30 C
Phnom Penh

មេដឹកនាំ​ណាតូ​ទៅ​ទីក្រុង​គៀវ ខណៈ​អ៊ុយក្រែន​ទើប​ទទួល​បាន​ប្រព័ន្ធ​ខែល​មីស៊ីល Patriot ពី​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ Jens Stoltenberg បាន​មក​ដល់​ទីក្រុង​គៀវ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មិន​បាន​ប្រកាស​ឱ្យ​ដឹង​ជា​មុន ដែល​ជា​ទស្សនកិច្ច​លើកដំបូង​របស់​មេដឹកនាំ​យោធា​ដ៏​ធំ​នៅ​អឺរ៉ុប ទៅ​កាន់​ប្រទេស​អ៊ុយក្រែន កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ចូល​ដល់​ខែ​ទី​១៤ ហើយ​នេះ។

សារព័ត៌មាន​អ៊ុយក្រែន Kyiv Independent បាន​ចុះផ្សាយ​ដោយ​បង្ហាញ​នូវ​រូបភាព​មួយ​ចំនួន​អំពី​សកម្មភាព​លោក Stoltenberg នៅ​ទីក្រុង​គៀវ ខណៈ​មន្ត្រី​ណាតូ​ម្នាក់​ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​អគ្គលេខាធិការ​ណាតូ​ពិត​ជា​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​មែន។

ក្រុម​មន្ត្រី​ណាតូ​ក៏ដូចជា​មេដឹកនាំ​លោក​ខាងលិច​ជាច្រើន​ដែល​បាន​មក​ទស្សនកិច្ច​នៅ​អ៊ុយក្រែន ភាគច្រើន​មិន​បាន​ប្រកាស​ជា​សាធារណៈ​ឱ្យ​ដឹង​ជា​មុន​អំពី​គម្រោង​ធ្វើ​ដំណើរ​របស់​ពួកគេ ដោយសារ​ហេតុផល​សន្តិសុខ លើកលែងតែ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញូ ហ្គូតារេស បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​គៀវ ក្រោយ​មួយ​ថ្ងៃ​ដែល​លោក​បាន​ទៅ​ក្រុង​មូស្គូ ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន។

ក្នុង​ទីក្រុង​គៀវ ក្រោយពី​ទៅ​គោរព​វិញ្ញាណក្ខន្ធ​កងទ័ព​អ៊ុយក្រែន​ស្លាប់​ដោយ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន និង​ជួប​សួរ​សុខទុក្ខ​កងទ័ព លោក Stoltenberg ក៏​បាន​ទៅ​ពិនិត្យ​មើល​សព្វាវុធ​របស់​រុស្ស៊ី​ដែល​ត្រូវ​បាន​កងទ័ព​អ៊ុយក្រែន​បាញ់​ឆេះ និង​រឹបអូស។ លោក​ត្រូវ​ជួប​លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី។

វត្តមាន​របស់​លោក Stoltenberg នៅ​អ៊ុយក្រែន នា​ពេលនេះ ធ្វើឡើង​ស្រប​ពេល​ដែល​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី បាន​អូស​បន្លាយ​រយៈពេល ១៤​ខែ។ គេ​រំពឹង​ថា លោក Stoltenberg នឹង​ប្រគល់​លិខិត​របស់​លោក​ឋានៈ​ជា​អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ អញ្ជើញ​ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី ចូលរួម​កិច្ចប្រជុំ​កំពូល NATO នៅ​ខែ​កក្កដា ខាងមុខ ដែល​នឹង​ប្រព្រឹត្ត​ទៅ​លើ​ទឹកដី​នៃ​ប្រទេស​លីទុយអានី ជាប់​នឹង​តំបន់​កាលីនីនក្រាដ នៃ​ប្រទេស​រុស្ស៊ី។

ជាមួយ​គ្នា​នេះ NATO បាន​ប្ដេជ្ញា​ថា​នៅតែ​បន្ត​គាំទ្រ ដរាបណា​អ៊ុយក្រែន​នៅ​ប្រយុទ្ធ​ដើម្បី​សេរីភាព និង​ទឹកដី​របស់​ខ្លួន​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

វត្តមាន​របស់​លោក Stoltenberg ក្រោយពី​លោក បៃដិន ប្រធានាធិបតី​អាមេរិក​ទៅ​ដល់​ក្រុង​គៀវ កាលពី​ថ្ងៃទី​២២ កុម្ភៈ និង​ក្រោយពី​នាយករដ្ឋមន្ត្រី​ជប៉ុន Fumio Kishida បាន​ទៅ​ជួប​លោក ហ្សេឡេនស្គី នៅ​ក្រុង​គៀវ កាលពី​ថ្ងៃទី​២១ មីនា។ វត្តមាន​របស់​ក្រុម​មេដឹកនាំ​បរទេស​ទាំងអស់​ភាគច្រើន​ទៅ​លើក​ទឹកចិត្ត​កងទ័ព និង​អ្នក​នយោបាយ​អ៊ុយក្រែន ក្នុង​ការ​ធ្វើ​សង្គ្រាម​ដើម្បី​សេរីភាព និង​ទឹកដី​របស់​ប្រជាជន​អ៊ុយក្រែន។

