38 C
Phnom Penh

សង្គម​ស៊ីវិល​ទទូច​ឱ្យ​គណបក្ស​នយោបាយ​និង​អ្នកគាំទ្រ​ងាក​មក​ផ្សះផ្សា​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សង្គម​ស៊ីវិល​ទទូច​ឲ្យ​គណបក្ស​នយោបាយ និង​អ្នក​គាំទ្រ​នយោបាយ នាំគ្នា​បង្កើត​វប្បធម៌​នយោបាយ​ដោយ​ឈរ​លើ​គោលការណ៍​បង្រួបបង្រួម​សាមគ្គី​អធ្យាស្រ័យ ដោយ​ទទូច​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ​ទាំងអស់ រួម​មាន​សកម្មជន​សង្គម សហជីព និង​អ្នក​នយោបាយ​ឲ្យ​មាន​សេរីភាព​វិញ​ដើម្បី​ងាក​មក​រក​ការ​ផ្សះផ្សា​ជាតិ។

សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួម​ទាំង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) ចេញ​ផ្សាយ​នា​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៣ បាន​លើកឡើង​ថា ការ​ផ្លាស់ប្ដូរ​វេន​របស់​ទេវតា​បាន​ញ៉ាំង​សេចក្ដី​រីករាយ​ដល់​មនុស្ស​លោក ដែល​ជា​សញ្ញាណ​មួយ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ​បាន​ត្រៀម​កាយ វាចា និង​ចិត្ត ដើម្បី​ធ្វើ​រឿង​ថ្មីៗ​ក្រោយ​ពេល​ឆ្លង​ឆ្នាំ​ខ្មែរ​រួច។

ការ​ទទូច​របស់​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​នា​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​មុន​ពិធីបុណ្យ​ចូលឆ្នាំ​កន្លងទៅ លោក ហ៊ុន សែន បាន​ព្រមាន​តាម​កម្ទេច​ក្រុម​គណបក្ស​ប្រឆាំង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំបិទ​សំឡេង​ពួកគេ​មុន​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ។

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា ដែល​បាន​ប្រើ​ប្រព័ន្ធ​តុលាការ​មុន​ការ​បោះឆ្នោត ដោយ​កាត់ទោស​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជាប់​គុក​ក្នុង​ផ្ទះ​រយៈពេល ២៧​ឆ្នាំ ពី​បទ «ក្បត់​ជាតិ»។ ចំណែក​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ចាញ់​ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ករណី​រិះគន់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ ខណៈ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា កំពុង​ជាប់​ពន្ធនាគារ​ព្រៃស​ពាក់ព័ន្ធ​នឹង​រឿង​ចេញ​សែក​ស្អុយ។

ចំណែក​សកម្មជន ឬ​អ្នកគាំទ្រ និង​អ្នក​ការពារ​សិទ្ធិមនុស្ស ជាដើម ត្រូវ​បាន​លោក ហ៊ុន សែន ដែល​ជា​បុរស​ខ្លាំង​កាន់​អំណាច​យូរ​ជាងគេ​លើ​ពិភពលោក ធ្វើ​ទុក្ខបុកម្នេញ និង​តាម​គំរាមកំហែង​លើ​ពួកគេ​គ្រប់​រូបភាព ដើម្បី​បំបិទ​សំឡេង និង​មតិផ្ទុយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

ការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​បំបិទ​សំឡេង​រិះគន់ ព្រមទាំង​មតិផ្ទុយ​នេះ គឺ​ដើម្បី​រៀបចំ​ផ្ទេរ​អំណាច​ឲ្យ​កូនប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​កម្ពុជា​បន្ត​វេន​ពី​លោក។

ចំណែក​លោក សម រង្ស៊ី ដែល​ចូលរួម​កម្មវិធី​ចូលឆ្នាំ​ខ្មែរ​នៅ​វត្ត​ច័ន្ទរង្សី ក្នុង​ទីក្រុង​ប៉ារីស បាន​ថ្លែង​ថា លោក​ជូនពរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​សេចក្តី​សុខ សេរីភាព និង​ជាពិសេស​លោក​ចង់​ឃើញ​មេដឹកនាំ​ខ្មែរ​នៅ​ក្រោយ​ការ​បោះឆ្នោត​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ប្រកប​ដោយ​ព្រហ្ម​វិហារធម៌។

រីឯ​គណបក្ស​ភ្លើង​ទៀន បួងសួង​ឲ្យ​បញ្ចប់​ជម្លោះ​នយោបាយ​តាមរយៈ​វប្បធម៌​សន្ទនា ឆ្ពោះ​ទៅ​ឯកភាព និង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពិតប្រាកដ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស