31 C
Phnom Penh

បែកធ្លាយ​ឯកសារ​សម្ងាត់៖ អាមេរិក​និង​ណាតូ​ឱ្យ​អ៊ុយក្រែន​ត្រៀម​ទ័ព​វាយ​យក​ទឹកដី​ពី​រុស្ស៊ី​មក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ុន្មាន​ថ្ងៃ​មក​នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​អំពី​ការ​បែកធ្លាយ​ឯកសារ​សម្ងាត់​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ពាក់ព័ន្ធ​ជាច្រើន​អំពី​បញ្ហា​សន្តិសុខ​ពិភពលោក។

ប៉ុន្តែ​វិបត្តិ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន គឺជា​រឿង​សំខាន់​ជាងគេ ដែល​ក្នុង​នោះ​មាន​ការ​បញ្ជាក់​អំពី​សហរដ្ឋ​អាមេរិក និង​ណាតូ ប្រាប់​ឱ្យ​អ៊ុយក្រែន​លើក​ទ័ព​ទ្រង់ទ្រាយ​ធំ​វាយ​រំដោះ​ទឹកដី​អ៊ុយក្រែន​មក​វិញ ទោះជា​ឧបទ្វីប​គ្រីមៀរ​ក៏ដោយ ហើយ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នេះ​អាច​ចាប់ផ្ដើម​នៅ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ។

តែ​យ៉ាងណា មន្ទីរ​ប៉ុងតាហ្គោន​បាន​ចេញ​ការ​ព្រមាន​ថា ការ​បែកធ្លាយ​ឯកសារ​នេះ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​សន្តិសុខ​សហរដ្ឋ​អាមេរិក។ ក្រុម​មន្ត្រី​អាមេរិក​បាន​និយាយ​ថា ឯកសារ​សម្ងាត់​មួយ​ផ្នែក​ធំ គឺជា​ឯកសារ​ពិត​មាន​បោះ​ត្រា​ពាក្យ​ជា​ភាសា​អង់គ្លេស។

ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI កំពុង​ស៊ើបអង្កេត​ដើម្បី​កំណត់​ពី​ប្រភព​ដើម​នៃ​ឯកសារ​សម្ងាត់។ នេះ​បើ​តាម​សារព័ត៌មាន New York Times ឱ្យ​ដឹង​ថា ឯកសារ​សម្ងាត់​ដែល​បែកធ្លាយ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​វាយតម្លៃ​របស់​សហរដ្ឋ​អាមេរិក​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន ចុះ​កាលបរិច្ឆេទ​កាលពី​ខែ​កុម្ភៈ និង​ខែ​មីនា ឆ្នាំ​២០២៣ ក្នុង​នោះ​រួម​មាន​ទាំង​ការ​វាយតម្លៃ​ពី​ចំនួន​កងទ័ព​ស្លាប់ និង​របួស​ទាំង​សងខាង ព្រមទាំង​ថា តើ​អាវុធ និង​គ្រាប់រំសេវ​ប្រភេទ​ណា​ដែល​អ៊ុយក្រែន នឹង​ស្នើសុំ​នៅ​ពេល​អនាគត និង​ស្ថានការណ៍​សង្គ្រាម​ទៅ​មុខ​ទៀត​ដែល​អ៊ុយក្រែន​ត្រូវ​វាយ​យក​ទឹកដី​របស់​ខ្លួន​មក​វិញ។

ឯកសារ​សម្ងាត់​បង្ហាញ​ទៀត​ថា សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ចារកម្ម និង​ប្រមូល​ព័ត៌មាន​សម្ងាត់​ពី​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ខ្លួន ដូចជា​កូរ៉េខាងត្បូង អ៊ីស្រាអែល និង​អ៊ុយក្រែន រួម​ទាំង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ប្រភព​របស់​រដ្ឋាភិបាល​រុស្ស៊ី។

ក្រសួង​យុត្តិធម៌​អាមេរិក​ប្រកាស​បើក​ការ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​មុខ​អ្នក​ទទួល​ខុសត្រូវ​លើ​ការ​បែកធ្លាយ​ឯកសារ​សម្ងាត់​ស្ដីពី​ការ​ផ្តល់​ជំនួយ​យោធា​សម្រាប់​អ៊ុយក្រែន។

បើ​តាម​អ្នក​នាំពាក្យ​របស់​ក្រសួង​យុត្តិធម៌​អាមេរិក ឱ្យ​ដឹង​ថា ក្រសួង​កំពុង​សហការ​ជាមួយ​ក្រសួង​ការពារ​ជាតិ ក្នុង​ការ​ស៊ើបអង្កេត​រក​ប្រភព​ដែល​ធ្វើ​ឲ្យ​មាន​ការ​បែកធ្លាយ​ឯកសារ​សម្ងាត់​អាមេរិក​នៅ​លើ​បណ្ដាញ​សង្គម​ដែល​កំពុង​ចុះផ្សាយ​ព្រោងព្រាត។

ចាប់តាំងពី​ការ​បែកធ្លាយ​ឯកសារ​សម្ងាត់​របស់​ទីភ្នាក់ងារ CIA នៅ​លើ​បណ្ដាញ​សង្គម ដូចជា ធ្វីតធ័រ តេឡេក្រាម Discord ជាដើម ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មក​នេះ កាសែត New York Times បាន​បង្ហាញ​ឯកសារ​ជាង ១០​សន្លឹក​ដែល​មាន​បោះ​ត្រា​សម្ងាត់ ឬ​សម្ងាត់​បំផុត ជា​របាយការណ៍​ស្ដីពី​សង្គ្រាម​អ៊ុយក្រែន ដែល​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក CIA ទើប​ចងក្រង​នៅ​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣។

ឯកសារ​សម្ងាត់​ដែល​បែកធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម បង្ហាញ​ពី​ទំហំ​ជំនួយ​យោធា​របស់​អាមេរិក​នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែន កាលបរិច្ឆេទ​នៃ​ការ​បណ្តុះបណ្តាល​កងទ័ព​អ៊ុយក្រែន ឬ​បរិមាណ​គ្រាប់ សព្វាវុធ​បរទេស​ដែល​អ៊ុយក្រែន​ត្រូវ​ប្រើ​សម្រាប់​ប្រយុទ្ធ​ទប់ទល់​កងទ័ព​រុស្ស៊ី។

ឯកសារ​មួយ​ទៀត​របស់ CIA ក៏​មាន​និយាយ​អំពី​ការ​បញ្ជូន​ទ័ព​របស់​ប្រទេស​សមាជិក​ណាតូ​ជាង ១០០​នាក់​ទៅ​ក្នុង​ទឹកដី​អ៊ុយក្រែន ដែល​ក្នុង​នោះ​មាន​អាមេរិក ១៤​នាក់ អង់គ្លេស ៥០​នាក់ បារាំង ១៥​នាក់ និង​លីទុយអានី ១៧​នាក់។

មន្ត្រី​អាមេរិក​ម្នាក់​បាន​ប្រាប់​កាសែត Washington Post ថា ឯកសារ​មួយ​ចំនួន​ត្រូវ​គេ​ច្នៃ​បន្លំ​ដើម្បី​កាត់បន្ថយ​ចំនួន​ទាហាន​រុស្ស៊ី​ដែល​ស្លាប់​នៅ​ក្នុង​សមរភូមិ ក្រៅពី​នោះ​ជា​ឯកសារ​ដើម​ដែល​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់ CIA ធ្លាប់​ចែករំលែក​នៅ​ក្នុង​ការ​ពិភាក្សា​នៅ​សេតវិមាន នៅ​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​ការបរទេស​អាមេរិក ថា​ទ័ព​រុស្ស៊ី​ស្លាប់ របួស និង​បាត់​ខ្លួន​មាន​ជាង ២០​ម៉ឺន​នាក់ បែរ​ជា​ចុះផ្សាយ​ថា​មាន​តិច​ជាង​នេះ​ទៅ​វិញ។

លោក Chris Meagher ជំនួយការ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ទទួល​បន្ទុក​កិច្ចការ​សាធារណៈ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ឯកសារ​ដែល​មាន​នៅ​លើ​បណ្ដាញ​សង្គម​កំពុង​បង្ក​ហានិភ័យ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ និង​ធ្វើ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

លោក Meagher បាន​អះអាង​ថា អាមេរិក​នៅតែ​ស៊ើបអង្កេត​ថា​តើ​រឿង​នេះ​កើតឡើង​យ៉ាង​ដូចម្តេច។ លោក​បន្ត​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Lloyd Austin មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ​រហូត​ដល់​ព្រឹក​ថ្ងៃទី​៦ ខែ​មេសា ដែល​ជា​ថ្ងៃ​កាសែត New York Times បាន​ផ្សាយ​រឿង​នេះ ទើប​អាមេរិក​ស្វែងរក​ប្រភព​ជា​អ្នក​បញ្ចេញ​ឯកសារ​នេះ ប៉ុន្តែ​លោក​ថា​ភាគច្រើន​ដូចជា​ពុំ​មាន​ការ Hack អ្វី​នោះ​ទេ។

អ្នក​នាំពាក្យ​សន្តិសុខ​ជាតិ លោក John Kirby បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​ប្រធានាធិបតី Joe Biden បាន​ដឹង​រឿង​នេះ​ដែរ តែ​លោក​ទុក​ឱ្យ​អង្គភាព​ជំនាញ​ជា​អ្នក​ត្រូវ​ស្រាវជ្រាវ និង​ស្វែងរក​ការពិត។

ចំណែកឯ​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​មួយ​រូប​របស់​កូរ៉េខាងត្បូង​វិញ បាន​អះអាង​ថា ព័ត៌មាន​ដែល​មាន​នៅ​ក្នុង​ឯកសារ​សម្ងាត់​ដែល​បាន​បែកធ្លាយ​នោះ មើល​ទៅ​ដូចជា​មាន​ការ​កែច្នៃ ហើយ​ជា​ការ​បំផុស​នោះ​ជា​ព័ត៌មាន​មិន​ពិត។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​រង​នៃ​ប្រទេស​កូរ៉េខាងត្បូង Kim Tae-hyo បាន​ថ្លែង​ដូចនេះ​ក្នុង​ពេល​ចេញ​ដំណើរ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី Yoon Suk Yeo ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃទី​២៦ ខែ​មេសា ខាងមុខ​នេះ។

ប៉ុន្តែ​ក្រុម​អ្នកវិភាគ និង​អ្នក​សង្កេតការណ៍​ចោទ​សួរ​ថា តើ​ឯកសារ​សម្ងាត់​របស់​ភ្នាក់ងារ CIA អាមេរិក​បែកធ្លាយ​ដោយ​ចេតនា ឬ​ក៏​អចេតនា ដែល​មើល​ទៅ​ដូចជា​ពុំ​មាន​ការ Hack នោះ?៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស