លោក ដេវិដ ឆាណាយវា។

ច្បាប់

គណៈមេធាវី​ប្តឹង​លោក ដេវិដ ឆាណាយវា ពី​បទ​ប្រព្រឹត្ត​អំពើ​ក្លែង​ឋានៈ​ជា​មេធាវី​និង​ជេរប្រមាថ​ជា​សាធារណៈ

By ឌឹ ខេមបូឌា ដេលី

March 31, 2023

គណៈមេធាវី​កម្ពុជា បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ពុធ ដោយ​ចោទ​ប្រកាន់​លោក ដេវិដ ឆាណាយវា ថា​បាន​ប្រព្រឹត្ត​អំពើ​ក្លែង​ឋានៈ​ជា​មេធាវី​ដែល​បាន​ផ្ដល់​យោបល់​ប្រឹក្សា​ផ្នែក​ច្បាប់ ដោយ​ប្រើ​តួនាទី​ជា​មេធាវី និង​ជេរប្រមាថ​ជា​សាធារណៈ​លើ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៩ ខែ​មីនា នេះ​ថា ខ្លួន​បាន​សម្រេច​ប្តឹង​លោក ដេវិដ ឆាណាយវា ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដោយសារតែ​លោក ដេវិដ ឆាណាយវា មិន​ត្រឹមតែ​មិន​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់​របស់​ខ្លួន​ទេ តែ​បែរ​ជា​ទាមទារ​ឲ្យ​គណៈមេធាវី​កែតម្រូវ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន និង​បាន​ប្រមាថ​មក​លើ​ស្ថាប័ន​គណៈមេធាវី​ថែម​ទៀត។

ការ​ប្តឹងផ្តល់​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ដេវិដ ឆាណាយវា ទាមទារ​ឲ្យ​គណៈមេធាវី​កម្ពុជា​កែសម្រួល​ខ្លឹមសារ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ព្រមទាំង​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ថែម​ទៀត បើ​គណៈមេធាវី​កម្ពុជា​មិន​កែសម្រួល​ខ្លឹមសារ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ទេ​នោះ។

កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៣ លោក ដេវិដ ឆាណាយវា បាន​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា មុន​នឹង​សម្រេច​ប្តឹង​លោក​ថា​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ខុស​ច្បាប់ លុះត្រាតែ​ពួកគេ​រក​ឃើញ​នូវ​ភស្តុតាង​ដែល​ជា​ធាតុផ្សំ ដូចជា​ពាក្យ​សុំ​ពឹងពាក់​មេធាវី​ពី​អតិថិជន និង​វិក្កយបត្រ​សេវាកម្ម​មេធាវី ជាដើម ដែល​បញ្ជាក់​ថា​លោក និង​អតិថិជន​បាន​ព្រមព្រៀង​គ្នា​ជា​លាយលក្ខណ៍​អក្សរ​ជា​មុន​សិន នោះ​ទើប​អាច​ចោទ​លោក​ថា​បាន​ប្រព្រឹត្ត​អំពើ​ក្លែង​ឋានៈ​ជា​មេធាវី​បាន។

លោក ដេវិដ ឆាណាយវា បញ្ជាក់​ថា គណៈមេធាវី​កម្ពុជា​ក៏​ត្រូវ​ពិនិត្យ​លើ​លក្ខន្តិកៈ​មេធាវី​ដែរ មុន​នឹង​ចោទ​ប្តឹង​រូបលោក ថា​តើ​ពួកគេ​បាន​ប្រព្រឹត្ត​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​ទាំងនោះ​ហើយ​ឬ​នៅ ព្រោះ​ថា​លក្ខន្តិកៈ​មេធាវី​បាន​ហាម​មិន​ឱ្យ​គណៈមេធាវី​ស្ថិត​ក្រោម​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ឡើយ ខណៈ​គណៈមេធាវី ជាពិសេស​ប្រធាន​គណៈមេធាវី លោក លី ចន្ទតុលា បាន​ពាក់​អាវ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​សព្វថ្ងៃ​នេះ តើ​ជា​ទង្វើ​ខុស​ច្បាប់​ដែរ​ឬ​ក៏​អត់?

លោក ដេវិដ ឆាណាយវា បញ្ជាក់​ថា ក្នុង​ការ​ជួយ​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​ឱ្យ​ប្រជាពលរដ្ឋ​ដោយ​មិន​យក​កម្រៃ​ជុំវិញ​ករណី​រំលោភ​ដីធ្លី​ពី​សំណាក់​អ្នក​មាន​អំណាច​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក​មិន​ដែល​បាន​និយាយ​ថា លោក​ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ ហើយ​លោក​ក៏​មិន​បាន​ទទួល​កម្រៃ​ពី​ប្រជាពលរដ្ឋ​រងគ្រោះ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ គណៈមេធាវី​កម្ពុជា​ព្រមាន​ប្តឹង​លោក ដេវិដ ឆាណាយវា ថា​កំពុង​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជុំវិញ​ការ​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ដល់​ភាគី​វិវាទ​ដីធ្លី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​កំពុង​មាន​ទំនាស់​សព្វថ្ងៃ​នេះ។

ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​រង​នូវ​ការ​រំលោភ​បំពាន​ពី​សំណាក់​អ្នក​មាន​អំណាច​ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ បាន​ផ្ទុះ​ការ​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​តាំងពី​ឆ្នាំ​២០២០ មក ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ នៅ​មិន​ទាន់​អាច​រក​ដំណោះស្រាយ​ជុំវិញ​ករណី​នេះ​បាន​នៅឡើយ​ទេ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​ត្អូញត្អែរ​ថា លោក ដេវិដ ឆាណាយវា ទំនង​ជា​មិន​អាច​រក​យុត្តិធម៌​ក្នុង​រឿង​នេះ​បាន​ឡើយ ព្រោះ​ថា​ដី​ដែល​រង​ការ​រំលោភ​បំពាន​នៅ​ទីតាំង​ខាងលើ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ដែល​ជា​សែស្រឡាយ​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​កាន់​អំណាច​ទាំងអស់ ដូចជា​ធនាគារ​កាណាឌីយ៉ា​របស់​ឧកញ៉ា ពុង ឃាវសែ ជាដើម។

ប្រភព​ដដែល​បញ្ជាក់​ថា ជាង​នេះ​ទៀត ការ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ពី​ការ​ចោទ​ប្តឹង​របស់​គណៈមេធាវី​កម្ពុជា ក៏​អាច​នឹង​ត្រូវ​អនុវត្ត​ថែម​ទៀត ត្បិត​សមាជិក​ជាន់ខ្ពស់​នៃ​គណៈមេធាវី​មួយ​ចំនួន​ក៏​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​កាន់​អំណាច​ទៅ​ហើយ​នោះ។ ជាក់ស្តែង ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក លី ចន្ទតុលា សព្វថ្ងៃ​នេះ គឺជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​សកម្មភាព​បម្រើ​គណបក្ស​រហូត​មក។

លោក លី ចន្ទតុលា គឺជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី ៥​នាក់​ក្រោម​ការ​ដឹកនាំ​របស់​លោក​មេធាវី គី តិច ដែល​បាន​ជ្រោមជ្រែង​រឿងក្ដី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុង​ឆ្នាំ​២០១៧ និង​បាន​រៀបចំ​ឯកសារ​ស្នើសុំ​តុលាការ​កំពូល បំបិទ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង ១១៨​នាក់​រយៈពេល ៥​ឆ្នាំ​កាលពី​ពេល​កន្លង​ទៅ​នោះ។

មាត្រា​១៣ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មេធាវី​ចែង​ថា គណៈមេធាវី​មិន​ស្ថិត​នៅ​ក្រោម​គណបក្ស​នយោបាយ​ណា​មួយ ឬ​អង្គការ​សាសនា​ណា​មួយ ឬ​អង្គការ​នានា​ផ្សេង​ទៀត​ឡើយ៕