីង ក្លាយជាមេដឹកនាំនៃប្រទេសមហាអំណាចនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដំបូងគេដែលបានចាប់ដៃលោក ពូទីន តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ករណីឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។
លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅរុស្ស៊ី រយៈពេល ៣ថ្ងៃដោយចាប់ផ្ដើមកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក។ លោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយសមភាគីរុស្ស៊ី របស់លោក គឺលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដែលជាការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរចូលក្នុងយុគសម័យថ្មីមួយនៃកិច្ចសហប្រតិបត្តិការ ខណៈមេដឹកនាំទាំងពីរពិភាក្សាគ្នាជុំវិញជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលក្រុមបស្ចិមប្រទេសចាត់ទុកជាសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
នៅក្នុងជំនួបនោះ លោក ស៊ី ប្រកាសពីការចុះកិច្ចព្រមព្រៀងមួយធ្វើឡើងបន្ទាប់ពីបានជួបពិភាក្សាជាមួយលោក ពូទីន នៅឯវិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ។ នាឱកាសនោះ លោកប្រធានាធិបតីចិន បានបញ្ជាក់ថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍មួយស្ដីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងទំនាក់ទំនងទ្វេភាគីក្នុងយុគសម័យថ្មីនេះ។
តែជាមួយគ្នានេះ លោក ស៊ី ទទូចថា ចិន និងរុស្ស៊ី គួរតែធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
ចំពោះលោក ពូទីន វិញ ក៏បានលើកឡើងថា រាល់កិច្ចព្រមព្រៀងទាំងអស់ត្រូវបានសម្រេចឡើង គឺជាអាទិភាពទាំងរុស្ស៊ី និងចិន។
នៅក្នុងដំណើរទស្សនកិច្ចនៅក្រុងមូស្គូ នេះ លោក ស៊ី ក៏បាននាំទៅជាមួយនូវផែនការសន្តិភាព ១២ចំណុចរបស់ចិន ដែលមានក្រុងប៉េកាំង ចង់ដើរតួនាទីជាយន្តការីដើម្បីពន្លត់ភ្នក់ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
វិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទទួលយកសំណើរបស់ចិន ដែលចង់ធ្វើជាអ្នកសម្របសម្រួលឱ្យមានការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយទៅកាន់អ្នកសារព័ត៌មានថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែន ដែលស្នើឡើងដោយទីក្រុងប៉េកាំង។ លោក Peskov បាននិយាយថា លោក ពូទីន និងលោក ស៊ី ជីនពីង ផ្លាស់ប្ដូរទស្សនៈស្ដីពីអ៊ុយក្រែន ហើយពិតណាស់ប្រធានាធិបតី ពូទីន បានផ្តល់ការពន្យល់យ៉ាងទូលំទូលាយដើម្បីឱ្យលោកប្រធានាធិបតី ស៊ី អាចយល់ពីស្ថានភាពនៅអ៊ុយក្រែន ដែលជាជំហររបស់រុស្ស៊ី។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ជាខួបមួយឆ្នាំនៃសង្គ្រាមលើទឹកដីអ៊ុយក្រែន ដែលជាសង្គ្រាមមហាអំណាចរុស្ស៊ី ឈ្លានពានប្រទេសដែលមានព្រំដែនជាប់គ្នា។ ចិនបានបញ្ចេញផែនការសន្តិភាព ១២ចំណុចរបស់ខ្លួន ដោយអំពាវនាវឱ្យមានការសន្ទនារវាងភាគីទាំងពីរ តែមិនបានរួមបញ្ចូលផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនោះទេ ព្រោះតែដូចនេះហើយបាននាំឱ្យប្រធានាធិបតីអ៊ុយក្រែន សុំជួបលោក ស៊ី ដោយផ្ទាល់ដើម្បីសុំបន្ថែម ២ចំណុចទៀត។
ពីរចំណុចនោះ លោក ហ្សេឡេនស្គី ស្នើឱ្យរុស្ស៊ីដកទ័ពឱ្យអស់ចេញពីដែនដីអ៊ុយក្រែន គឺទន្ទឹមគ្នានឹងការប្រកាសបទឈប់បាញ់គ្នា ហើយទី២ ទាមទារឱ្យរុស្ស៊ីទទួលស្គាល់ព្រំដែនរួមរុស្ស៊ី-អ៊ុយក្រែន នៅឆ្នាំ១៩៩១ ដែលក្នុងនោះឧបទ្វីបគ្រីមៀរ ស្ថិតក្នុងដែនដីរបស់អ៊ុយក្រែន។
គ្រីមៀរ ត្រូវរុស្ស៊ីយកបានពីអ៊ុយក្រែន នៅខែមីនា ឆ្នាំ២០១៤ តាមរយៈការបោះឆ្នោតផ្ដាច់ទឹកដីតំបន់សមុទ្រខ្មៅមួយនេះទៅឱ្យរុស្ស៊ី ដោយមានការយល់ព្រម និងការចុះហត្ថលេខារបស់អតីតប្រធានាធិបតីអ៊ុយក្រែន លោក វីចទ័រយ៉ាណា កូវិច។ បុរសនេះរួមនឹងគ្រួសារ បានរត់ទៅនៅរុស្ស៊ីភ្លាមៗចំពេលប្រជាជន និងកងទ័ពអ៊ុយក្រែន បះបោរទម្លាក់លោកពីអំណាច។ ប្រជាជនអ៊ុយក្រែន កាត់ទោសលោកពីទោសក្បត់ជាតិ ព្រោះតែចុះហត្ថលេខាកាត់ទឹកដីឱ្យរុស្ស៊ី។
សហរដ្ឋអាមេរិកតាមរយៈអ្នកនាំពាក្យបាននិយាយថា ក្រុងវ៉ាស៊ីនតោនមើលមិនឃើញថាចិនសក្ដិសមជាអ្នកសម្របសម្រួលដោយអព្យាក្រឹតរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន នោះទេ។ នេះជាការវាយប្រហារដោយផ្ទាល់ជាថ្មីទៀតរបស់សហរដ្ឋអាមេរិក ចំពោះចិនដែលកំពុងព្យាយាមលើកកម្ពស់តួនាទីជាអ្នកស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ខណៈក្រុងប៉េកាំង មិនបានចូលរួមថ្កោលទោសរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីនោះទេ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោនមើលមិនឃើញត្រង់ណាដែលចិនជាអាចដើរតួនាទីជាប្រទេសអព្យាក្រឹត្យនោះទេ ហើយមិនសមជាអ្នកសម្របសម្រួលជួយឱ្យជនរងគ្រោះបានរួចពីការឈ្លានពានរបស់រុស្ស៊ីនោះទេ។
លោក Kirby បន្ថែមថា ចិនមិនបានថ្កោលទោសរុស្ស៊ីនោះទេចំពោះសង្គ្រាមឈ្លានពានលើអ៊ុយក្រែន ហើយនៅតែបន្តទិញប្រេងពីរុស្ស៊ី ទោះបីជាប្រទេសជាច្រើនកំពុងដាក់ទណ្ឌកម្មលើឧស្សាហកម្មថាមពលរបស់រុស្ស៊ីក៏ដោយ។
ទោះជាយ៉ាងណា លោក John Kirby អះអាងថា សហរដ្ឋអាមេរិកនៅតែចង់រក្សាការទំនាក់ទំនងជាមួយចិន។ តែព្រមានចិនកុំឱ្យក្លាយជាប្រទេសជួយបន្តឱ្យរុស្ស៊ីមានលទ្ធភាពធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន ដែលលោកថាការលួចជួយផ្ដល់អាវុធទៅឱ្យរុស្ស៊ី ជាប្រទេសឈ្លានពាន និងរំលោភធ្ងន់ធ្ងរធម្មនុញ្ញអង្គការសហប្រជាជាតិ គឺក្រុងប៉េកាំងអាក្រក់បំផុត៕