មន្ត្រីជាន់ខ្ពស់ខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អបអរសាទរ និងជូនពរអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ដែលជាខេត្តមួយស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ដូចគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលនេះ។
អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តយ៉ាឡាយ លោក ចូវ ង៉ុកទ័ន បានលើកឡើងក្នុងជំនួបជាមួយអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះថា កម្ពុជា-វៀតណាមជាមិត្តដែលមានទំនាក់ទំនងល្អលើគ្រប់វិស័យ ជាពិសេសមានទំនាក់ទំនងជាប្រវត្តិសាស្ត្រក្នុងការសាមគ្គីប្រយុទ្ធជាមួយសត្រូវរួមនៅក្នុងសម័យសង្គ្រាមនាពេលកន្លងមកផងដែរ។
គណៈកម្មាធិការបក្សខេត្តយ៉ាឡាយរូបនេះស្នើសុំឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង រក្សាទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរបស់ខេត្តទាំងពីរឲ្យកាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើនចំពោះជីវភាពរស់នៅរបស់ប្រជាជននៃខេត្តទាំងពីរបន្ថែមទៀត។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មន្ត្រីជាន់ខ្ពស់នៃខេត្តយ៉ាឡាយរបស់វៀតណាម និងខេត្តស្ទឹងត្រែងរបស់កម្ពុជា បានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ក្នុងនោះអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ចាត់ទុកថាការជួបពិភាក្សា សួរសុខទុក្ខពីសំណាក់មន្ត្រីជាន់ខ្ពស់ខេត្តយ៉ាឡាយ នេះ គឺជាការបង្ហាញពីទំនាក់ទំនងល្អ និងចំណងមិត្តភាពយូរអង្វែង ហើយក៏ដើម្បីធ្វើឲ្យមានកិច្ចសហប្រតិបត្តិការល្អប្រសើររវាងខេត្តទាំងពីរទៅថ្ងៃមុខដែរ។
លោក ស្វាយ សំអ៊ាង បញ្ជាក់ថា កម្ពុជា-វៀតណាម តែងមានទំនាក់ទំនងល្អជាប្រពៃណី ដែលនឹងបន្តដល់កូនចៅជំនាន់ក្រោយឱ្យបន្តនូវទំនាក់ទំនងដ៏ល្អនេះ ដើម្បីឱ្យចំណងមិត្តភាពរវាងកម្ពុជា-វៀតណាមកាន់តែរឹងមាំទៅថ្ងៃមុខ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ មេសា នេះថា ការរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង គឺជារឿងដែលកម្ពុជាត្រូវតែធ្វើ ប៉ុន្តែរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជាក៏ត្រូវតែគិតពីផលប្រយោជន៍របស់ខ្លួនក្នុងទំនាក់ទំនងនោះដែរ ព្រោះថាវៀតណាមបានកេងយកផលប្រយោជន៍ជាច្រើនពីខេត្តដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ដូចជាខេត្តស្ទឹងត្រែង សព្វថ្ងៃនេះជាដើម។
លោក ម៉ែន ណាត ព្រមានថា រដ្ឋាភិបាលកម្ពុជាត្រូវតែដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (Development Triangle Area) ជាដាច់ខាត ព្រោះគម្រោងនេះគ្រាន់តែជាផែនការរបស់វៀតណាម ដើម្បីឈ្លានពានព្រំដែន សេដ្ឋកិច្ច និងនយោបាយប្រជាសាស្ត្ររបស់ពួកគេមកលើកម្ពុជាប៉ុណ្ណោះ ខណៈកម្ពុជានឹងមិនទទួលបានផលចំណេញពីគម្រោងនេះឡើយ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ក្នុងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍នេះមានតែជនជាតិវៀតណាមប៉ុណ្ណោះដែលដើរតួជាឈ្មួញកាន់គម្រោងអភិវឌ្ឍន៍ធំៗលើទឹកដីកម្ពុជា ស្របពេលដែលរដ្ឋាភិបាលខ្មែរបានសម្បទានដីរាប់ពាន់ហិកតារឱ្យពួកគេ ខណៈដីរបស់វៀតណាមដែលបានដាក់ជាចំណុះក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ មិនទាន់មានជនជាតិខ្មែរណាម្នាក់មានសិទ្ធិគ្រប់គ្រង ឬទទួលបានដីសម្បទានពីរដ្ឋាភិបាលវៀតណាម សម្រាប់ធ្វើការអភិវឌ្ឍនោះឡើយកន្លងមក។
ខេត្តស្ទឹងត្រែងរបស់កម្ពុជា និងខេត្តយ៉ាឡាយរបស់វៀតណាម គឺជាខេត្តដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានដាក់ចូលទៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ឬហៅថា CLV ដែលបានព្រមព្រៀងគ្នាបង្កើតឡើងកាលពីឆ្នាំ១៩៩៩ កន្លងទៅ ខណៈខេត្តក្រចេះ រតនគិរី និងមណ្ឌលគិរី របស់កម្ពុជា និងខេត្តកនតុម ដាក់ឡាក់ និងខេត្តប៊ិញភឿក របស់វៀតណាម រួមជាមួយខេត្ត ៤ ផ្សេងទៀតរបស់ឡាវ ក៏ត្រូវដាក់បញ្ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះដែរ។
ទិន្នន័យសង្គមស៊ីវិលបង្ហាញថា ខេត្តទាំង៤ របស់កម្ពុជាដែលបានដាក់ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះមានចំនួនប្រជាជនសរុបប្រមាណតែ ៥០ម៉ឺននាក់ប៉ុណ្ណោះ ខណៈខេត្តទាំង៤ របស់ប្រទេសឡាវ មានប្រជាជនប្រមាណ ៧០ម៉ឺននាក់ ដោយឡែកខេត្តទាំង៤ របស់ប្រទេសវៀតណាម មានប្រជាជនសរុបដល់ទៅជាង ៧លាននាក់ឯណោះ។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងក្រុមអ្នកឃ្លាំមើលកម្ពុជា ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍នេះជាបន្ទាន់ ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យរឹងមាំជាមុនសិន ចាំគិតគូរពិចារណារឿងការអភិវឌ្ឍរួមគ្នានេះឡើងវិញ ដើម្បីបញ្ចៀសហានិភ័យនានា ឬគ្រោះថ្នាក់ធ្វើឱ្យបាត់បង់ព្រំដែនកម្ពុជាទៅថ្ងៃក្រោយបន្ថែមទៀត។
ខេត្តស្ទឹងត្រែង មានព្រំដែនជាប់ជាមួយខេត្ត២ របស់ប្រទេសឡាវ គឺខេត្តចាំប៉ាសាក់ និងខេត្តអត្តពើ ក្នុងនោះព្រំដែនដែលជាប់ជាមួយខេត្តចាំប៉ាសាក់ មានប្រវែង ១៦៦គីឡូម៉ែត្រ និងជាប់ជាមួយខេត្តអត្តពើ មានប្រវែង ៩១គីឡូម៉ែត្រ ខណៈស្រុក ក្រុង ដែលនៅជាប់ព្រំដែនជាមួយឡាវ មានដូចជាក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមប៉ាង ផងដែរ៕