34 C
Phnom Penh

លោក ហ៊ុន សែន ចុះហត្ថលេខា​ច្រឡំ​កាត់​ដី​រដ្ឋ​លើស​ជាង​៦០​ហិកតារ​ឱ្យ​ក្រុមហ៊ុន​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​ច្រឡំ​ប្រគល់​ដី​រដ្ឋ​លើស​ដល់​ទៅ​ជាង ៦០​ហិកតារ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ឲ្យ​ក្រុមហ៊ុន រាម ស៊ីធី លែន អែន ហៅស៍ (Ream City Land and House) ធ្វើជា​កម្មសិទ្ធិ​ឯកជន​ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​ទម្លាយ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ ដើម្បី​លុប​អនុក្រឹត្យ​ចាស់​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ច្រឡំ​ផ្តល់​ដី​រដ្ឋ​នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទំហំ ៦៩​ហិកតារ និង ៩៩​អា កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២២ វិញ។

មេដឹកនាំ​ខ្មែរ​ដែល​ត្រៀម​កាត់​ដី​រដ្ឋ ១​លាន​ហិកតារ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើជា​កម្មសិទ្ធិ​នៅ​ទូទាំង​ប្រទេស លោក ហ៊ុន សែន បាន​សម្រេច​កែសម្រួល​ខ្លឹមសារ​អនុក្រឹត្យ​ចាស់​ដែល​បាន​ផ្តល់​ដី​ឱ្យ​ក្រុមហ៊ុន Ream City Land and House មក​ជា​ទំហំ ៩​ហិកតារ ៤៧​អា និង ៥៥​សង់ទីអា វិញ ដោយ​ផ្អែក​លើ​ស្មារតី​អនុក្រឹត្យ​ដែល​លោក​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​០៥ ខែ​តុលា ឆ្នាំ​២០២២ កន្លង​ទៅ​នោះ។

កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ប្រគល់​ដី​រដ្ឋ​ឱ្យ​ក្រុមហ៊ុន Ream City Land and House ធ្វើជា​កម្មសិទ្ធិ​ឯកជន​ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទំហំ ៦៩​ហិកតារ និង ៩៩​អា តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ជា​ថ្នូរ​ដែល​ក្រុមហ៊ុន​បាន​ផ្ដល់​កញ្ចប់​ថវិកា​ចំនួន ១០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ចំណាយ​ក្នុង​ការ​សាងសង់​អគារ​ថ្មី​នៃ​សាលា​ខេត្ត​ព្រះសីហនុ និង​កញ្ចប់​ថវិកា​មួយ​ចំណែក​ទៀត​ដែល​បាន​ចំណាយ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ក្នុង​ខេត្ត​នេះ។

អង្គការ Client Earth បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​ថា ជាង ៤០% នៃ​ផ្ទៃដី​របស់​កម្ពុជា ឬ​ប្រហែល ៧,៥​លាន​ហិកតារ ត្រូវ​បាន​បែងចែក​ជា​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ចំណោម​តំបន់​ការពារ ៥៣​ផ្សេង​ទៀត។

ភាគច្រើន​នៃ​តំបន់​ទាំងនេះ​ត្រូវ​បាន «ការពារ» តែ​ឈ្មោះ​ប៉ុណ្ណោះ និង​បាន​រងគ្រោះ​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​គិត​តាំងពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ការ​ចូល​ទៅ​រស់នៅ​កាន់កាប់​បង្កើត​ជា​ភូមិ​មក​ជាច្រើន​ទសវត្ស ដូចជា​ករណី​នៅ​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​នៅ​ព្រៃឡង់ ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន​១៥ រួមមាន​ខេត្ត​ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​តាកែវ ជាដើម ដើម្បី​ត្រៀម​ធ្វើ​អនុបយោគ និង​បែងចែក​សម្រាប់​កម្មសិទ្ធិ​ឯកជន​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នានា​ដើម្បី​ធ្វើការ​អភិវឌ្ឍ។

ទាក់ទិន​នឹង​ការ​បែងចែក​ដី​រដ្ឋ​ឱ្យ​បុគ្គល​ឯកជន និង​ក្រុមហ៊ុន​ឯកជន​នេះ ឧកញ៉ា​ដែល​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន ជាច្រើន​នាក់ រួម​ទាំង​សាច់ញាតិ និង​កូនបង្កើត​របស់​គាត់​ផង បាន​ទទួល​ដី​រដ្ឋ​ជាច្រើន​រយ​ហិកតារ​ធ្វើជា​កម្មសិទ្ធិ ដូចជា​ឧកញ៉ា ពុង ឃាវសែ ឧកញ៉ា សេង ញ៉ក និង​ភរិយា គឺ​អ្នកស្រី លី អាផណ និង​ឧកញ៉ា លី យ៉ុងផាត់ ជាដើម ដែល​មាន​រហស្សនាម​ថា​ស្ដេច​កោះកុង​សព្វថ្ងៃ​នេះ។ ជាង​នេះ​ទៀត អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី ដែល​ត្រូវ​ជា​កូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន ក៏​ទទួល​បាន​ដី​រដ្ឋ​រាប់​រយ​ហិកតារ​ផង​ដែរ។

មន្ត្រី​អង្គការ​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ចំនួន ២​ស្ថាប័ន រួមមាន​អង្គការ​លីកាដូ (LICADHO) និង​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់ ស៊ី.អិន.រ៉ូ (CNRO) ប្រចាំ​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​បង្ហាញ​កង្វល់​កាលពី​ពេល​កន្លងទៅ​ថា សព្វថ្ងៃ​នេះ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋាភិបាល​បាន​រក្សា​ទុក​កំពុង​រង​ការ​បំផ្លាញ និង​ពុះ​ច្រៀក​ធ្វើ​កម្មសិទ្ធិ​ឯកជន​ឱ្យ​ទៅ​អ្នក​មាន​ទ្រព្យធន និង​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ព្រោងព្រាត​បច្ចុប្បន្ន​នេះ។

ការ​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ដែល​ត្រូវ​កាត់​ដី​រដ្ឋ​ទំហំ ៦៩​ហិកតារ ៩៩​អា មក​ជា ៩​ហិកតារ ៤៧​អា ៥៥​សង់ទីអា ដែល​លើស​ដល់​ទៅ ៦០​ហិកតារ និង ៤៤​អា​នេះ គេ​នៅ​មិន​ដឹង​ថា តើ​លោក ជា សុផារ៉ា ស្នើ​ច្រឡំ ឬ​លោក ហ៊ុន សែន ខ្លួនឯង​ចុះហត្ថលេខា​ដោយ​មិន​មើល​សំណើ​នោះ​ទេ ទើប​មាន​ការ​ចេញ​អនុក្រឹត្យ​ថ្មី​លុប​អនុក្រឹត្យ​ចាស់​របស់​ខ្លួន​បែប​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស