ពលរដ្ឋជាង ២០០នាក់មកពីឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បាននាំគ្នាឡើងមកតវ៉ានៅខាងមុខសាលាខេត្តកណ្ដាល ដើម្បីទាមទារឲ្យអភិបាលខេត្តនេះកាត់ឆ្វៀលដីរបស់ពួកគេចេញពីតំបន់ព្រលានយន្តហោះថ្មី ដោយធ្វើការអភិវឌ្ឍនៅនឹងកន្លែង និងស្នើសុំឲ្យចេញប្លង់កម្មសិទ្ធិជូនដល់ពួកគេ។
ការឡើងមកទាមទារជាថ្មីទៀតរបស់ក្រុមពលរដ្ឋមកពីឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែមេសា នេះ បន្ទាប់ពីអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ នៅមិនទាន់បានដោះស្រាយបញ្ហាវិវាទដីធ្លីជូនពួកគេ។
អ្នកភូមិម្នាក់ក្នុងចំណោមពលរដ្ឋផ្សេងទៀត លោកស្រី អួង ស៊ីម ប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគាត់ឡើងមកតវ៉ានៅខាងមុខសាលាខេត្តជាលើកទី២ នេះ ដោយចង់ឲ្យលោក គង់ សោភ័ណ្ឌ ធ្វើការអភិវឌ្ឍនៅនឹងកន្លែង កុំបណ្ដេញពួកគេចេញពីលំនៅឋានដូចកាលពីពេលកន្លងមក ព្រោះដីធ្លីដែលពលរដ្ឋរស់នៅបច្ចុប្បន្នមានរយៈពេល ២០ឆ្នាំហើយ។
លោកស្រីស្នើទៅអភិបាលខេត្តកណ្ដាល ឲ្យកាត់ឆ្វៀលដីពួកគេចេញពីតំបន់ព្រលានយន្តហោះថ្មី និងសុំឲ្យចេញប្លង់កម្មសិទ្ធិផងដែរ ដោយថាពួកគាត់ទាំងអស់គ្នាមិនចង់បានសំណងទេ ជាថ្នូរផ្លាស់ប្ដូរទៅរស់នៅកន្លែងថ្មីឡើយ។
លោកស្រីបន្តថា ប្រសិនអភិបាលខេត្តកណ្ដាល នៅមិនព្រមដោះស្រាយបញ្ហាដីធ្លីទៀត ពួកគាត់នឹងបន្តឡើងមករកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន និងក្រសួងរៀបចំដែនដី។
ចំណែកពលរដ្ឋម្នាក់ទៀតលើកឡើងដែរថា បច្ចុប្បន្នពួកគេមិនអាចធ្វើស្រែ និងសង់ផ្ទះលើដីដែលធ្លាប់អាស្រ័យផលបានឡើយ ដោយសារបុគ្គលិកក្រុមហ៊ុនព្រលានយន្តហោះថ្មីចុះទៅរារាំង និងគំរាមកំហែងពួកគាត់។
តែយ៉ាងណា អាជ្ញាធរខេត្តកណ្ដាល បានប្រាប់សារព័ត៌មានក្នុងស្រុកដោយចោទប្រកាន់លើពលរដ្ឋឡើងទៅតវ៉ាព្រឹកនេះថា ជាអ្នករស់នៅលើដីខ្នងទំនប់ខុសច្បាប់ទៅវិញ។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ អ្នកភូមិជិត ៥០០នាក់នៅតំបន់ទំនប់៩៤ បានប្រមូលផ្ដុំតវ៉ានៅមុខសាលាខេត្តកណ្តាល ម្តងហើយ ដើម្បីស្នើដល់អភិបាលខេត្តផ្តល់ប្លង់កម្មសិទ្ធិដល់ពួកគេ ប៉ុន្តែរដ្ឋបាលខេត្តនេះមិនបានឆ្លើយតបអ្វីទៅពលរដ្ឋវិញឡើយជុំវិញការទាមទារនេះ។
បើតាមក្រុមប្រជាពលរដ្ឋ អះអាងថា ពួកគេជិត ៥០០គ្រួសាររស់នៅតំបន់ទំនប់៩៤ នេះជាង ៣០ឆ្នាំ ដោយមានឯកសារស្នាក់ និងសៀវភៅគ្រួសារនៅត្រឹមត្រូវ ជាដើម។
ពាក់ព័ន្ធនឹងករណីនេះ កាលពីខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយកាត់ដីរដ្ឋទំហំ២ ៦០០ហិកតារ ដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយនេះ ដែលលាតសន្ធឹងលើឃុំចំនួន៤ រួមមានឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ត្រូវបានទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) ដែលត្រូវចំណាយទឹកប្រាក់ជាងមួយពាន់លានដុល្លារ (១៥០០លានដុល្លារ)។
ប៉ុន្តែគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មី អូស៊ីអាយស៊ី (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ បានធ្វើឲ្យប៉ះពាល់ពលរដ្ឋ ៣៣០គ្រួសារនៅឃុំទាំង៤ នោះ ដែលមានក្បាលដីទំហំជាង ១លានម៉ែត្រការ៉េ។
បើតាមក្រុមពលរដ្ឋអះអាងថា គិតមកដល់បច្ចុប្បន្ន ជម្លោះដីធ្លីនៅតំបន់ព្រលានយន្តហោះអន្តរជាតិថ្មី មិនទាន់ដោះស្រាយចប់នៅឡើយ ដោយសារអាជ្ញាធរខេត្តបានដោះស្រាយផ្តល់សំណង ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីនោះតម្លៃចន្លោះ ៨០ ទៅជាង ១០០ដុល្លារឯណោះ៕