តែ​វត្តមាន​របស់​លោក Stoltenberg នៅ​លើ​ទឹកដី​អ៊ុយក្រែន ដែល​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​របស់​រុស្ស៊ី ធ្វើឡើង​ក្រោយ​មួយ​ថ្ងៃ​ដែល​អ៊ុយក្រែន ប្រកាស​ថា​ប្រព័ន្ធ​ខែល​មីស៊ីល Patriot ជាច្រើន​គ្រឿង​ដែល​ជា​បច្ចេកវិទ្យា​សព្វាវុធ​របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ដឹក​មក​ប្រគល់​ដល់​ដៃ​កងទ័ព​អ៊ុយក្រែន​ហើយ។

ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន កាលពី​ថ្ងៃទី​១៩ មេសា ថា​ការ​ប្រគល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ពី​សម្ព័ន្ធមិត្ត ជា​ការ​ឆ្លើយតប​របស់​កងទ័ព​អ៊ុយក្រែន​កំពុង​រៀបចំ​បើក​ការ​ប្រយុទ្ធ​ទ្រង់ទ្រាយ​ធំ ដើម្បី​ដណ្ដើម​ទឹកដី​ពី​កងទ័ព​រុស្ស៊ី​មក​វិញ។

Oleksïi Reznikov រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន ថ្លែង​អរគុណ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ និង​ហុឡង់ដ៍ ដែល​បាន​ប្រគល់​ប្រព័ន្ធ​ខែល​មីស៊ីល Patriot មក​ឲ្យ​អ៊ុយក្រែន ក្នុង​ការ​ការពារ​ដែនអាកាស​របស់​ខ្លួន។

លោក​ថា ថ្ងៃ​នេះ​ផ្ទៃមេឃ​ខៀវ​ស្រស់​បំព្រង​របស់​អ៊ុយក្រែន នឹង​មាន​សុវត្ថិភាព ព្រោះ​ថា​ប្រព័ន្ធ​មីស៊ីល Patriot ត្រូវ​បាន​មក​ដល់​ទឹកដី​អ៊ុយក្រែន ហើយ។

ក្នុង​ពេល​ទស្សនកិច្ច​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ខែ​ធ្នូ ឆ្នាំ​២០២២ ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី បាន​ស្នើសុំ​សហរដ្ឋ​អាមេរិក​ប្រគល់​ឲ្យ​អ៊ុយក្រែន នូវ​ប្រព័ន្ធ​ខែល​មីស៊ីល Patriot ដែល​ជា​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់​មហាអំណាច​យោធា​ទី​១​ពិភពលោក​នេះ។ ក្នុង​ជំនួប​នា​ពេល​នោះ លោក បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​សន្យា​ថា​នឹង​ប្រគល់​ប្រព័ន្ធ​ខែល​មីស៊ីល​ដ៏​ទំនើប​មួយ​នេះ​ទៅ​ឱ្យ​អ៊ុយក្រែន។

ក្រោយពី​ការ​សន្យា​របស់​មេដឹកនាំ​អាមេរិក លោក ហ្សេឡេនស្គី បាន​អះអាង​ថា ប្រព័ន្ធ​មីស៊ីល Patriot នេះ​សម្រាប់​អ៊ុយក្រែន​ប្រើ​ដើម្បី​តែ​ការពារ​ដែនអាកាស​របស់​ខ្លួន​ប៉ុណ្ណោះ ដោយ​សន្យា​មិន​ធ្វើការ​វាយប្រហារ​លើ​ទឹកដី​រុស្ស៊ី​នោះ​ទេ។ ក្រោយពី​អាមេរិក​បើក​ភ្លើង​ខៀវ រដ្ឋាភិបាល​អាល្លឺម៉ង់ និង​ហុឡង់ដ៍ សន្យា​ប្រគល់​ប្រព័ន្ធ​ខែល​មីស៊ីល Patriot ទៅ​ឲ្យ​អ៊ុយក្រែន ដែរ។

អ៊ុយក្រែន កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ខែល​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក NAMSAM ចំនួន ៤​គ្រឿង និង​ប្រព័ន្ធ​មីស៊ីល​របស់​អាល្លឺម៉ង់ IRIS-T ចំនួន ២​គ្រឿង។ តែ​សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ជា​អាវុធ​របស់​សហរដ្ឋ​អាមេរិក វា​មាន​មុខងារ​ដ៏​ខ្លាំង​ក្នុង​ការ​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល​ដែល​គ្រាប់​របស់​វា​អាច​រត់​បាន​រយៈ​ចម្ងាយ ១៥០​គីឡូម៉ែត្រ។

ប្រព័ន្ធ​រ៉ាដា​របស់​វា​ងាយ​ចាប់​បាន​សញ្ញា​របស់​គ្រាប់​មីស៊ីល​ផ្សេងៗ​ទៀត។ Patriot ត្រូវ​កងទ័ព​អាមេរិក​ប្រើ​បាន​ជោគជ័យ​ក្នុង​ការ​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល​របស់​អ៊ីរ៉ាក់ កាលពី​ក្នុង​សង្គ្រាម​នៅ​ឆ្នាំ​២០០៣ ដែល​អាមេរិក និង​សម្ព័ន្ធមិត្ត មាន​អង់គ្លេស បារាំង អូស្ត្រាលី វាយលុក​ក្រុង​បាដាត ដើម្បី​បញ្ចប់​របប​ផ្ដាច់ការ​របស់ សាដាម ហូសេន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស