33.3 C
Phnom Penh

ក្រុម​សង្គម​ស៊ីវិល​នឹង​ប្រមូលផ្ដុំ​សមាជិក​៥០០​នាក់​ដាក់​ញត្តិ​រក​ដំណោះស្រាយ​ជូន​កម្មករ​នៅ​ទិវា​ពលកម្ម​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សមាគម​ជាច្រើន​ស្ថាប័ន នឹង​ប្រមូលផ្ដុំ​សមាជិក​ចំនួន ៥០០​នាក់​ដែល​មកពី​វិស័យ​ផ្សេងៗ​នៅ​ថ្ងៃទី​១ ខែ​ឧសភា ខាងមុខ​នេះ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២០២៣ នៅ​សួនច្បារ​រូប​សំណាក​លោក ជា វិជ្ជា និង​ហែ​ក្បួន​ទៅ​កាន់​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​ស្វែងរក​ដំណោះស្រាយ​ជូន​កម្មករ​និយោជិត​ដែល​កំពុង​ជួប​ឧបសគ្គ។

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​ការងារ​ជិត ១០​ស្ថាប័ន បាន​ចេញ​លិខិត​រួម​គ្នា​មួយ​ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃទី​២៥ មេសា នេះ ដោយ​ជូនដំណឹង​ទៅ​កាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពី​ការ​ជួបជុំ​របស់​ពួកគេ​ដែល​មាន​មនុស្ស​ចូលរួម​ចំនួន ៥០០​នាក់ ដើម្បី​រៀបចំ​ពិធី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៧ ក្រោម​ប្រធានបទ «ធានា​សិទ្ធិ​ការងារ និង​សិទ្ធិ​ពលរដ្ឋ» ចាប់ពី​ម៉ោង ៧​ព្រឹក​រហូត​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់ នៅ​ដើម​ខែ​ឧសភា ខាងមុខ​នេះ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន ដូចជា​សម្ព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) និង​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (Adhoc) ជាដើម អះអាង​ថា ពួកគេ​នឹង​យក​ឱកាស​នៃ​ការ​ជួបជុំ​នេះ​ដង្ហែ​ក្បួន​ទៅ​កាន់​មន្ទីរ​រដ្ឋសភា​ជាតិ ដើម្បី​ដាក់​ញត្តិ​ឱ្យ​រដ្ឋសភា​កម្ពុជា​ស្វែងរក​ដំណោះស្រាយ​ជូន​កម្មករ​និយោជិត​ដែល​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ​នេះ។

អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មេសា នេះ​ថា ការ​ប្រារព្វ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី​១៣៧ ក្រោម​ប្រធានបទ «ធានា​សិទ្ធិ​ការងារ និង​សិទ្ធិ​ពលរដ្ឋ» នេះ គឺ​ដើម្បី​លើក​យក​របៀបវារៈ​វិស័យ​ការងារ រួម​ទាំង​ឧបសគ្គ និង​បញ្ហា​ប្រឈម​នានា​ទៅ​កាន់​រាជរដ្ឋាភិបាល និង​តួអង្គ​ពាក់ព័ន្ធ​សំខាន់ៗ ដើម្បី​ធ្វើការ​ដោះស្រាយ និង​ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​កម្មករ​និយោជិត។

លោក ឃុន ថារ៉ូ លើកឡើង​ថា វិស័យ​ការងារ​គឺជា​វិស័យ​អាទិភាព​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ស្នូល​របស់​ប្រទេស​ជាតិ​ទាំងមូល ប៉ុន្តែ​កម្មករ​ដែល​សកម្ម​ក្នុង​ការ​លើកស្ទួយ​វិស័យ​នេះ បាន​រង​នូវ​បណ្តឹង​សរុប​ចំនួន ៥៨​ករណី​ហើយ ទាំង​ករណី​ព្រហ្មទណ្ឌ និង​ស៊ីវិល ប្រឆាំង​នឹង​ថ្នាក់​ដឹកនាំ និង​សហជីព​ចាប់តាំង​ពី​ឆ្នាំ​២០១៣ មក ក្នុង​នោះ​មាន​ករណី​តិចតួច​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ដោះស្រាយ។

លោក​បន្ថែម​ថា រាល់​សកម្មភាព​ស្រប​ច្បាប់ ដូចជា​ការ​ធ្វើ​ការ​តវ៉ា និង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​របស់​សហជីព ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ញុះញង់ និង​បទឧក្រិដ្ឋ ជាដើម ដែល​ផ្ទុយ​នឹង​មាត្រា​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ច្បាប់​ស្ដីពី​ការងារ និង​អនុសញ្ញា​ស្នូល​អន្តរជាតិ​ផ្នែក​ការងារ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន ដែល​ធានា​សិទ្ធិ​មូលដ្ឋាន​របស់​កម្មករ​និយោជិត និង​អង្គការ​វិជ្ជាជីវៈ (សហជីព) រហូត​មក។

អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​រូប​នេះ​បញ្ជាក់​ថា ការ​វិវឌ្ឍ​ចុងក្រោយ​នៃ​ស្ថានភាព​នយោបាយ និង​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋ​អាមេរិក​មក​វិញ និង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% របស់​សហភាព​អឺរ៉ុប គឺជា​ក្តី​បារម្ភ​របស់​សហជីព និង​កម្មករ​រាប់​លាន​នាក់ ដែល​ជា​ទីផ្សារ​នាំចេញ​សំខាន់​របស់​ប្រទេស​កម្ពុជា​សរុប​ប្រមាណ​ជា ៥៧% នៃ​ចំណូល​មធ្យម​សរុប​របស់​ពលរដ្ឋ​កម្ពុជា និង​ប្រមាណ ៣៣% នៃ​ផលិតផល​សរុប​របស់​កម្ពុជា​ផង​ដែរ​នោះ។

ចំណែក​ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ ធ្លាប់​បាន​សម្ដែង​នូវ​ក្តី​បារម្ភ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ស្ថានភាព​កម្មករ​កម្ពុជា​កំពុង​ប្រឈម​នឹង​លក្ខខណ្ឌ​តឹងរ៉ឹង​ពី​ខាង​រោងចក្រ ដែល​បណ្តាល​ឱ្យ​កម្មករ​និយោជិត​ភាគច្រើន​មាន​បញ្ហា​ប្រឈម​ខ្លាំង​ចំពោះ​សុវត្ថិភាព​ការងារ​របស់​ពួកគេ ក្នុង​នោះ​រោងចក្រ​ខ្លះ​បាន​ឆ្លៀត​ឱកាស​កេងប្រវ័ញ្ច​កម្លាំង​កម្មករ ដោយ​បិទ​រោងចក្រ​គ្មាន​ការ​ជូនដំណឹង​ជា​មុន និង​លួច​ដឹកជញ្ជូន​អីវ៉ាន់​ចេញពី​រោងចក្រ​ដោយ​ស្ងាត់ៗ ក្នុង​បំណង​គេចវេះ​ពី​ការ​សង​ប្រាក់ខែ និង​ប្រាក់​អត្ថប្រយោជន៍​ការងារ​ឱ្យ​កម្មករ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស