41.3 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល​ថា​កម្ពុជា​នឹង​ដើរ​ចូល​ទៅ​ក្នុង​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​បោះបង់​ចោល​ការ​អនុវត្ត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ នោះ​កម្ពុជា​នឹង​ដើរ​ចូល​ទៅ​ក្នុង​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​ខ្លួន​ដូច​ដែល​ធ្លាប់​កើតមាន​មុន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​នឹង​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ​តាម​របប​នយោបាយ​ផ្ដាច់ការ។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៨ មីនា ថា ប្រសិនបើ​ប្រទេស​កម្ពុជា​បាត់បង់​លទ្ធិប្រជាធិបតេយ្យ នោះ​ពិត​ណាស់​កម្ពុជា​នឹង​ប្តូរ​មក​នូវ​របប​ផ្ដាច់ការ ហើយ​របប​នេះ​នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ច្បាប់​ទាំងអស់ ជាពិសេស​គឺ​រដ្ឋធម្មនុញ្ញ ដើម្បី​គាបសង្កត់​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​ជា​ការ​ប្តូរ​មក​វិញ​នូវ​ការ​បើក​សិទ្ធិ​កាន់តែ​ធំ​ទូលាយ​សម្រាប់​អ្នក​មាន​អំណាច ដែល​ពួកគេ​អាច​ធ្វើ​អ្វីៗ​ស្រេច​តែ​នឹង​ចិត្ត។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រូប​នេះ​ព្រមាន​ថា នៅ​ពេល​ដែល​អំណាច​របស់​អ្នក​ដឹកនាំ​អាច​គាបសង្កត់​ទៅ​លើ​ច្បាប់​កំពូល​របស់​ប្រទេស​បាន​ហើយ​នោះ ពលរដ្ឋ​ដែល​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ នឹង​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​គ្រប់​បែប​យ៉ាង ដូចជា​ការ​ចោទ​ពី​បទ​ក្បត់​ជាតិ ជាដើម ក្រោម​លេស​ថា​ការ​ទាមទារ​របស់​ពួកគេ គឺ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ ឬ​ច្បាប់​នានា​ដែល​មាន​ចែង ខណៈ​ច្បាប់​នោះ​ត្រូវ​បាន​គេ​កែប្រែ​ដើម្បី​បម្រើ​មហិច្ឆតា​របស់​អ្នក​មាន​អំណាច​ទៅ​ហើយ​នោះ។

លោក ស្រ៊ុន ស្រ៊ន សង្កត់​ធ្ងន់​ថា ប្រសិនបើ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ដឹកនាំ​តាម​បែប​កុម្មុយនីស្ត​ផ្ដាច់ការ សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នឹង​បាត់បង់​ទាំងអស់ ខណៈ​ប្រយោជន៍​សេដ្ឋកិច្ច​នយោបាយ​របស់​កម្ពុជា​ជាមួយ​ប្រទេស​លោក​សេរី ក៏​នឹង​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ ហើយ​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា​ក៏​ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ​ថែម​ទៀត ទាំង​ការ​បាត់បង់ និង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​បរទេស​ឈ្លានពាន​ផង​ដែរ។

លោក មាស ជា អនុប្រធាន​ទី​១ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-USA) បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ដើម្បី​ថែរក្សា​សន្តិភាព​ឱ្យ​បាន​ពេញលេញ និង​ជា​និរន្ត កម្ពុជា​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ការ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ឱ្យ​បាន​រឹងមាំ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​នោះ​ទេ។

លោក មាស ជា ត្អូញត្អែរ​ថា ជា​អកុសល ប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​មាន​តែ​គ្រោង​ឆ្អឹង ឬ​មាន​តែ​ឈ្មោះ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង គឺ​ផ្ទុយ​ស្រឡះ​ពី​ខ្លឹមសារ​ដើម​នៃ​ច្បាប់​កំពូល​នេះ ហើយ​ការ​ដឹកនាំ​ដែល​ប្រាសចាក​ពី​លទ្ធិប្រជាធិបតេយ្យ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា រួម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​បាត់បង់​នូវ​ផល​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទៅ​ថ្ងៃ​មុខ។

ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ កម្ពុជា​បាន​ប្រកាស​ទទួល​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ក្នុង​មាត្រា​ទី​១ ក្នុង​ចំណោម​មាត្រា​ជាង ១០០​ផ្សេង​ទៀត ដែល​ចែង​អំពី​អធិបតេយ្យ​ជាតិ ឯករាជភាព និង​ការពារ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ជាដើម ប៉ុន្តែ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា បាន​ធ្លាក់​ចុះ និង​ដើរ​ថយក្រោយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និង​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ។

ជាក់ស្តែង ក្រោយ​បក្ស​កាន់​អំណាច​ដឹកនាំ​ដោយ​ឯក​បក្ស កម្ពុជា​បាន​ធ្លាក់​ទៅ​ក្នុង​ប្រទេស​ដែល​មាន​ស្ថានភាព​អាក្រក់​ជា​បន្តបន្ទាប់ ក្នុង​នោះ​អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ឆ្នាំ​២០២២ នេះ​ថា ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់គ្រង​ផ្ដាច់មុខ​ទាំងស្រុង ក្នុង​នោះ​គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​គ្រប់ៗ​គ្នា។

ចំណែក​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​លាតត្រដាង​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​ចាប់តាំងពី​ឆ្នាំ​២០១២ មក គឺ​ស្ថិត​ក្នុង​ចន្លោះ​លំដាប់​លេខ​រៀង​ចាប់ពី​១៥៧ ដល់​លេខ​រៀង​ជាង ១៦០ ក្នុង​ចំណោម​ប្រទេស ១៨០ នៅ​លើ​ពិភពលោក។

ដោយឡែក​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក ក៏​បាន​បន្ត​ដាក់​ពិន្ទុ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទាប​ជា​ថ្មី​ម្តង​ទៀត​ដែរ ដោយ​ឲ្យ​ឈរ​ក្នុង​លេខ​រៀង​ទី​១៣៩ ក្នុង​ចំណោម ១៤០​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត​កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស