33 C
Phnom Penh

មន្ត្រី CNRP ពឹងពាក់​មេធាវី​ឱ្យ​ជួយ​ការពារ​ក្ដី​ជូន​លោក ហ៊ុន កុសល សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ពឹងពាក់​មេធាវី​លោក សឺន ជុំជួន ឱ្យ​ជួយ​ការពារ​ក្តី​ជូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល ក្រោយពី​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ពី​លោក ហ៊ុន សែន និង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មេសា នេះ​ថា ការ​ចោទប្រកាន់​របស់​លោក ហ៊ុន សែន ទៅ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បែប​នេះ ត្រូវ​គេ​វាយតម្លៃ​ថា​ជា​រឿង​ដែល​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ​ច្រើន​ជាង។ ជាង​នេះ​ទៀត បើ​ពិនិត្យ​ទៅ​លើ​ការ​លើកឡើង​របស់​លោក ហ៊ុន កុសល ក៏​នៅតែ​រក​មិន​ទាន់​ឃើញ​ថា​ជា​ការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​នៅឡើយ​នោះ​ដែរ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​ពឹងពាក់​មេធាវី​ការពារ​ក្តី​នេះ ទោះបីជា​មិន​មាន​សង្ឃឹម​ថា​នឹង​ឈ្នះ​ក្តី​ក៏ដោយ ប៉ុន្តែ​លោក​ត្រូវតែ​ធ្វើ​ទៅ​តាម​នីតិវិធី​របស់​តុលាការ ហើយ​នៅ​ពេលនេះ លោក ហ៊ុន កុសល បាន​ឯកភាព​ព្រម​ទទួលយក​មេធាវី​លោក សឺន ជុំជួន ឱ្យ​ជួយ​ការពារ​ក្តី​របស់​លោក​ហើយ​បន្ទាប់ពី​បាន​ជួប​មេធាវី​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជក់​ថា ជំហរ​របស់​លោក ហ៊ុន កុសល មិន​តក់ស្លុត​ទេ គឺ​នៅតែ​រឹងមាំ​ដដែល។ លោក​បន្ថែម​ថា នេះ​ក៏​ដោយសារតែ​លោក ហ៊ុន កុសល ជា​មនុស្ស​ដែល​ធ្លាប់​ធ្វើ​សមាធិ​ពី​មុន​មក ដែល​ធ្វើ​ឱ្យ​ស្ថានភាព​ផ្លូវចិត្ត​របស់​លោក​នឹងធឹង​បែប​នេះ។

កាលពី​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៣ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សុំ​ពឹងពាក់​មេធាវី​លោក សឺន ជុំជួន ឱ្យ​ជួយ​ការពារ​ក្តី​លោក ហ៊ុន កុសល ដែល​ត្រូវ​ជា​ប្អូនធម៌​របស់​លោក បន្ទាប់​ពី​លោក ហ៊ុន កុសល ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​សម្រេច​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ «ម១» កាលពី​ពេល​ថ្មីៗ​នេះ។

ការ​ឃុំ​ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៣ បន្ទាប់ពី​លោក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​លើកឡើង​ថា «ឃើញ​ពួកគេ​ធ្វើ​បាប​ព្រះទ័យ និង​បន្ទាប​ព្រះចេស្តា​ព្រះមហាក្សត្រ​ខ្មែរ​បែប​នេះ ក្នុង​នាម​លោក​ជា​អ្នក​នយោបាយ​ជំនាន់​ក្រោយ ប្ដេជ្ញា​ថា​នឹង​ប្រើ​សមត្ថភាព​ដែល​មាន​ទាំង​ប៉ុន្មាន ការពារ​ព្រះចេស្តា​របស់​ព្រះអង្គ និង​ព្រះរាជបល័្លង្ក​ដែល​ប្រជារាស្ត្រ​ខ្មែរ​មិន​អាច​ខ្វះ​បាន​តទៅ​ថ្ងៃ​មុខ»

ជុំវិញ​ការ​ចាប់​ខ្លួន​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​លោក ហ៊ុន កុសល ជា​បណ្ដោះអាសន្ន ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ថា លោក​នឹង​មិន​លើកលែង ឬ​អធ្យាស្រ័យ​ឱ្យ​លោក ហ៊ុន កុសល ដាច់ខាត​ចំពោះ​ការ​ចេញ​សារ​ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ​បែប​នេះ ព្រោះ​ថា​ការ​លើកឡើង​នោះ គឺជា​ចេតនា​អាក្រក់​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ជុំវិញ​ការ​លើកឡើង​ជាមួយ​លោក ហ៊ុន កុសល គឺ​លោក យឹម ស៊ីណន ត្រូវ​បាន​លោក ហ៊ុន សែន សម្រេច​ដោះលែង​ក្រោយ​ឃុំ​ខ្លួន​បាន ១​សប្តាហ៍ បន្ទាប់ពី​លោក យឹម ស៊ីណន ចេញ​វីដេអូ​សុំទោស​លោក ហ៊ុន សែន និង​ព្រះមហាក្សត្រ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​ថា​ការ​លើកឡើង​របស់​សកម្មជន​រូប​នេះ​គ្រាន់តែ​ជា​ទម្រង់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ប៉ុណ្ណោះ មិនមែន​ជា​ការ​ញុះញង់​ដូច​ការ​ចោទប្រកាន់​ឡើយ។

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក ហ៊ុន កុសល វិញ​ដើម្បី​ធានា​នូវ​ការ​បញ្ចេញមតិ​នៅ​កម្ពុជា​ដោយ​គ្មាន​ការ​គំរាមកំហែង ខណៈ​ការ​លើកឡើង​របស់​ពួកគាត់​មិន​បាន​រំលោភ​លើ​មាត្រា​ណា​មួយ​នៃ​ច្បាប់​របស់​ប្រទេស​កម្ពុជា​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស