ក្រុមអ្នកឃ្លាំមើលអំពាវនាវឱ្យរាជរដ្ឋាភិបាល និងសហព័ន្ធកីឡាកម្ពុជា ជួយបង្កលក្ខណៈងាយស្រួលដល់អ្នកប្រដាល់ជនជាតិប្រេស៊ីល លោក Thiago Teixeira ដើម្បីពង្រីកវិស័យក្បាច់គុនខ្មែរឱ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ មេសា នេះថា ជាមោទកភាពមួយដ៏ធំធេងសម្រាប់កម្ពុជាលើវិស័យប្រដាល់ដែលកីឡាប្រដាល់អន្តរជាតិពេញចិត្តក្នុងការចូលរួមជួយផ្សព្វផ្សាយពីក្បាច់គុនខ្មែរ ព្រោះថាកីឡាប្រដាល់បរទេសមួយចំនួនស្គាល់តែ មួយថៃ (Muay Thai) តែប៉ុណ្ណោះ ប៉ុន្តែគេមិនបានដឹងថា គុនខ្មែរជាម្ចាស់ក្បាច់គុននៅអាស៊ីអាគ្នេយ៍នេះទេ។
លោក សេក សុជាតិ បញ្ជាក់ថា ប្រទេសថៃកំពុងព្យាយាមផ្សព្វផ្សាយពី «មួយថៃ» របស់គេ ដូច្នេះកម្ពុជាក៏ត្រូវតែរកវិធីសាស្ត្រផ្សព្វផ្សាយ «គុនខ្មែរ» ឱ្យកាន់តែទូលំទូលាយ និងល្បីល្បាញកាន់តែខ្លាំងដែរ ត្បិតកន្លងមកបណ្តាប្រទេសមួយចំនួននៅលើពិភពលោកស្គាល់តែ «មួយថៃ» ប៉ុណ្ណោះ ដែលបញ្ហានេះធ្វើឱ្យអន្តរជាតិមានការភាន់ច្រឡំថា «គុនខ្មែរ» មានប្រភពពី «មួយថៃ» ផងដែរ ដោយសារតែកម្ពុជាមិនបានផ្សព្វផ្សាយពីក្បាច់គុនរបស់ខ្លួនឱ្យបានច្រើននៅលើឆាកអន្តរជាតិកន្លងមក។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ អ្នកប្រដាល់ជនជាតិប្រេស៊ីល តំណាងគុនខ្មែរ គឺកីឡាករ Thiago Teixeira បានធ្វើសន្និសីទសារព័ត៌មានឆ្លើយតបទៅនឹងគណៈកម្មាធិការមួយថៃ WMO (World Of Muay thai Organization) ដោយសម្ដែងនូវការខកចិត្តយ៉ាងខ្លាំង និងចាត់ទុកការដកយកខ្សែក្រវាត់របស់លោកនេះ គឺជាការរើសអើងយ៉ាងធ្ងន់ធ្ងរ។
កីឡាប្រដាល់ជនជាតិប្រេស៊ីល ដែលងាកមកប្រកួតតំណាងឱ្យគុនខ្មែររូបនេះ ត្អូញត្អែរថា ការប្រកួតតំណាងឱ្យមួយថៃកន្លងមក ខ្លួនមិនទទួលបានការគាំទ្រលើកទឹកចិត្តនោះទេ ប៉ុន្តែនៅពេលនេះគាត់បានចាប់អារម្មណ៍នឹងគុនខ្មែរ ហើយដាក់ចិត្តប្រកួតតំណាងឱ្យគុនខ្មែរ លែងតំណាងឱ្យមួយថៃ (Muay Thai) តទៅទៀតហើយ។
កីឡាករប្រដាល់ លោក Thiago Teixeira បញ្ជាក់ថា ចាប់ពីពេលនេះតទៅ លោកនឹងមិនប្រកួតជាមួយកីឡាករខ្មែរជាដាច់ខាត ដើម្បីជាការដឹងគុណរបស់លោកចំពោះពលរដ្ឋខ្មែរដែលគាំទ្រលោកនៅពេលនេះ។
កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ប្រធានស្ថាប័នមួយថៃ (WMO) លោក Chinawut Sirisampan បានចេញសេចក្តីថ្លែងការណ៍ដកខ្សែក្រវាត់ WMO របស់កីឡាករ Thiago Teixeira ជនជាតិប្រេស៊ីល ដែលទើបនឹងឈ្នះពីប្រទេសអាល្លឺម៉ង់ ដោយសារតែកីឡាករប្រេស៊ីលរូបនេះប្រកួតតំណាងឱ្យគុនខ្មែររបស់ប្រទេសកម្ពុជា។ ជាងនេះទៀត កីឡាករ Thiago Teixeira ក៏ត្រូវបានហាមឃាត់រាល់ការប្រកួតក្នុងព្រឹត្តិការណ៍ WMO នាពេលអនាគតថែមទៀត។
យ៉ាងណាក៏ដោយ បន្ទាប់ពីកីឡាករប្រដាល់រូបនេះត្រូវបានគណៈកម្មាធិការមួយថៃ WMO ផ្អឹបទុកលុយចំនួន ៣៥០០ដុល្លារដែលឈ្នះពីការប្រកួតនោះ អ្នកស្នេហាវិស័យកីឡាជាច្រើនរបស់កម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង បានឧបត្ថម្ភថវិកាដល់កីឡាករប្រដាល់រូបនេះជាបន្តបន្ទាប់ ក្នុងនោះលោក ហ៊ុន សែន ក៏បានស្នើសុំឱ្យព្រះមហាក្សត្រខ្មែរផ្តល់សញ្ជាតិកម្ពុជាដល់កីឡាករប្រដាល់ Thiago Teixeira ថែមទៀត។
សព្វថ្ងៃនេះ កីឡាករប្រេស៊ីល Thiago កំពុងស្នាក់នៅក្នុងរាជធានីភ្នំពេញ និងមានគម្រោងត្រៀមបើកក្លឹបប្រដាល់គុនខ្មែរនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខផងដែរ៕