អតីតឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ និងភរិយា បានរើសម្ភារៈចេញពីផ្ទះ និងដីដែលលោកធ្លាប់រស់នៅអស់រយៈពេល ៤០ឆ្នាំ កាលពីពេលថ្មីៗនេះ បន្ទាប់ពីលោក ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់ ប្រសិនបើមិនប្រគល់ដីតម្លៃប្រមាណជា ៥០លានដុល្លារទៅឲ្យរដ្ឋវិញទេនោះ។
កូនប្រុសបង្កើតរបស់លោក គង់ គាំ គឺលោក គង់ មុនីកា បានបង្ហោះរូបថតជាមួយម្ដាយបង្កើតរបស់លោក ដោយភ្ជាប់ជាមួយនឹងរូបផ្ទះនៅខាងក្រោយ ដោយបង្ហាញពីការសោកស្ដាយ និងក្រៀមក្រំជាពន់ពេកចំពោះទ្រព្យសម្បត្តិ បើទោះបីជាគ្រួសាររបស់លោកបានរស់នៅលើដីនេះ ៤០ឆ្នាំហើយក្ដី។
លោកថា ដីដែលគ្រួសាររបស់លោករស់នៅអស់រយៈពេល ៤០ឆ្នាំមកនេះ គឺជាទីកំណើតនៃអ្នកប្រជាធិបតេយ្យនៅកម្ពុជាផង និងជាប្រវត្តិសាស្ត្រដែលលោក និងគ្រួសារមិនអាចបំភ្លេចបានផង។
លោក គង់ គាំ និងភរិយា បានសម្រេចប្រគល់ដីមួយកន្លែងនៅសង្កាត់ទន្លេបាសាក់ ទំហំជាងកន្លះហិកតារក្នុងរាជធានីភ្នំពេញដែលមានតម្លៃប្រមាណជា ៥០លានដុល្លារ ទៅឲ្យរដ្ឋវិញ ក្រោយពេលលោក ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់។ ក្រៅពីប្រគល់ដីហើយ លោក គង់ គាំ ក៏បានសារភាពកំហុស និងសុំអភ័យទោសជាសាធារណៈទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
មូលហេតុដែលនាំឱ្យលោក ហ៊ុន សែន ព្រមានចាត់វិធានការលើអ្នកនយោបាយអាយុជាង ៨០ឆ្នាំរូបនេះ បន្ទាប់ពីលោក គង់ គាំ បានទម្លាយប្រភពថ្ងៃ ៧មករា ថាមិនមានប្រភពនៅកម្ពុជានោះទេ ហើយមេដឹកនាំដែលកំពុងគ្រប់គ្រងអំណាច ក៏មិនមែនខ្មែរជាអ្នកបង្កើតដូចគណបក្សភ្លើងទៀននោះដែរ។
លោក គង់ គាំ បញ្ជាក់ថា អំឡុងពេលនោះកាលពីពេលដែលលោកធ្លាប់រួមរស់ជាមួយបក្សកាន់អំណាច គេតែងណែនាំថា «ផឹកទឹកឱ្យនឹកប្រភព ហើយជ្រកក្រោមម្លប់ឲ្យនឹកអ្នកដាំ»។
ការលើកឡើងរបស់លោក គង់ គាំ បានធ្វើឲ្យលោក ហ៊ុន សែន ប្រតិកម្មខ្លាំងៗ ខណៈតំណាងបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ប្ដឹងទារសំណងជំងឺចិត្តចំនួន ៥០ម៉ឺនដុល្លារ ដោយចោទថាធ្វើឲ្យប៉ះពាល់ដល់មុខមាត់ថ្នាក់ដឹកនាំប្រទេស៕