រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ត្រូវ​បាន​ដាក់​តាំង​ទន្ទឹម​នឹង​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ក្នុង​បរិវេណ​សួន​ប៉ោយប៉ែត​តេជោ​ឈ្នះឈ្នះ។

នយោបាយ

អ្នក​វិភាគ​ថា​ការ​ដាក់​តាំង​រូបថត​លោក ហ៊ុន សែន នៅ​ទី​សាធារណៈ​គឺ​បង្ហាញ​ពី​ចេតនា​លើក​តម្កើង​គាត់​ជា​ស្តេច​ផែនដី

By ឌឹ ខេមបូឌា ដេលី

April 08, 2023

អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ដាក់​តាំង​រូប​លោក ហ៊ុន សែន ដែល​មាន​ឋានៈ​ត្រឹមតែ​ជា​នាយករដ្ឋមន្ត្រី​នៅ​តាម​ទី​សាធារណៈ គឺ​បង្ហាញ​ពី​ចេតនា​លើក​តម្កើង​មេដឹកនាំ​ខ្មែរ​រូប​នេះ​ជា​ស្តេច​ផែនដី​យ៉ាង​ពិតប្រាកដ ព្រោះ​ថា​ក្នុង​ប្រទេស​ប្រកាន់​របប​រាជា​និយម​មាន​តែ​ព្រះមហាក្សត្រ​ដែល​មាន​តួនាទី​ជា​ព្រះ​ប្រមុខ​រដ្ឋ​ប៉ុណ្ណោះ ដែល​ស័ក្តិសម​ដាក់​តាំង​ព្រះ​ឆាយាល័ក្ខណ៍​របស់​ទ្រង់​នៅ​តាម​ទី​សាធារណៈ។

កាលពី​ពេល​ថ្មីៗ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​នាំគ្នា​បង្ហោះ​រូបភាព​មួយ​សន្លឹក​អំពី​ការ​ដាក់​តាំង​រូប​របស់​លោក ហ៊ុន សែន និង​ភរិយា​របស់​គាត់​ទន្ទឹម​គ្នា​នឹង​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ក្នុង​បរិវេណ​សួន​ប៉ោយប៉ែត​តេជោ​ឈ្នះ​ឈ្នះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មេសា នេះ​ថា ការ​ធ្វើ​បែប​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អំណាច​ផ្ដាច់មុខ​របស់​លោក ហ៊ុន សែន បើ​ទោះបីជា​គាត់​ធ្វើ​រឿង​ដែល​រំលោភ​លើ​តួនាទី​របស់​ព្រះមហាក្សត្រ​ដែល​ជា​ព្រះ​ប្រមុខ​រដ្ឋ​ក៏ដោយ ក៏​គ្មាន​នរណា​ហ៊ាន​អនុវត្ត​ច្បាប់​លើ​គាត់​នោះ​ដែរ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​លើកឡើង​ថា ការ​ដាក់​តាំង​រូប​ខ្លួនឯង​ទន្ទឹម​នឹង​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះ​ប្រមុខ​រដ្ឋ​បែប​នេះ គឺជា​ទង្វើ និង​ចេតនា​បន្ទាប​ព្រះចេស្តា​របស់​ព្រះមហាក្សត្រ​ផង ហើយ​ក៏​ជា​ចេតនា​លើក​តម្កើង​អំណាច​ខ្លួនឯង​ស្មើ​នឹង​ស្តេច​នៃ​ប្រទេស​កម្ពុជា​ផង បើ​ទោះបី​គាត់​មិន​បាន​និយាយ​ថា គាត់​មាន​បំណង​បែប​នេះ​ក៏ដោយ ប៉ុន្តែ​ទង្វើ​នេះ​ល្មម​គ្រប់គ្រាន់​ដែល​អាច​បញ្ជាក់​ពី​ចេតនា​របស់​លោក ហ៊ុន សែន ដែល​មិន​អាច​ប្រកែក​បាន​ឡើយ។

លោក គឹម សុខ បញ្ជាក់​ថា ការ​តាំង​រូបថត​របស់​លោក ហ៊ុន សែន និង​ភរិយា​របស់​គាត់ គឺ​អ្នកស្រី ប៊ុន រ៉ានី នៅ​ទី​សាធារណៈ​ដូច​ព្រះមហាក្សត្រ​នេះ ក៏​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា គ្រួសារ​ត្រកូល​ហ៊ុន​ជា​ក្រុម​មេដឹកនាំ​សក្ដិភូមិ​គំរូ​ថ្មី ដែល​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​ទ្រព្យសម្បត្តិ​ផ្ដាច់មុខ​របស់​ខ្លួន ហើយ​ទង្វើ​នេះ​គឺជា​ការ​ប្រមាថ​ចំពោះ​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ស្រប​ពេល​ដែល​កម្ពុជា​បាន​ទទួល​យក​របប​ប្រជាធិបតេយ្យ​ដែល​មាន​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស​ទៅ​ហើយ​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ភស្តុតាង​ជាច្រើន​បង្ហាញ​ថា លោក ហ៊ុន សែន មាន​អំណាច​ធំ​សម្បើម​រហូត​ហ៊ាន​ដល់​គំរាម​ព្រះមហាក្សត្រ​ខ្មែរ​ថែម​ទៀត ទាំង​ការ​ប្រើប្រាស់​ពាក្យ​សម្ដី និង​ទង្វើ​នានា​រាប់​មិន​អស់​រហូត​មក។

ជាក់ស្តែង កាលពី​ឆ្នាំ​២០០៥ លោក ហ៊ុន សែន បាន​គំរាម​រំលាយ​របប​រាជា​និយម​ដោយ​ដាក់​ជំនួស​មក​វិញ​នូវ​របប​សាធារណរដ្ឋ ប្រសិនបើ​សម្ដេច​ព្រះបាទ នរោត្តម សីហមុនី មិន​ព្រម​ឡាយព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ស្ដីពី​ព្រំដែន​កម្ពុជា-វៀតណាម ដើម្បី​ឱ្យ​គាត់​អាច​ចុះ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​ជាមួយ​រដ្ឋាភិបាល​វៀតណាម​បាន​បន្ត​ទៀត​ទេ​នោះ។

ជាង​នេះ​ទៀត កាលពី​អំឡុង​ឆ្នាំ​២០១៨ បុរស​ខ្លាំង​ក្តាប់​អំណាច​ទំនើង​ចិត្ត លោក ហ៊ុន សែន ក៏​ធ្លាប់​ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ​ខ្មែរ​បច្ចុប្បន្ន​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ ជុំវិញ​ជម្លោះ​ផ្ទៃក្នុង​នៃ​ក្រុមហ៊ុន​ស្ថានីយ​ទូរទស្សន៍ ស៊ីអ៊ិនស៊ី (CNC) ដែល​លោក ហ៊ុន សែន គំរាម​ថា កុំ​ថា​ឡើយ​ត្រឹម​ម្ចាស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) ដែល​ជា​ឧកញ៉ា គិត ម៉េង សូម្បីតែ​ម៉ែ​ឪ​ស្ដេច​ក៏​លោក​មិន​ខ្លាច​ដែរ ហើយ​បើ​យក​ម៉ែ​ឪ​ស្តេច​មក​ការពារ​ខ្លួន ក៏​ការពារ​មិន​បាន​ទៀត

តាមរយៈ​នៃ​ការ​ដឹកនាំ​ក្តោប​ក្តាប់​អំណាច​របស់​លោក ហ៊ុន សែន ជាង ៤ទសវត្ស​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​រូប​នេះ​បាន​រំលោភ​លើ​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​ការ​ស្នើ​ដក ឬ​តែងតាំង​មន្ត្រី​រដ្ឋាភិបាល​នានា​ដោយ​គ្មាន​ការ​សុំ​ព្រះរាជ​គំនិត​របស់​ព្រះអង្គ ជាដើម ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ ព្រះរាជ​តួនាទី​របស់​ព្រះអង្គ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​អាជ្ញាកណ្ដាល​ដើម្បី​ធានា​នូវ​អំណាច​សាធារណៈ ក្នុង​មាត្រា​៨ មិន​ត្រូវ​មេដឹកនាំ​រូប​នេះ​អនុវត្ត​តាម​ឡើយ ជាពិសេស​នៅ​ពេល​ដែល​លោក ហ៊ុន សែន មាន​ជម្លោះ​ជាមួយ​មេដឹកនាំ​បក្ស​ក្រៅ​រដ្ឋាភិបាល​កន្លងមក។

កម្ពុជា​ក្រោម​ការ​ដឹកនាំ​នយោបាយ​របស់​លោក ហ៊ុន សែន ចាប់តាំងពី​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ឆ្នាំ​១៩៨៥ មក ត្រូវ​គេ​មើល​ឃើញ​ថា គាត់​បាន​ប្រើ​អំណាច​ហួស​ដែន​កំណត់​ដោយ​រំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ បំពាន​រដ្ឋធម្មនុញ្ញ រំលោភ​ព្រះមហាក្សត្រ និង​រំលោភ​លើ​ច្បាប់​អន្តរជាតិ​នានា ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ជាដើម។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាត្រា​៧ ចែង​ថា ព្រះមហាក្សត្រ​កម្ពុជា​ទ្រង់​គ្រង​រាជសម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ ហើយ​ព្រះអង្គ​ទ្រង់​នឹង​គង់​ជា​ព្រះ​ប្រមុខរដ្ឋ​ពេញ​មួយ​ជីវិត។ ជាង​នេះ​ទៀត ព្រះមហាក្សត្រ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ ប៉ុន្តែ​ព្រះមហាក្សត្រ​ខ្មែរ​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ទ្រង់​សោយរាជ្យ​ក្រោម​ការ​គាបសង្កត់​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន យ៉ាង​ជូរចត់ ក្រោយពី​ព្រះអង្គ​ឡើង​គ្រងរាជ្យ​ចាប់តាំងពី​ឆ្នាំ​២០០៤ មក៕