40.6 C
Phnom Penh

លោក សម រង្ស៊ី៖ កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និង​លោក ថាច់ សេដ្ឋា នឹង​ត្រូវ​ដោះលែង​ក្រោយ​បោះឆ្នោត​រួច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ និង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា នឹង​ត្រូវ​ដោះលែង​នៅ​ក្រោយ​ការ​បោះឆ្នោត។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១១ មេសា នេះ​ថា លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ក្រោម​បញ្ជា​របស់​គាត់​ចាប់​មនុស្ស​ទាំង ៣​នាក់​នេះ​យក​ទៅ​ឃុំឃាំង​រហូត​ទាល់តែ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ រួចរាល់ ទើប​គាត់​ឱ្យ​គេ​ដោះលែង​អ្នក​ទាំងនោះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

លោក សម រង្ស៊ី លើកឡើង​ថា ប្រសិនបើ​អ្នក​ទាំង ៣​នាក់​នេះ​មាន​សេរីភាព​ឡើងវិញ​មុន​ថ្ងៃ​បោះឆ្នោត ពួកគាត់​នឹង​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ការពិត​ទាំងអស់ ហើយ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​លោក ហ៊ុន សែន កាន់តែ​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន​នេះ​ថែម​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​សន្លឹកឆ្នោត​រឹតតែ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ប្រើ​អំណាច​គាបសង្កត់​ប្រជាពលរដ្ឋ​កាន់តែ​ខ្លាំង​សព្វថ្ងៃ​នេះ ខណៈ​ប្រជាពលរដ្ឋ​ច្រើន​លើសលប់​កាន់តែ​ស្អប់​មេដឹកនាំ​របស់​ខ្លួន ដោយសារ​តែ​ទង្វើ​យង់ឃ្នង​ដែល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​មក​លើ​ប្រជាពលរដ្ឋ​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៣ សារព័ត៌មាន​អន្តរជាតិ The Diplomat បាន​ចុះផ្សាយ​អត្ថបទ​មួយ​ទាក់ទង​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោម​ចំណងជើង​ថា «នៅ​កម្ពុជា ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​គេ​បញ្ជា​ឲ្យ​ស្រឡាញ់​មនុស្ស​ដែល​ធ្វើ​បាប​ខ្លួនឯង»

សារព័ត៌មាន​អន្តរជាតិ The Diplomat បាន​លើកឡើង​នូវ​សម្ដី​របស់​លោក ហ៊ុន សែន ដែល​គាត់​បាន​ព្រមាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​គឺជា​មនុស្ស​ក្បាល​រឹង​ចំពោះ​ការ​គាបសង្កត់​ពី​បរទេស ហើយ​លោក​កាន់តែ​សង្កត់​អ្នក​ជាប់​ទោស ឬ​ពិរុទ្ធជន​ជាប់​គុក ឬ​ជាប់​ឃុំ​កាន់តែ​យូរ ដែល​អ្នក​ទាំងនោះ​ត្រូវតែ​ចងចាំ​លើ​ចំណុច​នេះ។ ក្នុង​ខ្លឹមសារ​នេះ សារព័ត៌មាន​អន្តរជាតិ The Diplomat លើកឡើង​ថា ការ​បញ្ជាក់​របស់​លោក ហ៊ុន សែន បែប​នេះ ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើងៗ​ពី​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ សកម្មជន​សង្គម សកម្មជន​នយោបាយ និង​អ្នក​នយោបាយ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ មិន​ត្រូវ​បាន​លោក ហ៊ុន សែន ដោះលែង​ឱ្យ​មាន​សេរីភាព​ទេ ដោយសារតែ​ពួកគេ​មិន​សុំទោស ឬ​មិន​សុំ​ឱ្យ​មាន​ការ​លើកលែង​ពី​មេដឹកនាំ​ខ្មែរ​រូប​នេះ ខណៈ​អ្នក​ទាំងនោះ​បែរ​ជា​ទាមទារ​ឱ្យ​សហគមន៍​អន្តរជាតិ​ពិនិត្យ​មើល​ការ​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅវិញ។

ជាក់ស្តែង សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ និង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា នៅតែ​ត្រូវ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​រហូត​ដល់​ពេល​នេះ ដោយសារតែ​ពួកគេ​មិន​ត្រឹមតែ​មិន​សុំ​ឱ្យ​លោក ហ៊ុន សែន លើកលែង​ទោស​ឱ្យ​ខ្លួន​ទេ តែ​បែរ​ជា​នាំគ្នា​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​ស្វែងរក​យុត្តិធម៌​សម្រាប់​ពួកគេ​ទៅវិញ ដែល​ជា​ភស្តុតាង​មួយ​បញ្ជាក់​ថា ពួកគេ​មិន​សុខចិត្ត​ចុះចាញ់​ការ​គាបសង្កត់​របស់​លោក ហ៊ុន សែន ដាច់ខាត។

សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាល​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ និង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៦​ឆ្នាំ ពី​បទ «រួម​គំនិត​ក្បត់» ខណៈ​តំណាង​សហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​លើក​ទី​២ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដែល​កំពុង​បន្ត​នីតិវិធី​តាម​ផ្លូវ​តុលាការ​សព្វថ្ងៃ​នេះ ដោយឡែក​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៦ មករា ក្រោម​ហេតុផល​ថា បាន​ចេញ​សែក​ស្អុយ​កាលពី​ឆ្នាំ​២០១៩ កន្លងទៅ។

យ៉ាងណា​ក៏ដោយ ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស ចាប់​ខ្លួន​តំណាង​សហជីព និង​ការ​ចាប់​ខ្លួន​អ្នក​នយោបាយ ព្រមទាំង​សកម្មជន​នយោបាយ​កន្លងមក ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​ការ​កេង​ចំណេញ​នយោបាយ​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ ជាពិសេស​ការ​ចាប់​ខ្លួន​នេះ​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ដំណើរការ​នៃ​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​ក្នុង​ឆ្នាំ​២០២៣ នេះ​យ៉ាង​ខ្លាំង។

កាលពី​ចុង​ឆ្នាំ​២០២១ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្តីអំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នានា​យ៉ាង​ធ្ងន់ធ្ងរ ចំណែក​ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ ក៏​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មិន​ត្រឹមត្រូវ ដើម្បី​បង្ក្រាប​ទៅ​លើ​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ឯក​បក្ស​សព្វថ្ងៃ​នេះ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស