មេដឹកនាំដែលក្រាញអំណាចជិត ៤០ឆ្នាំនៅកម្ពុជា បានត្អូញត្អែរថា រូបលោកបច្ចុប្បន្នកំពុងក្លាយទៅជាអ្នកទោស ដោយសារសេរីភាពពាក់កណ្ដាលត្រូវបានបាត់បង់ព្រោះតែមានកម្លាំងជួយការពារច្រើនពេក។
ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារពុទ្ធាភិសេកនៅរាជធានី ភ្នំពេញ នាថ្ងៃចន្ទ ទី២៤ មេសា នេះ លោក ហ៊ុន សែន ថ្លែងថា ថ្មីៗនេះរូបលោក និងគ្រួសារចង់ទៅលេងខេត្តកែប ដោយស្ងាត់ៗ ប៉ុន្តែបែរជាត្រូវប្រធានក្រុមការងារសន្តិសុខ លោក យូ ស៊ុនឡុង ដាក់កម្លាំងការពារសន្តិសុខឲ្យលោកតាំងពីខេត្តកណ្តាល ខេត្តកំពង់ស្ពឺ តាកែវ កំពត រហូតដល់ខេត្តកែប ដោយប្រើកម្លាំងប្រមាណ ៣០០នាក់អមជាមួយនឹងឧទ្ធម្ភាគចក្រ ៣គ្រឿងថែមទៀតផងដែរ។
លោក ហ៊ុន សែន ថាបញ្ហាសន្តិសុខនេះបានធ្វើឲ្យលោកបាត់បង់សេរីភាពអស់ពាក់កណ្ដាល ដោយសារតែមានកម្លាំងដើម្បីការពារច្រើនពេក ដែលធ្វើឲ្យលោកពិបាកដើរហើរដូចពលរដ្ឋធម្មតា។
បុរសខ្លាំងក្រាញអំណាចតពូជនៅកម្ពុជារូបនេះបានចំអកទៅកាន់មេដឹកនាំបក្សប្រឆាំងថា កន្លងមកលោកមិនដែលគិតថានឹងបានធ្វើជានាយករដ្ឋមន្ត្រីទេ ប៉ុន្តែបែរជាបានធ្វើ និងបំបែកឯកត្តកម្មពិភពលោកដោយបានកាន់អំណាចយូរជាងគេរហូតជិត ៤ទសវត្សរ៍ ទាំងអ្នកខ្លះទោះបីស្លាប់ទៅជាតិក្រោយក៏មិនបានធ្វើនាយករដ្ឋមន្ត្រីដែរ។
លោក ហ៊ុន សែន មិនត្រឹមកាន់អំណាចយូរទេ មេដឹកនាំរូបនេះក៏កំពុងរៀបចំផ្ទេរអំណាចនាយករដ្ឋមន្ត្រីទៅឲ្យកូនប្រុសច្បងរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត ដើម្បីបន្តវេនផងដែរ។
ក្រុមអ្នកសង្កេតការណ៍និយាយថា ការរៀបចំផ្ទេរអំណាចពីឪពុកទៅកូននេះ លោក ហ៊ុន សែន បានត្រួសត្រាយផ្លូវសម្រាប់លោក ហ៊ុន ម៉ាណែត ដោយបញ្ជាទៅតុលាការឲ្យកាត់ទោសប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចំនួន ២៧ឆ្នាំ និងដកសិទ្ធិមិនឲ្យធ្វើនយោបាយអស់មួយជីវិត ក្រោមបទចោទប្រកាន់ដែលលោក ហ៊ុន សែន ថា «ក្បត់ជាតិ»។
បច្ចុប្បន្ន លោក កឹម សុខា ត្រូវបានតុលាការក្រោមបញ្ជារបស់លោក ហ៊ុន សែន ឃុំខ្លួននៅក្នុងផ្ទះជំនួសការឃុំខ្លួនក្នុងពន្ធនាគារ។
ក្រៅពីកាត់ទោសមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ហើយ ក្នុងឆ្នាំ២០២៣ នេះ លោក ហ៊ុន សែន ក៏បានបិទប្រព័ន្ធផ្សព្វផ្សាយវីអូឌី ស្របពេលដែលសកម្មជនសង្គម សកម្មជននយោបាយ និងមេដឹកនាំគណបក្សភ្លើងទៀនមួយចំនួន កំពុងជាប់បណ្ដឹងនៅតុលាការ និងកំពុងជាប់ពន្ធនាគារផងដែរ៕