(ពី​ឆ្វេង) លោក ប៉ែន រដ្ឋា អតីត​អ្នក​តាក់តែង​គោលនយោបាយ​សុខាភិបាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល លោក កឹម សុខា លោក ប៉ែន ផល្លីកា អតីត​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​សៀមរាប និង​លោក យឹម ស៊ីណន។

នយោបាយ

មន្ត្រី​និង​សកម្មជន​ស្និទ្ធ​លោក កឹម សុខា ៤​នាក់​ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បន្ទាប់ពី​ចុះចូល

By ឌឹ ខេមបូឌា ដេលី

April 26, 2023

សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា សរុប​ចំនួន ៤​នាក់​ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា តាម​សំណើ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បន្ទាប់ពី​ពួកគេ​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា។

អតីត​សមាជិក​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២​រូប ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ នេះ ក្រោយ​ពេល​ពួកគេ​សម្រេច​ចុះចូល​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ប៉ែន ផល្លីកា ដែល​ជា​អតីត​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​សៀមរាប ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខណៈ​លោក ប៉ែន រដ្ឋា ដែល​ជា​អតីត​អ្នក​តាក់តែង​គោលនយោបាយ​សុខាភិបាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ផង​ដែរ។

ការ​តែងតាំង​មន្ត្រី​បក្ស​ប្រឆាំង​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​ទាំងនោះ​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច ក្រោយពី​មេ​បក្ស​របស់​ខ្លួន​លោក កឹម សុខា ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​គុក​ជិត ៣​ទសវត្សរ៍។

សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា សរុប​ចំនួន ៤​នាក់​ហើយ​ដែល​បាន​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​លោក យឹម ស៊ីណន អតីត​ប្រធាន​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក ហ៊ុន កុសល សកម្មជន​បក្ស​ប្រឆាំង លោក ប៉ែន ផល្លីកា អតីត​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​សៀមរាប និង​លោក ប៉ែន រដ្ឋា ដែល​ជា​អតីត​អ្នក​តាក់តែង​គោលនយោបាយ​សុខាភិបាល​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​លោក ផែង ហេង សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ដោយ​ភ្ជាប់​រូប​អ្នក​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​មួយ​ចំនួន​នៅ​ថ្ងៃទី​២៥ មេសា នេះ​ថា ទ្រឹស្ដី​ដែល​គេ​និយាយ​ថា គ្មាន​មិត្ត គ្មាន​សត្រូវ មាន​តែ​ផលប្រយោជន៍ គឺ​ពិត​ជា​ត្រូវ​ណាស់ ព្រោះ​ថា​នៅ​ពេល​នេះ គេ​បាន​ប្រើប្រាស់​ទ្រឹស្ដី​នេះ​យ៉ាង​ពេញ​និយម។ ជាក់ស្តែង សហការី​របស់​លោក កឹម សុខា កំពុង​រួសរាន់​ស្វែងរក​កន្លែង​រៀងៗ​ខ្លួន​ក្នុង​នៅ​ពេលនេះ។

លោក ផែង ហេង លើកឡើង​ថា នៅ​ពេល​នេះ​អតីត​មន្ត្រី​ខុទ្ទកាល័យ​មេ​បក្ស​ប្រឆាំង លោក មុត ចន្ថា និង​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ដូចជា​លោក ផែង ហេង ខ្លួនឯង​ផ្ទាល់ អ្នកស្រី ម៉េង សុភារី លោក ចាន់ ចេន លោក ហែម សុជាតិ និង​លោក អាង ឧត្តម ជាដើម មិនទាន់​ដឹង​ថា​មាន​ជំហរ​ដូចម្តេច​នៅឡើយ​ទេ បើ​ទោះបីជា​លោក កែត ឃី លោក សំ សុគង់ និង​លោក ជូង ជូងី ដែល​ជា​អតីត​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ទៅ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​ឲ្យ​បក្ស​ភ្លើង​ទៀន​ទៅ​ហើយ​ក៏ដោយ។

សហ​មេធាវី​ការពារ​ក្តី​មេ​បក្ស​ប្រឆាំង​រូប​នេះ​និយាយ​បែប​ចំអក ដែល​ទំនង​សំដៅ​ទៅ​កាន់​អ្នក​ដែល​ត្រៀម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​បន្ត​ទៀត​ថា បើ​នរណា​រក​កន្លែង ឬ​ច្រក​មិនទាន់​ឃើញ​ទេ សូម​មក​នៅ​ជាមួយ​លោក ព្រោះ​លោក​នឹង​រៀបចំ​បន្ទប់​រង់ចាំ​ជូន។

ចំណែក​លោក សួន រីដា ដែល​ជា​អតីត​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៥ មេសា នេះ​ថា ថ្មីៗ​នេះ​លោក ហ៊ុន សែន បាន​អូស​ទាញ​មន្ត្រី​ខាង​គណបក្ស​ប្រឆាំង​យ៉ាង​ច្រើន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ដោយ​ផ្តល់​ឋានៈ​តំណែង​ខ្លះ​ជា​រដ្ឋលេខាធិការ ខ្លះ​ជា​អនុរដ្ឋលេខាធិការ​នៅ​តាម​ក្រសួង​នានា។

លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​បងប្អូន​ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ឈឺចាប់​ទេ​ដែល​ខ្លួន​ស្មោះត្រង់​នឹង​គណបក្ស បម្រើ​គណបក្ស​ស្ទើរ​អស់​ជីវិត ខ្លះ​មិន​បាន​តំណែង​ទាំងនេះ​ផង ក៏ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ជាច្រើន​ពី​មុន​ធ្លាប់​តែ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​កប់ៗ​មាត់ ជាពិសេស​ទៅ​លើ​សម្តេច​តេជោ​ផ្ទាល់​តែម្តង ឥឡូវ​នេះ​ស្រាប់តែ​ទទួល​បាន​តំណែង​ធំៗ​ជា​រដ្ឋលេខាធិការ ជា​អនុរដ្ឋលេខាធិការ​មក​អង្គុយ​ធ្វើការ​លើ​អស់​លោក ឬ​មក​បញ្ជា​អស់​លោក​ដែល​ជា​អ្នក​ស្មោះត្រង់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ទៅវិញ។ តើ​ឈឺចាប់​ទេ?

លោក​បន្ត​ថា បងប្អូន​ដែល​ស្មោះត្រង់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ពិត​ជា​ល្ងង់​ណាស់ ស្មោះត្រង់​ផង អស់​លុយ​បម្រើ​បក្ស​ទៀត នៅតែ​គ្មាន​តម្លៃ​ដូច​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ចុះចូល​នោះ​ទេ។

លោក សួន រីដា បាន​សរសេរ​បែប​ចំអក​ថា មាន​ផ្លូវ​កាត់​មួយ​បើ​អ្នក​ណា​ចង់​ធ្វើ​ធំ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ទាល់តែ​ចូលរួម​គណបក្ស​ប្រឆាំង​ជា​មុន​សិន ជេរ​ឱ្យ​ខ្លាំងៗ រិះគន់​ឲ្យ​ខ្លាំងៗ រួច​ទើប​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ក្រោយ យ៉ាងហោចណាស់​ក៏​បាន​តំណែង​ជា​អនុរដ្ឋលេខាធិការ​នៅ​ក្រសួង​ណា​មួយ​ដែល​ខ្លួន​ចង់​បាន​ដែរ៕