រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បណ្ឌិត សាម អ៊ីន។

ទេសចរណ៍

បណ្ឌិត សាម អ៊ីន សន្យា​ជួយ​ការងារ​ក្រសួង​បរិស្ថាន​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍​ឱ្យ​រីកចម្រើន

By ឌឹ ខេមបូឌា ដេលី

April 10, 2023

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ដែល​ទើប​នឹង​ត្រូវ​បាន​តែងតាំង​ថ្មី បណ្ឌិត សាម អ៊ីន សន្យា​ថា នឹង​ចូលរួម​ជួយ​ការងារ​ក្រសួង​បរិស្ថាន​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ឱ្យ​រីកចម្រើន ក្រោយពី​សម្រេច​លាឈប់​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

អតីត​ប្រធាន​គណៈកម្មាធិការ​នាយក​ស្តីទី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត សាម អ៊ីន បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បន្ទាប់ពី​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក​នឹង​ចូលរួម​ជួយ​អភិវឌ្ឍ​អេកូទេសចរណ៍​ដើម្បី​លើក​ស្ទួយ​សិទ្ធិ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​រស់នៅ​ក្បែរ​តំបន់​ការពារ​ធម្មជាតិ និង​លើក​កម្ពស់​ការ​យល់ដឹង​របស់​មហាជន​អំពី​តំបន់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត។

បណ្ឌិត សាម អ៊ីន លើកឡើង​ថា ប្រសិនបើ​លោក​មិន​អាច​ធ្វើ​អ្វី​បាន​សោះ នោះ​លោក​ពុំ​មាន​ហេតុផល​អ្វី​ដែល​ត្រូវ​បន្ត​ទទួល​យក​នូវ​ឋានៈ​តួនាទី​ដ៏​ខ្ពស់​ប្រកប​ដោយ​កិត្តិយស​ដែល​ព្រះមហាក្សត្រ​ខ្មែរ​បាន​ប្រទាន​នេះ​ទេ ដូច្នេះ​ផែនការ​អភិវឌ្ឍន៍​របស់​លោក គឺ​ត្រូវការ​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​ខ្លាំង​ពី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​ក្រសួង​ទេសចរណ៍​ផង​ដែរ។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ថ្មី​រូប​នេះ​សម្ដែង​នូវ​ក្តី​សង្ឃឹម​ថា ភារកិច្ច​ថ្មី​នេះ​នឹង​ផ្តល់​កម្លាំង​ចិត្ត និង​ថាមពល​ជា​ថ្មី​ដល់​ជីវិត​របស់​លោក​ដែល​នៅ​សេសសល់ ដើម្បី​ចូលរួម​បម្រើ​ប្រទេស​ជាតិ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន បើ​ទោះបីជា​លោក​មិន​អាច​ធ្វើ​អ្វី​បាន​គ្រប់​យ៉ាង​តាម​ចិត្ត​ដែល​លោក​ចង់​ក៏ដោយ តែ​យ៉ាងហោចណាស់ លោក​អាច​ធ្វើ​រឿង​មួយ​ចំនួន​ដែល​ផ្តល់​ជា​ប្រយោជន៍​ដល់​ការ​អភិរក្ស និង​ការពារ​ធនធាន​ធម្មជាតិ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​រស់នៅ​ជាប់​តំបន់​ការពារ​ធម្មជាតិ និង​ដល់​ក្រសួង​បរិស្ថាន​ផង​ដែរ។

កាលពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៣ បណ្ឌិត សាម អ៊ីន បាន​ដាក់​លិខិត​ទៅ​លោក ហ៊ុន សែន ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទទួល​បាន​ឱកាស​ចូល​បម្រើ​ការងារ​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ក្រសួង​បរិស្ថាន និង​រួម​ចំណែក​លើ​ការងារ​គាំទ្រ​សហគមន៍​តំបន់​ការពារ អភិវឌ្ឍ​អេកូទេសចរណ៍ និង​ការ​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ ជាដើម។

ក្រោយពី​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​តែងតាំង​បណ្ឌិត សាម អ៊ីន ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ភ្លាមៗ ខណៈ​ព្រះមហាក្សត្រ​ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​បណ្ឌិត សាម អ៊ីន ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី​៤ ខែ​មេសា តែម្តង បន្ទាប់ពី​អតីត​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​បាន​តែ ២​ថ្ងៃ​ប៉ុណ្ណោះ។

បណ្ឌិត សាម អ៊ីន គឺជា​មនុស្ស​ទី​៤ ហើយ​ដែល​បាន​សម្រេច​ចេញពី​បក្ស​របស់​ខ្លួន​ទៅ​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​បណ្ឌិត យ៉ង សាំងកុមារ លោក ខាត់ សុធី និង​លោក ឡឹក សុធា បាន​នាំគ្នា​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​កាលពី​ចុង​ឆ្នាំ​២០២២ កន្លង​ទៅ​នោះ ប៉ុន្តែ​ក៏​មិន​អាច​ដឹង​ដែរ​ថា មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​នេះ​ផ្សេង​ទៀត​នឹង​បន្ត​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ទៀត ឬ​ក៏​អត់​នោះ​ទេ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៥ ដែល​មាន​ស្ថាបនិក ដូចជា​បណ្ឌិត កែម ឡី បណ្ឌិត យ៉ង សាំងកុមារ បណ្ឌិត សាម អ៊ីន លោក យ៉េង វីរៈ និង​អ្នកស្រី ប្រ៉ុក វ៉ាន់នី ជាដើម ប៉ុន្តែ​នៅ​ពេលនេះ ស្ថាបនិក​ទាំងនេះ​បាន​នាំគ្នា​ចេញពី​បក្ស​របស់​ខ្លួន​បណ្តើរៗ​ហើយ ដែល​ធ្វើ​ឱ្យ​សមាជិក​បក្ស​នេះ​មាន​ការ​ព្រួយបារម្ភ​ពី​អនាគត​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​យ៉ាង​ខ្លាំង។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា អ្នក​ដែល​ធ្លាប់​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​មុន ក៏​ធ្លាប់​អះអាង​មិន​ខុស​ពី​បណ្ឌិត សាម អ៊ីន ប៉ុន្មាន​ដែរ តែ​ទីបំផុត ពួកគេ​មិន​អាច​ធ្វើ​តាម​ការ​សន្យា​បាន​ឡើយ។ ជាង​នេះ​ទៀត ពួកគេ​បាន​ចូលរួម​ប្រព្រឹត្ត​អំពើពុករលួយ និង​បិទ​បាំង​អំពើពុករលួយ​របស់​បក្ស​កាន់​អំណាច​ថែម​ទៀត ដូចជា​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក គង់ វិបុល រដ្ឋមន្ត្រី​ក្រសួង​ពន្ធដារ ដែល​ពួកគេ​សុទ្ធសឹងតែ​ជា​មន្ត្រី​ដែល​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន កាលពី​ពេល​កន្លង​ទៅ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣ មេសា ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ បាន​អះអាង​ទៅ​កាន់​សមាជិក​របស់​ខ្លួន​ថា ការ​ធ្វើ​នយោបាយ​របស់​លោក គឺ​ចាប់ផ្តើម និង​បញ្ចប់​នៅ​ក្នុង​តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មួយ​ប៉ុណ្ណោះ ព្រោះ​ថា​ការ​បំពេញ​ភារកិច្ច​ក្នុង​កិច្ចការ​នយោបាយ​របស់​លោក គឺ​ដោយ​ឆន្ទៈ សុទ្ធចិត្ត និង​ឧត្តមគតិ មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ឡើយ៕