35 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ថា​ការ​រៀបចំ​រចនាសម្ព័ន្ធ CPP ជា​គោលដៅ​ឆ្ពោះ​ទៅ​រក​ការ​បំបិទ​សំឡេង​ពហុ​បក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អះអាង​ថា ការ​រៀបចំ​រចនាសម្ព័ន្ធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស គឺជា​គោលដៅ​ឆ្ពោះ​ទៅ​រក​ការ​បំផ្លាញ​ប្រព័ន្ធ​ពហុបក្ស និង​ជំនួស​មក​វិញ​នូវ​ប្រព័ន្ធ​ដឹកនាំ​ឯក​បក្ស ដើម្បី​កម្ទេច​ក្រុម​អ្នក​ប្រជាធិបតេយ្យ បើក​ផ្លូវ​ឱ្យ​គ្រួសារ​ត្រកូល​ហ៊ុន​អាច​ក្តោប​ក្តាប់​អំណាច​បន្ត​ពូជ​តាម​បែប​សន្តតិវង្ស​ទៅ​ថ្ងៃ​មុខ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ថា ការ​រៀបចំ​រចនាសម្ព័ន្ធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​បង្ក​គ្រោះថ្នាក់​យ៉ាង​ធំធេង​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​ថា​ពួកគេ​បាន​ប្រើ​រចនាសម្ព័ន្ធ​របស់​កុម្មុយនីស្ត​រៀបចំ​បណ្ដាញ​សមាជិក​គណបក្ស​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន​ដូច​សព្វថ្ងៃ​នេះ មិនមែន​ដើម្បី​តែ​សន្លឹកឆ្នោត​តែ​មួយ​មុខ​នោះ​ទេ គឺជា​ផែនការ​យូរ​អង្វែង​ដើម្បី​គ្រប់គ្រង​អំណាច​តាម​បែប​សន្តតិវង្ស​ត​កូន​ត​ចៅ​របស់​ត្រកូល​ហ៊ុន​ផង​ដែរ។

លោក គឹម សុខ អះអាង​ថា ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​នេះ​ឱ្យ​ជោគជ័យ លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធសាស្ត្រ​បំបែក​បំបាក់​កម្លាំង​សាមគ្គី​ជាតិ​ខ្មែរ​យ៉ាង​ជ្រៅ តាមរយៈ​នៃ​ការ​ប្រើ​មនោគមវិជ្ជា​ចិត្តសាស្ត្រ​នយោបាយ​ដោយ​ការ​ចាត់ទុក​ក្រុម​ប្រឆាំង​នឹង​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​ខ្លួន ថា​ជា​ពួក​ក្បត់​ជាតិ ពួក​ឧទ្ទាម​ក្រៅ​ច្បាប់ ឬ​ក្រុម​ចលនា​បះបោរ ជាដើម ស្រប​ពេល​ដែល​អ្នក​ទាំងនោះ​មិន​បាន​ក្បត់​ជាតិ​ដូច​ការ​ចោទប្រកាន់​របស់​លោក ហ៊ុន សែន នោះ​ឡើយ គឺ​ពួកគេ​គ្រាន់តែ​ប្រឆាំង​នឹង​ការ​ដឹកនាំ​បំផ្លាញ​ជាតិ​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា មិនមែន​តែ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ទេ​ដែល​កំពុង​ធ្វើការ​តស៊ូ​សព្វថ្ងៃ​នេះ​ទេ ដែល​មើល​ឃើញ​ពី​ការ​បំផ្លាញ​ជាតិ​របស់​លោក ហ៊ុន សែន សូម្បី​សហគមន៍​អន្តរជាតិ​ក៏​មើល​ឃើញ​បែប​នេះ​ដែរ ដូចជា​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ខ្មែរ ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស ជាដើម ដូច្នេះ​ហើយ​បាន​ជា​សហគមន៍​អន្តរជាតិ​ទាំងនោះ​ចេះ​តែ​ទាមទារ​ឱ្យ​មាន​វត្តមាន​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​រហូត​មក។

លោក គឹម សុខ អំពាវនាវ​ឱ្យ​ក្រុម​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​រួបរួម​គ្នា​ដើម្បី​ប្រមូលផ្ដុំ​ជា​កម្លាំង​រឹងមាំ​ក្នុង​ការ​តស៊ូ​នឹង​ការ​ដឹកនាំ​បំផ្លាញ​ជាតិ​របស់​បក្ស​កាន់​អំណាច និង​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ព្រោះ​ថា​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ទ្រព្យសម្បត្តិ​ជាតិ​ខ្មែរ​ទាំង​លើ​គោក និង​ក្រោម​ទឹក នឹង​ត្រូវ​បំផ្លាញ​គ្មាន​សល់​ឡើយ​នៅ​ពេល​ដែល​ប្រទេស​ដ៏​កម្សត់​មួយ​នេះ​នៅតែ​បន្ត​ក្តោប​ក្តាប់​ដឹកនាំ​ដោយ​ពូជពង្ស​របស់​លោក ហ៊ុន សែន បន្ត​ទៀត។

កាលពី​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០២៣ ក្នុង​ពិធី​ជួបជុំ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​ដ៏​ចម្រូងចម្រាស​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​រៀបចំ​ចងក្រង​យុវជន​បក្ស​កាន់​អំណាច​នៅ​ក្រៅ​ប្រទេស គឺ​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កំណើត និង​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​ខ្មែរ និង​ខ្មែរ​ផង​ដែរ មិនមែន​ដើម្បី​បំបែក​បំបាក់​កម្លាំង​សាមគ្គី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​នោះ​ឡើយ។

យ៉ាងណា​ក៏ដោយ សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដូចជា​នៅ​សហរដ្ឋ​អាមេរិក កាណាដា អូស្ត្រាលី និង​កូរ៉េខាងត្បូង ជាដើម ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​ប្រេះឆា​គ្នា​ធ្ងន់ធ្ងរ បន្ទាប់ពី​ក្រុម​ការងារ​របស់​បក្ស​កាន់​អំណាច​ចូល​ទៅ​រៀបចំ​រចនាសម្ព័ន្ធ​បែងចែក​និន្នាការ​នយោបាយ ក្នុង​ចេតនា​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ទាំងនោះ​ឈប់​គាំទ្រ​ក្រុម​អ្នក​ប្រជាធិបតេយ្យ ដោយ​បញ្ចុះបញ្ចូល​ឱ្យ​ងាក​មក​គាំទ្រ​គណបក្ស​របស់​ខ្លួន​វិញ ដោយ​ចាត់ទុក​ក្រុម​អ្នក​ដែល​គាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង​ថា​ជា​ក្រុម​ក្បត់​ជាតិ ជាដើម។

ការ​ប្រើ​ប្រព័ន្ធ​ចងក្រង​សមាជិក​តាម​របៀប​កុម្មុយនីស្ត​របស់​គណបក្ស​កាន់​អំណាច កំពុងតែ​អនុវត្ត​យ៉ាង​ស៊ីជម្រៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទោះ​ត្រូវ​បំពាន​ច្បាប់​ក៏ដោយ។ ជាក់ស្តែង មន្ត្រី​រាជការ​ក្នុង​ក្រសួង​ស្ថាប័ន​រដ្ឋ​ដែល​ជា​មន្ត្រី​បម្រើ​ការ​តាម​ប្រព័ន្ធ​រដ្ឋបាល​របស់​ជាតិ​សព្វថ្ងៃ​នេះ ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើ​គ្រប់​វិធី ឱ្យ​អ្នក​ទាំងនោះ​ចូល​ជា​សមាជិក​បក្ស​របស់​ខ្លួន និង​យក​តួនាទី​ខ្លួន​ដែល​បម្រើ​ការងារ​រដ្ឋ ទៅ​ធ្វើ​ការងារ​គណបក្ស ដូចជា​ការ​ចុះ​មូលដ្ឋាន​ដើម្បី​ចងក្រង​សមាជិក​បក្ស ជាដើម។

សព្វថ្ងៃ​នេះ គណបក្ស​កាន់​អំណាច​បាន​ប្រើ​ប្រព័ន្ធ​កុម្មុយនីស្ត​របស់​ខ្លួន​គ្រប់គ្រង​ស្ថាប័ន​រដ្ឋ​ទាំងស្រុង​ទៅ​ហើយ ដោយ​ការ​រៀបចំ​សមាជិក​របស់​ពួកគេ​ចូល​ទៅ​គ្រប់គ្រង​ស្ថាប័ន​នេះ​តាំងពី​ថ្នាក់​កំពូល​រហូត​ដល់​មូលដ្ឋាន ដូចជា​ស្ថាប័ន​នីតិប្រតិបត្តិ លោក ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង ស្ថាប័ន​រដ្ឋសភា លោក ហេង សំរិន ជា​អ្នក​គ្រប់គ្រង ស្ថាប័ន​ព្រឹទ្ធសភា លោក សាយ ឈុំ អ្នក​គ្រប់គ្រង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស