មេដឹកនាំខ្មែរក្រាញអំណាចតវង្សត្រកូល លោក ហ៊ុន សែន សម្រេចធ្វើជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា បន្ទាប់ពីប្រធានសមាគម លោក លី យ៉ុងផាត់ ដែលល្បីល្បាញខាងរកស៊ីឈើខុសច្បាប់ និងរំលោភដីធ្លីប្រជាពលរដ្ឋនៅខេត្តកោះកុង ដែលមានរហស្សនាមថាជាស្តេចកោះកុង បានស្នើសុំកាលពីអំឡុងខែមករា ឆ្នាំ២០២៣ កន្លងទៅ។
ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយច្បាប់ទៅកាន់ប្រធានសមាគមឧកញ៉ាកម្ពុជា គឺឧកញ៉ា លី យ៉ុងផាត់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះថា លោក ហ៊ុន សែន ឯកភាពនឹងសំណើដែលស្នើសុំឱ្យលោកធ្វើជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជាហើយ ប៉ុន្តែទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានចេញលិខិតនៅថ្ងៃទី២៨ ខែមីនា ដដែលដាច់ដោយឡែកមួយទៀតដែរ ដែលបានបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជានេះគឺជាស្ថាប័នតែមួយគត់តំណាងឱ្យអ្នកដែលមានគោរមងារជាឧកញ៉ាទាំងអស់នៅកម្ពុជា។
ទីស្ដីការគណៈរដ្ឋមន្ត្រីបញ្ជាក់ពីលក្ខខណ្ឌក្នុងលិខិតរបស់ខ្លួនផងដែរថា សមាគមឧកញ៉ាកម្ពុជា គឺជាដៃគូរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគនានានៅកម្ពុជា ដែលត្រូវដាក់ឱ្យស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធានកិត្តិយសនៅពេលនេះ។
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ប្រធានសមាគមឧកញ៉ាកម្ពុជា ឧកញ៉ា លី យ៉ុងផាត់ បានស្នើឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្វើជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ក្នុងនោះលោក ហ៊ុន សែន បានយល់ព្រមតាមសំណើនេះផងដែរកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា គោរមងារឧកញ៉ានៅពេលនេះប្រែទៅជាអស់តម្លៃ គឺដោយសារយន្តការផ្តល់គោរមងារនេះបានប្រែក្លាយពីគ្រឿងឥស្សរិយយសពិសេស ទៅជាទំនិញមួយប្រភេទដែលគេអាចទិញបាន ឲ្យតែមានលុយគ្រប់ចំនួនតាមការកំណត់របស់រដ្ឋាភិបាល ទោះលុយទាំងនោះប្រកបដោយធម៌ ឬមិនប្រកបដោយធម៌ ហើយទោះបីអ្នកទិញគោរមងារនោះជាមនុស្សអាវ៉ាសែកម្រិតណាក៏ដោយ។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា មនុស្សដែលទទួលគោរមងារជាឧកញ៉ា ឬជាអ្នកឧកញ៉ានៅកម្ពុជា មិនមែនដោយសារពួកគេចូលរួមកសាងសង្គមជាតិទេ ប៉ុន្តែដោយសារពួកគេបំផ្លាញជាតិ និងធ្វើជាអ្នករកលុយជួយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ប៉ុណ្ណោះ ដូចជាឧកញ៉ា ទ្រី ភាព ដែលមានរហស្សនាមថាស្តេចគ្រញូង បានទទួលគោរមងារជាអ្នកឧកញ៉ាកាលពីចុងឆ្នាំ២០២១ ស្របពេលដែលបុគ្គលរូបនេះត្រូវគេដឹងឮពេញប្រទេសថាជាឈ្មួញឈើខុសច្បាប់នៅស្រុកខ្មែរ ដែលមានគ្រួសារលោក ហ៊ុន សែន នៅពីក្រោយ។
ចំណែកឧកញ៉ា លី យ៉ុងផាត់ ដែលមានរហស្សនាមថាស្តេចកោះកុង (King of Koh Kong) ក៏បានទទួលងារជាអ្នកឧកញ៉ាកាលពីចុងឆ្នាំ១៩៩៨ ផងដែរ ប៉ុន្តែក្រោយទទួលគោរមងារជាឧកញ៉ា និងទទួលបានការពេញចិត្តពេញថ្លើមពីក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឧកញ៉ា លី យ៉ុងផាត់ បានប្រើឥទ្ធិពលរបស់ខ្លួនបញ្ជូនកម្លាំងកងរាជអាវុធហត្ថទៅទន្ទ្រានឈូសឆាយយកដីធ្លីប្រជាពលរដ្ឋខ្មែរ រួចដុតផលដំណាំ និងបណ្តេញអ្នកស្រុកចេញពីផ្ទះសម្បែងផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រៅពីឧកញ៉ា ទ្រី ភាព ដែលមានរហស្សនាមថាស្តេចគ្រញូង និងឧកញ៉ា លី យ៉ុងផាត់ ដែលមានរហស្សនាមថាស្តេចកោះកុង (King of Koh Kong) ដែលជាប់ឈ្មោះជាឧក្រិដ្ឋជនបំផ្លាញព្រៃឈើខ្មែរ ក៏មានឧកញ៉ាដែលជួញដូរគ្រឿងញៀនយ៉ាងអនាធិបតេយ្យពេញប្រទេសកម្ពុជាថែមទៀត ដូចជាឧកញ៉ា គិត ធាង ត្រូវជាបងប្រុសបង្កើតរបស់ឧកញ៉ា គិត ម៉េង ដែលជាមនុស្សជំនិតបំផុតរបស់លោក ហ៊ុន សែន ជាដើម។
គិតចាប់ពីខែកញ្ញា ឆ្នាំ១៩៩៤ ដល់ខែកុម្ភៈ ឆ្នាំ២០១៤ ប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើព្រះមហាក្សត្រផ្តល់គោរមងារជាឧកញ៉ាដល់អ្នកដែលបានបរិច្ចាគលុយជូនរដ្ឋដល់ទៅជាង ៧០០នាក់ឯណោះ ខណៈរយៈពេល ៤ឆ្នាំចុងក្រោយនេះគិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ មានមនុស្សចំនួន ២៥៩រូបថែមទៀតដែលត្រូវព្រះមហាក្សត្រផ្តល់គោរមងារជាឧកញ៉ាតាមការស្នើសុំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ប៉ុន្តែបើគិតជាសរុបត្រឹមចុងឆ្នាំ២០២២ កន្លងទៅ ត្រូវគេរកឃើញថា ចំនួនឧកញ៉ានៅស្រុកខ្មែរបានកើនឡើងដល់ទៅជាង ១ពាន់នាក់ហើយនៅពេលនេះ។
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន បានកែសម្រួលអនុក្រឹត្យចាស់ដែលលោកបានចុះហត្ថលេខាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៩៤ ចំពោះសប្បុរសជនដែលបានបរិច្ចាគថវិកាជូនរដ្ឋចាប់ពី ១០ម៉ឺនដុល្លារអាមេរិកឡើងទៅនឹងទទួលបានគោរមងារជាឧកញ៉ានោះ ត្រូវកែប្រែ និងកំណត់សាជាថ្មីថា អ្នកដែលចង់បានគោរមងារជាឧកញ៉ា ត្រូវបរិច្ចាគថវិកាចាប់ពី ៥០ម៉ឺនដុល្លារអាមេរិកឡើងក្នុងម្នាក់ៗ៕