អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង លើក​ដៃ​លា​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​របស់​សាលា​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​នានា នៅ​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៣។

ព័ត៌មានជាតិ

អាជ្ញាធរ​បញ្ចេញ​រថយន្តក្រុង​៣៤៥​គ្រឿង​ដឹក​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ

By ឌឹ ខេមបូឌា ដេលី

April 14, 2023

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ចេញ​រថយន្ត​ដឹក​អ្នក​ដំណើរ​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ (City Bus) ចំនួន ៣៤៥​គ្រឿង សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​នៅ​ទូទាំង​ប្រទេស​ដោយ​មិន​បង់ប្រាក់ ទាំង​ទៅ ទាំង​មក ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង នៅ​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៣ នេះ នាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​របស់​សាលា​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​នានា ក្នុង​នោះ​រថយន្ត ៧​គ្រឿង​សម្រាប់​ប្រើប្រាស់​ជា​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​រថយន្ត ២៧៥​គ្រឿង​ផ្សេង​ទៀត គឺ​សម្រាប់​ប្រើប្រាស់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទាំង​ទៅ​ទាំង​មក​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស។

លោក ឃួង ស្រេង អះអាង​ថា ចំពោះ​ការ​ធ្វើ​ដំណើរ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​កំពង់ធំ សាលា​រាជធានី​ភ្នំពេញ​បាន​ត្រៀម​រថយន្ត​សរុប ១១៨​គ្រឿង​សម្រាប់​ត្រៀម​ដឹកជញ្ជូន​ប្រជាពលរដ្ឋ។ ដោយឡែក​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត ក៏​មាន​ការ​បែងចែក​រថយន្ត​សម្រាប់​ដឹកជញ្ជូន​ដូច​គ្នា​ដែរ។

ការ​បញ្ចេញ​រថយន្ត​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ ធ្វើឡើង​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្រកាស​កាលពី​ពេល​កន្លងទៅ​នេះ។

កាលពី​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ត្រៀម​រថយន្តក្រុង​ដើម្បី​ដឹកជញ្ជូន​ពលរដ្ឋ​ទៅ​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នៅ​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២៣ នេះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មេសា នេះ​ថា ការ​បញ្ចេញ​រថយន្ត​ដើម្បី​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​សម្រាប់​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ គឺ​ជា​មធ្យោបាយ​ដ៏​ល្អ ព្រោះ​ថា​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ព្រមៗ​គ្នា​ទៅ​តាម​បណ្តា​ខេត្ត​នៅ​ក្នុង​ឱកាស​បុណ្យ​ជាតិ​បែប​នេះ គឺ​តែង​ប្រឈម​នឹង​ការ​ដំឡើង​ថ្លៃ​រថយន្ត​ពី​សំណាក់​ម្ចាស់​រថយន្ត​ឈ្នួល​មួយ​ចំនួន​ដោយ​ចៀស​មិន​ផុត​នោះ​ឡើយ។

លោក សេក សុជាតិ លើកឡើង​ថា ប្រសិនបើ​រាជរដ្ឋាភិបាល​ធ្វើ​បែប​នេះ​ឲ្យ​បាន​រៀល​រាល់​ឆ្នាំ គឺ​រឹតតែ​ល្អ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នៃ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ដែល​តែងតែ​កកស្ទះ​ដោយសារ​ការ​កើនឡើង​នៃ​អ្នក​ធ្វើ​ដំណើរ​ក្នុង​រដូវ​បុណ្យទាន​ម្តងៗ ហើយ​ប្រសិនបើ​រដ្ឋាភិបាល​អាច​ធ្វើ​បាន​រាល់​ឆ្នាំ​មែន​នោះ ក៏​ជា​ការ​បញ្ចៀស​នូវ​ការ​រិះគន់​ដែល​លើកឡើង​ថា ការ​បញ្ចេញ​រថយន្ត​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​នៅ​មុន​ពេល​បោះឆ្នោត​នេះ គឺ​គ្រាន់តែ​ជា​ការ​កេង​ចំណេញ​នយោបាយ​នោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​អាច​ធ្វើ​បែប​នេះ​បាន​រាល់ៗ​ឆ្នាំ នឹង​ទទួល​បាន​នូវ​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន​កាន់តែ​ខ្លាំង។ ជាង​នេះ​ទៀត ក៏​ជា​មុខមាត់​របស់​រដ្ឋាភិបាល​ផង​ដែរ​ដែល​ជា​ផ្នែក​មួយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​បុណ្យ​ជាតិ​របស់​ខ្លួន។

យ៉ាងណា​ក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​បញ្ចេញ​ឡាន​រាប់​រយ​គ្រឿង​ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​នេះ ពិត​មែន​តែ​អាច​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ពេល​ចូលឆ្នាំ​ខ្មែរ​នេះ ប៉ុន្តែ​ចេតនា​ពិតប្រាកដ​របស់​លោក ហ៊ុន សែន ជា​ចម្បង មិនមែន​ដើម្បី​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​ប្រជាពលរដ្ឋ​ទេ គឺ​ដើម្បី​សន្លឹកឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត​នា​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ប៉ុណ្ណោះ។

ប្រភព​ដដែល​បញ្ជាក់​ថា រាល់​សកម្មភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ ប៉ុន្តែ​ការពិត ពួកគេ​គឺ​ធ្វើ​ដើម្បី​តែ​ដោះដូរ​សន្លឹកឆ្នោត​ប៉ុណ្ណោះ។ ក្នុង​ន័យ​នេះ គឺ​មាន​ន័យ​ថា បើ​សកម្មភាព​ទាំងឡាយ​ណា​មិន​បាន​ផល​ចំណេញ​ទេ ពួកគេ​នឹង​មិន​ធ្វើ​ជាដាច់ខាត បើ​ទោះបីជា​រឿង​នោះ​គឺជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ក៏ដោយ។

យ៉ាងណា​ក៏ដោយ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង អះអាង​នៅ​ថ្ងៃទី​១៣ មេសា នេះ​ថា ការ​រៀបចំ​រថយន្តក្រុង​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ពេលនេះ គឺ​បាន​រួម​ចំណែក​ជួយ​កាត់បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​មួយ​ផ្នែក​ធំ ជាពិសេស​បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​ចំនួន​ផង​ដែរ៕