ក្រុមអ្នកឃ្លាំមើលសង្គមបានចោទសួរទៅកាន់បេក្ខជនអនាគតនាយករដ្ឋមន្ត្រីដ៏ចម្រូងចម្រាសរបស់បក្សកាន់អំណាច លោក ហ៊ុន ម៉ាណែត ថាតើអាចមានទោសខាងវិន័យកងទ័ពទេ បើនាយឧត្តមសេនីយ៍ផ្កាយមាស៤ ដែលត្រូវព្រះមហាក្សត្រទើបតែងតាំងរូបនេះនៅតែបន្តពាក់ឯកសណ្ឋានឋានន្តរស័ក្តិផ្កាយមាស៣ ដែលផ្ទុយពីព្រះរាជក្រឹត្យតែងតាំងរបស់ព្រះមហាក្សត្រ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៩ មេសា នេះ ដោយលើកជាសំណួរទៅកាន់លោក ហ៊ុន ម៉ាណែត ថា តើថ្ងៃណាទើបនាយឧត្តមសេនីយ៍រូបនេះពាក់ឯកសណ្ឋានកងទ័ពដែលមានឋានន្តរស័ក្តិផ្កាយមាស៤ តាមការតែងតាំងនៃព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខ្មែរ?
បណ្ឌិត សេង សារី លើកឡើងថា មកទល់ពេលនេះមានរយៈពេល ១ខែហើយដែលលោក ហ៊ុន ម៉ាណែត នៅតែបន្តពាក់ឯកសណ្ឋានកងទ័ពដែលមានឋានន្តរស័ក្តិផ្កាយ៣ ក្នុងពេលចូលរួមក្នុងកម្មវិធីកងទ័ពផ្សេងៗ។ លោកបន្ថែមថា បើលោក ហ៊ុន ម៉ាណែត នៅតែស្រឡាញ់ត្រឹមឯកសណ្ឋានឋានន្តរស័ក្តិផ្កាយ៣ គាត់គួរតែបោះបង់ផ្កាយដែលព្រះមហាក្សត្រតែងតាំងទៅឱ្យថ្នាក់ក្រោមរបស់ខ្លួននោះទៅ ហើយពួកគេប្រាកដជាដណ្តើមគ្នារើសយកមកពាក់មិនខាន មិនឱ្យធ្លាក់ដល់ដីទាន់នោះទេ?
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះលើកជាសំណួរថា តើមានច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាសក្រសួង ឬបទបញ្ជាផ្ទៃក្នុងណាមួយដែលចែងថា ទាល់តែធ្វើពិធីបំពាក់ឋានន្តរស័ក្តិរួច ទើបអាចពាក់ឯកសណ្ឋានឋានន្តរស័ក្តិផ្កាយមាស៤ ដែលព្រះមហាក្សត្រតែងតាំងរួចហើយ ឬមួយការពាក់ឯកសណ្ឋានផ្កាយ៤ ក្រោយពិធីបំពាក់ឋានន្តរស័ក្តិ គ្រាន់តែជាទម្លាប់ដែលគេចេះតែនាំគ្នាធ្វើតៗគ្នាមក ឬយ៉ាងណា?
កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃក្រសួងការពារជាតិវៀតណាម លោក ហ៊ុន ម៉ាណែត បានប្រើឯកសណ្ឋានកងទ័ពដែលមានឋានន្តរស័ក្តិផ្កាយ៣ ចូលរួមក្នុងកិច្ចប្រជុំនេះ ស្របពេលដែលលោកត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៅហើយនោះ។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» ដល់លោក ហ៊ុន ម៉ាណែត បន្ទាប់ពីលោក ហ៊ុន សែន ដែលជាឪពុក បានទូលថ្វាយព្រះអង្គឱ្យដំឡើងឋានន្តរស័ក្តិដល់លោក ហ៊ុន ម៉ាណែត ទៅជានាយឧត្តមសេនីយ៍ផ្កាយមាសបួន ស្របពេលដែលកូនប្រុសច្បងរបស់លោករូបនេះកំពុងត្រៀមខ្លួនស្នងមរតកអំណាចជានាយករដ្ឋមន្ត្រីបន្តពីលោកនាពេលដ៏ឆាប់ខាងមុខនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ មេដឹកនាំខ្មែរកាងអំណាចតត្រកូល លោក ហ៊ុន សែន លើកឡើងថា កូនប្រុសរបស់គាត់មិនចង់ឲ្យគាត់ស្នើព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិឲ្យខ្លួនគេទេ តែនៅទីបំផុត ក្នុងនាមលោកជាឪពុកត្រូវតែស្នើទៅព្រះមហាក្សត្រឲ្យដំឡើងឋានន្តរស័ក្តិឲ្យលោក ហ៊ុន ម៉ាណែត ទាំងដែលកូនប្រុសរបស់គាត់មិនដឹងថាខ្លួនឯងត្រូវបានដំឡើងឋានន្តរស័ក្តិផងនោះ។
លោក ហ៊ុន សែន បញ្ជាក់ថា ការដំឡើងឋានន្តរស័ក្តិឱ្យកូនប្រុសបង្កើតខ្លួនឯងនេះ គឺជាផែនការឆ្ពោះទៅរកការក្តោបក្តាប់អំណាចដើម្បីឱ្យលោក ហ៊ុន ម៉ាណែត មានអំណាចគ្រប់គ្រាន់ក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីលោកនៅថ្ងៃមុខ។
ក្រៅពីស្នើសុំព្រះមហាក្សត្រឲ្យដំឡើងឋានន្តរស័ក្តិឲ្យលោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ក៏បានចេញអនុក្រឹត្យតែងតាំងកូនប្រុសបង្កើតរបស់គាត់ម្នាក់ទៀត គឺលោក ហ៊ុន ម៉ានិត ជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមពីលើតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិសព្វថ្ងៃនេះផងដែរ។
យ៉ាងណាក៏ដោយ ក្រោយពីការលើកឡើងរបស់បណ្ឌិត សេង សារី សារព័ត៌មានដែលស្និទ្ធនឹងបក្សកាន់អំណាច ចុះផ្សាយនៅថ្ងៃទី១៩ មេសា នេះថា ក្រសួងការពារជាតិកម្ពុជា នឹងប្រារព្ធពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផ្កាយមាស៤ ដល់លោក ហ៊ុន ម៉ាណែត ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ៕