សេចក្ដីរាយការណ៍ពិសេស

ចោរកម្ម​លួច​អត្តសញ្ញាណ​កំពុង​ពេញ​និយម​នៅ​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

April 10, 2023

ចោរកម្ម​ក្នុង​ពិភពលោក​កើតមាន​ស្ទើរ​គ្រប់​ប្រទេស ហើយ​ប្រទេស​កម្ពុជា​ក៏​មិន​គេច​ផុត​ពី​អំពើ​ទុច្ចរិត​នេះ​ដែរ។ អ្វី​ដែល​មិន​ដូច​គ្នា​នោះ គឺ​នៅ​ប្រទេស​អនុវត្ត​ច្បាប់ អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រឹង​ស្វែងរក​មុខ​បណ្ដាញ​ជន​ទុច្ចរិត រីឯ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អាជ្ញាធរ​សម្ងំ​មិន​ហ៊ាន​ប៉ះពាល់​ឧក្រិដ្ឋកម្ម​បែប​នេះ​ទេ។

តើ​ប៉ូលិស​បរទេស​នឹង​រក​ចោរកម្ម​ប្រភេទ​ណា​ទៀត​នៅ​នៅ​លើ​ទឹកដី​អច្ឆរិយ ?

លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​អំពី​ល្បិច​លួច​អត្តសញ្ញាណ៖

គេ​និយាយ​ថា ល្គឹកណា​វិទ្យាសាស្ត្រ​បច្ចេកវិជ្ជា​កាន់តែ​ទំនើប រីកចម្រើន​ជឿនលឿន ការ​ប្រើប្រាស់​គ្រឿង​បច្ចេកទេស​ទំនើប​ទាំងនោះ​ក៏​អាច​មាន​មនុស្ស​យក​វា​ទៅ​បម្រើ​គោលបំណង​អាក្រក់​របស់​ពួក​នោះ​ដែរ។

ក្នុង​អត្ថបទ​នេះ យើង​ខ្ញុំ​ព្យាយាម​ពន្យល់ និង​ផ្តល់​ព័ត៌មាន​ឲ្យ​សាធារណជន​ងាយ​យល់ដឹង​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ពីព្រោះ​ជា​ការ​ប្រើ​ភាសា​ពាក្យពេចន៍​បច្ចេកទេស​ខាង​ប្រព័ន្ធ​អេឡិចត្រូនិក ហៅថា អ៊ីនធឺណិត ឬ​អន្តរ​បណ្ដាញ ដែល​ពុំ​មាន​ក្នុង​វចនានុក្រម​ភាសា​ខ្មែរ។

អ្នក​រៀន​សូត្រ​ខាង​បច្ចេកវិទ្យា​អេឡិចត្រូនិក គេ​អាច​យល់​បាន​ឆាប់​រហ័ស។ ចំពោះ​សាមញ្ញជន​ធម្មតា​វិញ គាត់​គ្រាន់តែ​ចេះ​ប្រើប្រាស់ ប៉ុន្តែ​មិន​យល់​ជ្រៅ​អំពី​បញ្ហា​ក្នុង​ប្រព័ន្ធ​ប្រទាក់ក្រឡា​តាម​បែប​បច្ចេកវិទ្យា​នោះ​ទេ។

ទោះជា​យ៉ាងណា​ក្តី អ្នក​ប្រើប្រាស់​គ្រឿង​ប្រដាប់​អេឡិចត្រូនិក​គប្បី​ដឹង ព្រោះ​ថា​ក្រុម​ចោរ​ក៏​គយគន់​រង់ចាំ​ឱកាស​ល្អ​ដើម្បី​នឹង​លួច​ព័ត៌មាន​ពី​ម្ចាស់​គ្រឿង​អេឡិចត្រូនិក​ទាំងនោះ​ដែរ បើ​មិន​ប្រយ័ត្ន​ប្រយែង។ ពេល​ខ្លះ ទម្រាំ​តែ​ម្ចាស់ខ្លួន​ដឹង​ថា​មាន​ចោរ​លួច​ព័ត៌មាន​អំពី​ខ្លួន​ផ្ទាល់ ចោរ​អន្យតិរ្ថិយ​យក​ប្រាក់​អស់​ពី​ធនាគារ ឬ​ប្រើ​ប័ណ្ណ​ទិញ​ជឿ ហៅថា credit cards អស់​ទឹកប្រាក់​របស់​ខ្លួន​ដែល​ធនាគារ​អនុញ្ញាត​ឲ្យ​ចាយវាយ។

បច្ចុប្បន្នកាល​នេះ មនុស្ស​លោក​រាប់​រយ​លាន​នាក់ គ្រប់​ជាតិ​សាសន៍ គ្រប់​ភេទ គ្រប់​វ័យ​តាម​ច្បាប់ គ្រប់​ពណ៌​សម្បុរ ប្រើ​ប័ណ្ណ ឬ​កាត (cards) យ៉ាងតិច​បំផុត​មាន​១ បើ​ប្រើ​ច្រើន យ៉ាងតិច​ម្នាក់​មាន​កាត​ពី ៥-៦ គឺ​កាត​ពី​ធនាគារ​ខ្លួន​ផ្ទាល់​សម្រាប់​ប្រើ​ធនធាន​ផ្ទាល់ខ្លួន​មាន​ក្នុង​គណនេយ្យ ហៅថា debit cards កាត​ទិញ​ជឿ-សង​ក្រោយ មាន​ដូចជា American Express cards, MasterCards, Visa Cards, Discover Cards, Diner Cards។ល។

ក្រៅពី​នេះ​ទៀត ក៏​មាន​កាត​ចេញ​ដោយ​ហាង​ទំនិញ​នីមួយៗ​សម្រាប់​សមាជិក​ហាង​ទាំងនោះ ហៅថា store cards។ ដើម្បី​ទទួល​បាន​កាត​ពី​ឈ្មោះ​កាត​ទាំងអស់​នេះ សាមី​ខ្លួន​ម្នាក់ៗ​ត្រូវ​បំពេញ​បែបបទ​សុំ​កាត​នីមួយៗ​នោះ ដោយ​ប្រើ​ព័ត៌មាន​ផ្លូវការ​អំពី​ខ្លួន​ផ្ទាល់ ស្រប​តាម​អត្តសញ្ញាណប័ណ្ណ​រដ្ឋ​អំណាច​ចេញ​ឲ្យ ដូចជា​ប័ណ្ណ​បើកបរ​រថយន្ត​ជាដើម ដែល​មាន​បញ្ជាក់​អំពី នាម និង​គោត្តនាម ថ្ងៃ​ខែ​ឆ្នាំ និង​ទីកន្លែង​កំណើត ព្រមទាំង​ទីលំនៅ​បច្ចុប្បន្ន លេខ​អត្តសញ្ញាណប័ណ្ណ។ ទាំងអស់​នេះ​ជា​ព័ត៌មាន​ដែល​ធនាគារ ឬ​ក្រុមហ៊ុន​កត់ត្រា​ទុក ស្រាវជ្រាវ​អំពី​ប្រវត្តិ​សាមី​ខ្លួន​ថា តើ​មាន​ប្រវត្តិ​ល្អ ឬ​មិន​ល្អ មុន​នឹង​គេ​ចេញ​កាត​ឲ្យ​ប្រើប្រាស់​តាម​តម្រូវការ។

សាធារណជន អតិថិជន​នឹង​ប្រើប្រាស់​កាត​ទាំងឡាយ​នោះ​ចាយវាយ​ក្នុង​ភោជនីយដ្ឋាន រោង​ភាពយន្ត ហាង​ទំនិញ ទិញ​សំបុត្រ​យន្តហោះ ចាក់​សាំង​ឡាន​ជាដើម។ល។ បើ​ប្រើ​កាត​ទិញ​ជឿ-សង​ក្រោយ credit cards អតិថិជន​មិន​ចាំបាច់​វាយ​បញ្ចូល​លេខ​កូដ​សម្ងាត់​ផ្ទាល់ខ្លួន ហៅថា pin number នោះ​ទេ។ ប៉ុន្តែ​បើ​យើង​ប្រើ​កាត​ចេញ​ដោយ​ធនាគារ​ដែល​យើង​បើក​គណនេយ្យ​តម្កល់​ប្រាក់ នោះ​យើង​នឹង​ត្រូវ​តែ​វាយ​បញ្ចូល​លេខ​កូដ pin number។

ចោរ​ក៏​មាន​ជំនាញ​ខាង​បច្ចេកទេស​លួច​ព័ត៌មាន​អំពី​អត្តសញ្ញាណ​បុគ្គល​ម្នាក់​បាន​ដែរ ព្រោះថា​ពេល​យើង​ប្រើ​កាត យើង​បន្សល់​ទុក​ព័ត៌មាន​អំពី​ខ្លួន​យើង​នៅ​ក្នុង​ប្រព័ន្ធ​អេឡិចត្រូនិក​តាម​កន្លែង​នីមួយៗ​ដែល​យើង​ប្រើ​កាត​នោះ។

តាម​អ្នកជំនាញ​គ្រឿង​អេឡិចត្រូនិក​ខាង​ម៉ាស៊ីន​គិត​ថ្លៃ​ទំនិញ ម៉ាស៊ីន​ប្រើ​កាត​តាម​ស្ថានីយ​ចាក់​សាំង ទូរសព្ទដៃ ម៉ាស៊ីន​បើក​ប្រាក់ ហៅថា អេធីអឹម (ATM) ខាង​ក្រៅ​ធនាគារ ចោរ​ងាយ​លួច​បាន​ព័ត៌មាន​ពី​ការ​ប្រើ​កាត ATM គឺ​កាត​ចេញ​ដោយ​ធនាគារ​យើង​ផ្ទាល់ ជាង​ការ​ប្រើ credit cards មកពី​យើង​វាយ​បញ្ចូល​លេខ​កូដ​សម្ងាត់​ពេល​ប្រើ​វា។

នៅ​សហរដ្ឋ​អាមេរិក​មាន​ករណី​ចោរ​លួច​ដាក់​បង្កប់​គ្រឿង​ឧបករណ៍​តូចៗ​រក​មើល​មិន​ឃើញ​ជាប់​នឹង​ស្ថានីយ​ចាក់​សាំង សម្រាប់​ថត​យក​លេខ​កូដ​នៅ​ពេល​អ្នក​បើក​រថយន្ត​កូត​កាត ATM របស់​ខ្លួន​ដើម្បី​ចាក់​សាំង។ ចោរ​នឹង​យក​លេខ​កាត​របស់​យើង​ដែល​មាន​ព័ត៌មាន​គ្រប់គ្រាន់​អំពី​យើង​ម្ចាស់​កាត ទៅ​បើក​យក​ប្រាក់​ពី​ធនាគារ​តាម​វិធី​ជំនាញ​របស់​ចោរ។

វិធី​ផ្សេង​មួយ​បែប​ទៀត គឺ​របៀប​លួច​តាម​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្ញើ​សារ ផ្ញើ​លិខិត​ទាក់ទង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ហៅថា email សារ​ផ្ញើ​ទៅ​មក​ភ្លាមៗ​ជា​ការ​សរសេរ​អក្សរ text message ឬ​សារ​ជា​សំឡេង voice message ហៅថា instant messaging ប្រើ​តាម​ទូរសព្ទដៃ។

អ្នកជំនាញ​ពី​ក្រុមហ៊ុន​សន្តិសុខ​អន្តរ​បណ្ដាញ IntelliPaat អធិប្បាយ​ពន្យល់​អំពី​វិធី​លួច​ដែល​ចោរ​ខំប្រឹង​ជម្នះ​តាម​អន្តរ​បណ្ដាញ ហើយ​យើង​សូម​ស្រង់​មក​បកស្រាយ​ជា​ជំនួយ​ដល់​ការ​ប្រុងប្រយ័ត្ន​គ្រប់ៗ​គ្នា គឺ​វិធី​ពីរ​យ៉ាង​គេ​ឲ្យ​ឈ្មោះ​ថា៖ phishing និង pharming។

phishing និង pharming ខាង​បច្ចេកវិទ្យា​អេឡិចត្រូនិក​ក្នុង​សន្តិសុខ​អន្តរ​បណ្ដាញ​មិន​មាន​ន័យ​ថា​ការ​នេសាទ​ត្រី ឬ​ការ​ធ្វើ​ចម្ការ​នោះ​ទេ។

Phishing គឺ​ពួក​ជន​ទុច្ចរិត​ព្យាយាម​ជ្រៀត​ចូល​តាម​មធ្យោបាយ​ទាក់ទង​អេឡិចត្រូនិក​ខុស​ច្បាប់ ដើម្បី​លួច​យក​ពី​អ្នក​ប្រើប្រាស់​ម្តង​មួយៗ ដោយ​ប្រើ​សារ​អេឡិចត្រូនិក email ឬ​សារ​ខ្លីៗ​សរសេរ​ជា​អក្សរ។ ពួក​ជន​ទុច្ចរិត​ប្រើ​បច្ចេកទេស​បញ្ជូន​សារ​ចេញ ដោយ​បង្ហាញ​ការ​តភ្ជាប់​ទៅ​គេហទំព័រ​ណា​មួយ​ស្វែងរក​ព័ត៌មាន​ផ្ទាល់ខ្លួន​លម្អិត​ពី​អ្នក​ប្រើប្រាស់។ វិធី​អនុវត្ត គឺ​តាមរយៈ​សារ​អេឡិចត្រូនិក (email) ទូរសារ (fax) និង​ការ​ផ្ញើ​សារ​ទៅវិញ​ទៅមក​ភ្លាមៗ (instant messaging)។

Pharming ជា​បច្ចេកទេស​ទំនើប​ជាង អនុវត្ត​ដើម្បី​ស្វែងរក​ព័ត៌មាន​ប្រវត្តិ​អ្នក​ប្រើប្រាស់​ដោយ​ណែនាំ​តម្រង់​ទៅ​រក​គេហទំព័រ​ក្លែងក្លាយ។ ពួក​ចោរ​បង្វែរ​ទិស​ចរាចរណ៍​ពី​គេហទំព័រ​មួយ​ទៅ​រក​គេហទំព័រ​មួយ​ផ្សេង​ទៀត​ដូច​គ្នា ដើម្បី​លួច​ព័ត៌មាន​ពី​បុគ្គល​ម្នាក់ ស្រដៀង​គ្នា​នឹង​ការ​លួច​ព័ត៌មាន​តាមរយៈ​ការ​ប្រើ email។ ការ​លួច​យក​ព័ត៌មាន​តាម​មធ្យោបាយ​ក្លែង​បំភ័ន្ត បំពុល​ប្រភព​ឈ្មោះ​ដើម​គេហទំព័រ មាន​ភាព​ស្មុគស្មាញ​ជាង​ការ​លួច​តាម​វិធី Phishing។ ពួក​ចោរ​ក្លែង​បំភ័ន្ត ឬ​បំពុល​ប្រភព​ដើម​ដែល​បង្កើត និង​រក្សា​ព័ត៌មាន ហៅថា server ហើយ​បង្វែង​ទិស​ទៅ​រក​គេហទំព័រ​ថ្មី​ផ្សេង​បាន គឺ​តាមរយៈ​ការ​ប្រើ​មធ្យោបាយ​លុកលុយ​បំបែក​សន្តិសុខ​របស់​ម្ចាស់​ដើម​គេហទំព័រ ឈ្មោះ​ដើម​គេហទំព័រ domain name system (DNS) មាន​នៅ​ក្នុង server ឬ​ឧបករណ៍​បញ្ជូន​ចេញ បែងចែក​សេវា​អ៊ីនធឺណិត ហៅថា router។

វិធី​ការពារ​ទប់ទល់​នឹង​មធ្យោបាយ​ទុច្ចរិត​បែប phishing ដែល​អាច​ធ្វើ​បាន​ដោយ​ម្ចាស់​ឧបករណ៍​ផ្ទាល់ខ្លួន គឺ​កុំ​ចុច​បើក​អ្វី​ភ្ជាប់​មក​ជាមួយ​អ៊ីមែល ហៅថា email attachment បើ​មាន​ការ​មន្ទិល​សង្ស័យ។ រីឯ​វិធី​ការពារ​ទប់ទល់​នឹង​មធ្យោបាយ​ទុច្ចរិត​បែប pharming គឺ​កុំ​ចូល​បើក​រាវរក​អ្វី​មួយ​ក្នុង​គេហទំព័រ​ដែល​យើង​មិន​ស្គាល់​ប្រភព​ច្បាស់លាស់។ អ្នកជំនាញ​ស្នើ​ឲ្យ​អ្នក​ប្រើប្រាស់​ដាក់​បញ្ចូល​ប្រព័ន្ធ​ការពារ​សន្តិសុខ​ផ្នែក​អន្តរ​បណ្ដាញ​ថែម​ទៀត ដែល​គេ​ហៅថា cybersecurity software ដើម្បី​ការពារ​ទប់ស្កាត់។

តើ​បញ្ហា​ទាំងអស់​ពណ៌នា​ពី​ខាង​ដើម​មក​នេះ អាច​កើតមាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ​ឬ​ទេ ហើយ​មាន​អ្នក​ណា​ទទួល​ខុសត្រូវ​ឬ​ទេ ?

សូម​កត់សម្គាល់​ថា ពួក​ចោរ​ក៏​មិនមែន​ជា​មនុស្ស​ល្ងឹតល្ងង់​មិន​ចេះដឹង​ខាង​បច្ចេកវិទ្យា​នោះ​ដែរ។ ចំពោះ​អ្នក​ប្រើប្រាស់​ធម្មតា​ជា​សាធារណជន គេ​ត្រូវ​ពឹង​ផ្អែកលើ​អ្នក​បច្ចេកទេស​ដើម្បី​ត​ភ្ជាប់ ប្រើប្រាស់ និង​ជួសជុល​ប្រព័ន្ធ​អេឡិចត្រូនិក​អន្តរ​បណ្ដាញ ឬ​អ៊ីនធឺណិត ព្រោះ​ថា​វា​មាន​ភាព​ស្មុគស្មាញ​មិន​អាច​ធ្វើ​ដោយ​ខ្លួនឯង​គ្រប់ៗ​គ្នា​បាន។

នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ីនធឺណិត​ធំៗ​ចំនួន​ប្រមាណ​២០ ប៉ុន្តែ​ប្រភព​ខ្លះ​ថា​មាន​ចំនួន​ប្រមាណ ៤៥​ក្រុមហ៊ុន​ក្នុង​ឆ្នាំ​២០២៣។ ក្រុមហ៊ុន​ទាំងនេះ​រាប់​តាម​លំដាប់​លេខ​រៀង​ដែល​មាន​សមត្ថភាព​ផ្គត់ផ្គង់​សេវា​ដល់​អតិថិជន មាន​ដូចតទៅ៖

ក្រុមហ៊ុន​អ៊ីនធឺណិត​ដែល​ផ្គត់ផ្គង់​សេវា​ល្អ​លេចធ្លោ​ជាងគេ គឺ​ក្រុមហ៊ុន VIETTEL (CAMBODIA) ជា​ក្រុមហ៊ុន​យោធា​វៀតណាម ធ្លាប់​គ្រប់គ្រង​ដោយ​ឧត្តមសេនីយ៍ ឡេ ឌឹក អាញ ដែល​ដឹកនាំ​កងទ័ព ២​សែន​នាក់​វាយ​លុកលុយ​ឈ្លានពាន​ប្រទេស​កម្ពុជា រំលំ​របប​ខ្មែរក្រហម។ ក្រុមហ៊ុន​វៀតតែល មាន​សាខា​ក្រុមហ៊ុន​ទូរសព្ទ​ម៉ូប៊ីតែល ផ្តល់​សេវា​ថោក​ជាងគេ ឬ​ឥត​យក​ថ្លៃ​ដល់​នាយ​កងកម្លាំង​ប្រដាប់​អាវុធ។

មាន​សេចក្តី​រាយការណ៍​ថា ក្រុមហ៊ុន​យោធា​វៀតតែល បាន​លក់​ឲ្យ​ឯកជន​រកស៊ី ហើយ​មាន​បើក​សាខា​អាជីវកម្ម​នៅ​ប្រទេស​ភូមា​ផង​ដែរ។ ទោះជា​ដូច្នេះ​ក្តី ប្រទេស​យៀកណាម​នៅ​ជា​ប្រទេស​កាន់​របប​កុម្មុយនីស្ត​នៅឡើយ ហើយ​ក៏​មិន​ខុស​ពី​ប្រទេស​ចិន​ដែរ ដែល​ក្រុមហ៊ុន​ឯកជន​ត្រូវ​ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ បើ​រដ្ឋ​ត្រូវការ​ចាំបាច់។

ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ផ្តល់​សេវា​អ៊ីនធឺណិត​ក្នុង​ប្រទេស​មួយ មិន​ត្រឹមតែ​ចុះឈ្មោះ​សុំ​ច្បាប់​ប្រទេស​ខ្លួន​ចង់​រកស៊ី​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ចូល​ជា​សមាជិក​ទិញ​កញ្ចប់​បរិមាណ​អាសយដ្ឋាន​អ៊ីនធឺណិត​សម្រាប់​ចែកចាយ​អតិថិជន​យក​ថ្លៃ​សេវា ហៅថា Internet Protocol (IP) address ពី​មជ្ឈមណ្ឌល Asia Pacific Network Information Center (APNIC) នៅ​ប្រទេស​អូស្ត្រាលី ថែម​ទៀត ដែល​បម្រើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ចំនួន​៥៦ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ នៅ​ក្នុង​ប្រទេស​សេរី ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស គោរព​ច្បាប់ រដ្ឋអំណាច​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​លូក​ដៃ​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត អ៊ីមែល ការ​បញ្ជូន​សារ​ជា​អក្សរ ឬ​ជា​សំឡេង​តាម​អាប់ស៍ (apps) ផ្សេងៗ​ឡើយ លើកលែង​តែ​មាន​ករណី​បំពាន​លក្ខខណ្ឌ​ច្បាប់​ជា​ធរមាន។ នេះ​មាន​ន័យ​ថា ក្រុមហ៊ុន​ឯកជន​ផ្តល់​សេវា​អ៊ីនធឺណិត​អាច​ធ្វើ​ប្រតិបត្តិការ​ដោយ​សេរី ដោយ​ភាព​ឯកជន។

តើ​ក្នុង​របប​ផ្ដាច់ការ​មិន​គោរព​សិទ្ធិមនុស្ស មិន​គោរព​ច្បាប់ អំណាច​ក្នុង​ដៃ​បុគ្គល នរណា​អាច​ធានា​ថា​គ្មាន​ការ​លួច​បន្លំ​ចាប់​សំឡេង ចាប់​សារ​អ្នក​ប្រើប្រាស់​ដោយ​មិន​រំលោភ​សិទ្ធិមនុស្ស មិន​បំពាន​ច្បាប់​ពី​រដ្ឋ​អំណាច​នោះ ?

នៅ​ប្រទេស​ប្រកាន់​របប​គ្រប់គ្រង​បែប​កុម្មុយនីស្ត​ផ្ដាច់ការ​ផ្ដាច់មុខ រដ្ឋអំណាច​គ្រប់គ្រង ត្រួតពិនិត្យ​រំហូរ ឬ​ចរាចរណ៍​ទាក់ទង​ឆ្លងឆ្លើយ​គ្នា​ពី​មជ្ឈដ្ឋាន​ពលរដ្ឋ​ក្នុង​ប្រព័ន្ធ​អន្តរ​បណ្ដាញ ឬ​អ៊ីនធឺណិត។ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​បង្កើត​ជា​របប​គ្រប់គ្រង​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ (National Internet Gateway) ដែល​ប្រៀប​បាន​ជា​ច្រក ជា​លូ ដើម្បី​ឲ្យ​សេវា​ទាក់ទង​តាម​អ៊ីនធឺណិត​ទាំង​អម្បាលម៉ាន​ហូរ​ចូល​មក​តាម​ច្រក​រដ្ឋ​តែ​មួយ។

ផែនការ​ប្រុង​អនុវត្ត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ គឺ​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ប៉ុន្តែ​រាជរដ្ឋាភិបាល​បាន​ពន្យារ​ពេល​ឥត​មាន​កំណត់ ព្រោះ​តែ​មាន​ការ​តវ៉ា​ពី​ប្រទេស​លោក​សេរី និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ថា​ដើរ​តាម​របៀប​របប​កុម្មុយនីស្ត​ចិន។

ការ​រឹតត្បិត​នេះ​ជា​ការ​ងាយស្រួល​ដល់​ការ​តាមដាន បង្ក្រាប ចាប់ចង ដាក់​គុក​ពលរដ្ឋ​រិះគន់​គោលនយោបាយ និង​របៀប​គ្រប់គ្រង​អបល័ក្សណ៍។ ក្រៅពី​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ គ្រប់គ្រង​ច្រក លូ អ៊ីនធឺណិត​ជាតិ ហៅ​កាត់​ថា NIG ការ​គ្រប់គ្រង​សេរីភាព​ប្រើប្រាស់​អ៊ីនធឺណិត​ក៏​ចេញពី​ក្រុម​ចារកម្ម Cyber War Room ដែល​គ្រប់គ្រង​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង​កូន​មន្ត្រី​ធំៗ​ឯ​ទៀត​ដែរ។

ប្រទេស​កម្ពុជា​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ប្រផេះ និង​បញ្ជីខ្មៅ​ជា​ប្រទេស​មាន​បញ្ហា​រឿង​រត់​ពន្ធ និង​បង្ខាំង​មនុស្ស រត់​ពន្ធ​គ្រឿងញៀន លាង​ប្រាក់​ដុល្លារ​កខ្វក់ រំលោភ​បំពាន​យក​ដីធ្លី អត់​គោរព​ច្បាប់ ពុករលួយ។ ថ្មីៗ​នេះ ប៉ូលិស​ហុងកុង​សហការ​នឹង​ប៉ូលិស​អន្តរជាតិ Interpol រក​ឃើញ​ក្រុម​ចោរ​លួច​បង្កើត​កម្មវិធី​ប្រើប្រាស់​ចល័ត​បញ្ឆោត mobile apps ក្លែងក្លាយ​ចំនួន​៥៦៣ ដើម្បី​ស្វែងរក​អត្តសញ្ញាណ​តាម​វិធី​ឈ្លប​ទូរសព្ទ​ដៃ​ពេញ​ពិភពលោក និង​លួច​ព័ត៌មាន​អំពី​អត្តសញ្ញាណ​បុគ្គល​ម្នាក់ៗ​ពី​ទូរសព្ទ​ដៃ។

កាសែត​ឈ្មោះ South China Morning Post ផ្សាយ​ថ្ងៃទី​៦ ខែ​កុម្ភៈ ថា ក្រុម​តម្រួត​បាន​តាមដាន​ឃើញ​ក្រុម​ចោរ​បង្កើត​មណ្ឌល​ផ្តល់​សេវា​រក្សា​ទុក និង​សេវា​ចែកចាយ ឬ servers ភ្ជាប់​ទៅ​នឹង mobile apps ចំនួន ២៥៨ ហើយ​អ្នក​មាន​ឈ្មោះ​ចុះបញ្ជី​ប្រើប្រាស់ servers តាម​ច្បាប់​ជា​បុគ្គល​មនុស្ស​រស់នៅ​ប្រទេស​ចិនដីគោក ហ្វីលីពីន និង​ប្រទេស​កម្ពុជា។ រាជរដ្ឋាភិបាល​នៃ​រាជាណាចក្រ​កម្ពុជា មាន​ការ​ទទួល​ខុសត្រូវ​គេច​មិន​រួច​ទេ​ក្នុង​រឿង​នេះ ព្រោះ​ជា​រដ្ឋាភិបាល​ឯក​បក្ស​ក្តាប់​អំណាច​តែ​ឯង។

នៅ​ឯ​សហរដ្ឋ​អាមេរិក​វិញ ហេតុការណ៍​បែប​នេះ អាជ្ញាធរ​អាមេរិកាំង​រក​ឆាប់​ឃើញ​ណាស់។ នរណា​ក៏​ដឹង​ដែរ​ថា ក្រោយពី​មាន​សេចក្តី​រាយការណ៍​ជាច្រើន​ក្នុង​សារព័ត៌មាន​បរទេស ថា​ឧក្រិដ្ឋកម្ម​ជាច្រើន​បែប ច្រើន​រូបភាព ច្រើន​សណ្ឋាន ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន ដែល​ថា​មក​ដាក់​ទុន​ក្នុង​រាជាណាចក្រ​កម្ពុជា មាន​ដូចជា​មក​បើក​កន្លែង​ភ្នាល់​ល្បែងស៊ីសង online បោក​បញ្ឆោត​យក​មនុស្ស​មក​បង្ខាំង​បង្ខំ​ឲ្យ​ធ្វើការ ប្រើ​ទូរសព្ទ​បញ្ជូន​សារ​ជំរិត​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​ឯ​ស្រុក បន្ទាប់ពី​កុហក​ថា​រក​ការ​ឲ្យ​ធ្វើ​ជាដើម។

សំណួរ​ដែល​សាធារណជន​គួរ​ឆ្ងល់ ហើយ​គួរ​សួរ​នោះ គឺ​ហេតុ​អ្វី​ក្រុម​ចោរ​លួច​ព័ត៌មាន​អត្តសញ្ញាណ​បុគ្គល​អាច​មាន​លទ្ធភាព​បង្កើត​ទីតាំង​ប្រព្រឹត្ត​ចោរកម្ម​ក្នុង​ប្រទេស​បាន បើ​រដ្ឋអំណាច​ជា​អ្នក​គ្រប់គ្រង ត្រួតពិនិត្យ​ប្រព័ន្ធ​អន្តរ​បណ្ដាញ ឬ​អ៊ីនធឺណិត? បើ​ស្រុក​មួយ​មាន​អំពើពុករលួយ​គ្រប់​ស្រទាប់ តើ​ក្រុម​ចោរ និង​ក្រុម​មន្ត្រី​មាន​សមត្ថកិច្ច​អាច​ចូល​ដៃ​គ្នា​ជាមួយ​ចោរ ហើយ​ចែក​លាភ​ចំណែក ចែក​ចំណេញ​គ្នា​ស្ងាត់ៗ​ដែរ​ឬ​យ៉ាង​ណា? មាន​តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​សុចរិត​ស្មោះត្រង់​ទេ ដែល​អាច​ផ្តល់​ចម្លើយ​គួរ​ជឿ គួរ​យក​ជា​ការ​បាន។

ពាក្យ​ចាស់​បុរាណ​ខ្មែរ​ពោល​ថា៖ ខ្មោច ឬ​ចោរ​ស្រុក​វា​ឲ្យ​ដៃ ទើប​ខ្មោច ឬ​ចោរ​ព្រៃ​វា​ចូល​បាន។

រឿង​ហេតុ​កើតមាន​ក្នុង​រាជាណាចក្រ​តេជ​អច្ឆរិយ​បែប​នេះ គេ​ឃើញ គេ​ដឹង​គេ​ឮ​ពាសពេញ​ពិភពលោក​តាមរយៈ​ការ​ផ្សាយ​ក្នុង​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស។ រីឯ​យើង គឺ​គ្រាន់តែ​ផ្សាយ​បន្ត​ការពិត​នេះ​ជូន​សាធារណជន​ខ្មែរ​ជ្រាប​ថា ទឹកដី​នេះ​បច្ចុប្បន្ន​វា​សម្បូរ​ដោយ​ក្រុម​ចោរ និង​ដើម្បី​ចេះ​ការពារ​ខ្លួន​ផង ទោះ​ជា​មាន​ក្រុម​មនុស្ស​វង្វេង​វប្បធម៌ ជន​ទុយ៌ស អាវាសែ មាន​មោហចិត្ត មិន​ចេះ​គិត​អ្វី​លើស​ពី​ការ​ប្រើ​ភាសា​ពាលោ អសីលធម៌ តិះដៀល​យើង​យ៉ាងណាក៏ដោយ។ ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជា​ជនរងគ្រោះ នឹង​ធ្វើជា​ចៅក្រម​វិនិច្ឆ័យ​ជន​ទាំងនោះ​ពេល​ណា​មួយ​តាម​ច្បាប់​ធម្មជាតិ៕