27 C
Phnom Penh

សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន​៥​នាក់​ទៅ​តុលាការ​ករណី​បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា​ជំរិត​ទារ​ប្រាក់​១០​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ចាប់ និង​បញ្ជូន​ជនជាតិ​ចិន ៥​នាក់​ទៅ​តុលាការ ករណី​ពួកគេ​ចាប់​បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា​ដើម្បី​ជំរិត​ទារ​ប្រាក់​ចំនួន ១០​លាន​ដុល្លារ។

សារព័ត៌មាន​រដ្ឋាភិបាល Fresh News បាន​ដកស្រង់​សម្ដី​របស់​មន្ត្រី​តុលាការ ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ មេសា នេះ​ថា តុលាការ​កំពុង​សាកសួរ​ជនជាតិ​ចិន​ទាំងនោះ​ករណី​ជំរិត​ទារ​ប្រាក់​ជនជាតិ​ចិន​ដូច​គ្នា ស្ថិត​នៅ​អគារ​ស្កាយ​វីឡា ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ។

ជនជាតិ​ចិន​ទាំង ៥​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៣ បន្ទាប់ពី​ទទួល​បាន​បណ្ដឹង​ពី​គ្រួសារ​ជនរងគ្រោះ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​ជំនាញ​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ទាំងនោះ​ដោយ​ដក​ហូត​វត្ថុ​តាង មាន​ដូចជា រថយន្ត​ម៉ាក Alphard ផ្លាក​លេខ​តាកែវ 2D-8888 ចំនួន ១​គ្រឿង ព្រមទាំង​កាំភ្លើង​វែង ១​ដើម និង​កាំភ្លើងខ្លី ១​ដើម។ ក្រៅពី​រថយន្ត និង​អាវុធ ក៏​មាន​ឧបករណ៍​ខ្ទប់​សំឡេង បង់​ចំនួន​១ គ្រាប់កាំភ្លើង​វែង​ខ្លី​មួយ​ចំនួន គ្រាប់បែក ១​គ្រាប់ កូនកាំបិត​២ ខ្នោះដៃ ៣​គូ វិទ្យុទាក់ទង ៣​គ្រឿង ទូដែក ទូរសព្ទ​ដៃ ជាដើម។

ចំណែក​នៅ​ប្រតិបត្តិការ​នៅ​បុរី​មួយ​កន្លែង​ក្នុង​ខណ្ឌ​ដង្កោ វិញ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង កាំភ្លើង​ម៉ាក ZOTAKI M9 06-T គ្រាប់កាំភ្លើង​ចំនួន ៦​គ្រាប់ បង់​ចំនួន​១ ទូរសព្ទ​ដៃ លិខិត​ឆ្លងដែន​ចំនួន​១ រថយន្ត​មួយ​គ្រឿង​ម៉ាក Vellfier ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ 2BT-1768 មួយ​គ្រឿង​ផង​ដែរ។

កាលពី​ថ្ងៃទី​២៣ ខែ​មីនា នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ណែនាំ និង​ជំរុញ​ទៅ​លេខាធិការដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឲ្យ​ពង្រឹង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​បន្ថែម​ទៀត ទោះបី​ប្រតិបត្តិការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ ថយ​ចុះ​ក្ដី។

លោក ស ខេង អះអាង​ថា ក្រុម​ឧក្រិដ្ឋជន​អាច​ចេញ​ទៅ​ជ្រក​នៅ​តាម​ខេត្ត​ផ្សេងៗ ដែល​ករណី​នេះ​ទាមទារ​ឲ្យ​ទាំង​មន្ត្រី និង​វិស័យ​ឯកជន ត្រូវ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត។ លោក​ក៏​បាន​ស្នើ​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​សង្គ្រោះ​ជនរងគ្រោះ និង​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស។

លោក​បន្ត​ថា ដើម្បី​ធានា​បាន​ថា​ជនរងគ្រោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​ទទួល​បាន​យុត្តិធម៌​ត្រឹមត្រូវ​នោះ លុះត្រាតែ​អ្នក​ប្រព្រឹត្ត​បទល្មើស​ករណី​ជួញដូរ​មនុស្ស​ត្រូវ​បាន​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស