ក្រុមអ្នកតស៊ូមតិ ព្រមានថា លោក ហ៊ុន សែន មានការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មធំៗទាំងអស់ដែលកើតមាននៅក្នុងប្រទេសកម្ពុជា ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មឈ្លានពាន ឧក្រិដ្ឋកម្មបែបភេរវកម្មរដ្ឋ ឬឧក្រិដ្ឋកម្មបែបបណ្ដាញ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២៧ ខែមីនា នេះថា ការកាត់ទោសមេដឹកនាំខ្មែរក្រហមពីសំណាក់តុលាការកូនកាត់អន្តរជាតិ (ECCC) ឬហៅថាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានកាត់ឱ្យមេដឹកនាំខ្មែរក្រហមទាំងអស់ឲ្យមានទោសពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដូច្នេះលោក ហ៊ុន សែន ក៏ជាប់ក្នុងឧក្រិដ្ឋកម្មនេះដែរ ព្រោះលោក ហ៊ុន សែន ក៏ជាមនុស្សម្នាក់ដែលមានតួនាទី និងមានអំណាចបញ្ជាឱ្យសម្លាប់មនុស្សក្នុងសម័យនោះដែរ។
លោក គឹម សុខ ពន្យល់ថា មូលហេតុដែលលោក ហ៊ុន សែន មិនត្រូវបានកាត់ទោសដូចមេដឹកនាំខ្មែរក្រហមដទៃទៀត ដោយសារតែគាត់បានរៀបចំឱ្យតុលាការនេះមានអំណាចយុត្តាធិការតែក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលដែលគាត់កំពុងដឹកនាំប៉ុណ្ណោះ ដូច្នេះតុលាការនេះមិនមានអំណាចកាត់ក្តីលើបរទេសដែលជាប់ពាក់ព័ន្ធក្នុងរបបប្រល័យពូជសាសន៍ ដូចជាវៀតណាម និងអតីតមេដឹកនាំខ្មែរក្រហម ដូចជាលោក ហោ ណាំហុង លោក ហេង សំរិន និងលោក ហ៊ុន សែន ជាដើមបានឡើយ។
អ្នកវិភាគឯករាជ្យរូបនេះអះអាងថា គោលគំនិតរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មានបំណងបង្កើតតុលាការអន្តរជាតិឯករាជ្យមួយដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហមទាំងអស់ រួមទាំងបរទេសជិតខាងដែលឈ្លានពានកម្ពុជា ក្រោមលេសផ្តួលរំលំរបបប្រល័យពូជសាសន៍ក្នុងអំឡុងទសវត្សឆ្នាំ១៩៧០ ផងដែរ ប៉ុន្តែដើម្បីរារាំងផែនការនេះ លោក ហ៊ុន សែន បានប្រឆាំងដាច់ខាតរហូតឈានដល់ការធ្វើរដ្ឋប្រហារនៅថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ដើម្បីទម្លាក់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ពីនាយករដ្ឋមន្ត្រីទី១ នៅពេលនោះតែម្តង។
លោក គឹម សុខ អះអាងថា ក្រៅពីជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មមនុស្សជាតិ លោក ហ៊ុន សែន ក៏បានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមផងដែរអំឡុងពេលធ្វើរដ្ឋប្រហារឆ្នាំ១៩៩៧ នោះ ដោយសារតែកងកម្លាំងប្រដាប់អាវុធដែលស្ថិតក្រោមការបញ្ជារបស់លោក ហ៊ុន សែន បានសម្លាប់ឈ្លើយសឹកដែលបានសារភាពចុះចាញ់រាប់រយនាក់ ដែលពួកគេគឺសុទ្ធសឹងតែជាកងទ័ពស្មោះស្ម័គ្រនឹងរាជានិយម។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន ក៏បានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មឈ្លានពានរបស់វៀតណាមលើទឹកដីកម្ពុជា ជុំវិញផែនការ «ក៥» ដែលវៀតណាមបានប្រើគាត់ជាឧបករណ៍នៅពេលនោះដែរ ព្រោះផែនការនេះមានចេតនាសម្លាប់បុរសខ្មែរពេញកម្លាំងរហូតដល់ទៅជាង ២០ម៉ឺននាក់ នៅអំឡុងឆ្នាំ១៩៨៥ ក្នុងបំណងធ្វើឲ្យកម្លាំងការពារជាតិរបស់កម្ពុជាចុះខ្សោយ។
អ្នកវិភាគឯករាជ្យរូបនេះបញ្ជាក់ថា ក្រោយពីឧក្រិដ្ឋកម្មទាំង ៣ នេះ លោក ហ៊ុន សែន ក៏បានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មមួយទៀតដែរ គឺឧក្រិដ្ឋកម្មបែបភេរវកម្មរដ្ឋ ឬឧក្រិដ្ឋកម្មបែបបណ្ដាញ ព្រោះថារដ្ឋាភិបាលក្រោមការដឹកនាំរបស់គាត់ បានបង្កើតឱ្យមានអំពើឃាតកម្មក្រៅប្រព័ន្ធច្បាប់យ៉ាងអនាធិបតេយ្យចាប់តាំងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ពេលនេះ ដែលឃាតកម្មទាំងនោះមិនត្រូវបានរដ្ឋាភិបាលចាប់ឃាតករពិតយកមកផ្ដន្ទាទោសឡើយ ដូចជាឃាតកម្មទៅលើសកម្មជនព្រៃឈើ លោក ឈុត វុទ្ធី មេដឹកនាំសហជីព លោក ជា វិជ្ជា ព្រះភិក្ខុ សំ ប៊ុនធឿន និងអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត កែម ឡី ជាដើម។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាមលើប្រទេសអ៊ុយក្រែន កាលពីពេលថ្មីៗនេះ ដែលទង្វើរបស់លោក ពូទីន នៅពេលនេះត្រូវគេមើលឃើញថាមិនខុសពីទង្វើរបស់លោក ហ៊ុន សែន ដែលធ្លាប់បានប្រព្រឹត្តលើពលរដ្ឋខ្មែររាប់លាននាក់កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ រហូតដល់បច្ចុប្បន្ននេះដែរ។
រដ្ឋប្រហារបង្ហូរឈាមថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ត្រូវគេចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមដែលមានលោក ហ៊ុន សែន ជាមេខ្លោង ព្រោះថាកម្លាំងកងទ័ពដែលលោក ហ៊ុន សែន ជាអ្នកបញ្ជាបានធ្វើទារុណកម្ម និងសម្លាប់ឈ្លើយសឹកដែលបានសារភាពចុះចាញ់គ្មានអាវុធក្នុងដៃយ៉ាងព្រៃផ្សៃ ដែលជាការរំលោភបំពានអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីអំពីច្បាប់សង្គ្រាមយ៉ាងធ្ងន់ធ្ងរ។
ក្នុងនោះ គេបានរកឃើញសាកសពកងទ័ពរាជានិយមដែលត្រូវគេសម្លាប់ ហើយកប់ក្នុងដីរាក់ៗដែលដៃទាំងសងខាងត្រូវជាប់ចំណង ភ្នែកទាំងគូត្រូវគេខ្វេះ និងដងខ្លួនពោរពេញដោយស្នាមជាំគ្រប់កន្លែង ដែលបង្ហាញពីការធ្វើទារុណកម្មសួរចម្លើយមុននឹងឈ្លើយសឹកទាំងនោះត្រូវគេសម្លាប់។
ទាក់ទិននឹងបញ្ហានេះ អតីតនាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ទទួលបន្ទុកកិច្ចការតំបន់អាស៊ី លោក ប្រ៊ែដ អាដាមស៍ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរបាយការណ៍មួយដែលបានផ្ញើទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែតុលា ឆ្នាំ១៩៩៧ ថា បើផ្អែកតាមអង្គហេតុដែលប្រមូលបានទាក់ទងនឹងការសម្លាប់ឈ្លើយសឹកនៃមន្ត្រីយោធា និងប៉ូលិសរបស់គណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងព្រឹត្តិការណ៍បង្ហូរឈាមនោះ អាចបញ្ជាក់បានថា លោក ហ៊ុន សែន គឺជាអ្នកដែលត្រូវតែទទួលខុសត្រូវចំពោះអំពើឃាតកម្មដ៏ឃោរឃៅក្រៅប្រព័ន្ធច្បាប់នេះទាំងស្រុង៕