អង្គការសមាគមជាច្រើនស្ថាប័ន នឹងប្រមូលផ្ដុំសមាជិកចំនួន ៥០០នាក់ដែលមកពីវិស័យផ្សេងៗនៅថ្ងៃទី១ ខែឧសភា ខាងមុខនេះ ដើម្បីប្រារព្ធខួបលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិឆ្នាំ២០២៣ នៅសួនច្បាររូបសំណាកលោក ជា វិជ្ជា និងហែក្បួនទៅកាន់រដ្ឋសភា ដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយជូនកម្មករនិយោជិតដែលកំពុងជួបឧបសគ្គ។
អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យការងារជិត ១០ស្ថាប័ន បានចេញលិខិតរួមគ្នាមួយដែលសារព័ត៌មាន The Cambodia Daily ទទួលបាននៅថ្ងៃទី២៥ មេសា នេះ ដោយជូនដំណឹងទៅកាន់រដ្ឋបាលរាជធានីភ្នំពេញអំពីការជួបជុំរបស់ពួកគេដែលមានមនុស្សចូលរួមចំនួន ៥០០នាក់ ដើម្បីរៀបចំពិធីប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៧ ក្រោមប្រធានបទ «ធានាសិទ្ធិការងារ និងសិទ្ធិពលរដ្ឋ» ចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ១២ថ្ងៃត្រង់ នៅដើមខែឧសភា ខាងមុខនេះ។
អង្គការក្រៅរដ្ឋាភិបាលជាច្រើន ដូចជាសម្ព័ន្ធសហជីពកម្មករចំណីអាហារ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) និងសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (Adhoc) ជាដើម អះអាងថា ពួកគេនឹងយកឱកាសនៃការជួបជុំនេះដង្ហែក្បួនទៅកាន់មន្ទីររដ្ឋសភាជាតិ ដើម្បីដាក់ញត្តិឱ្យរដ្ឋសភាកម្ពុជាស្វែងរកដំណោះស្រាយជូនកម្មករនិយោជិតដែលកំពុងជួបប្រទះសព្វថ្ងៃនេះ។
អ្នកគ្រប់គ្រងសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ មេសា នេះថា ការប្រារព្វទិវាពលកម្មអន្តរជាតិខួបលើកទី១៣៧ ក្រោមប្រធានបទ «ធានាសិទ្ធិការងារ និងសិទ្ធិពលរដ្ឋ» នេះ គឺដើម្បីលើកយករបៀបវារៈវិស័យការងារ រួមទាំងឧបសគ្គ និងបញ្ហាប្រឈមនានាទៅកាន់រាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធសំខាន់ៗ ដើម្បីធ្វើការដោះស្រាយ និងដាក់ចេញនូវវិធានការបន្ទាន់ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់កម្មករនិយោជិត។
លោក ឃុន ថារ៉ូ លើកឡើងថា វិស័យការងារគឺជាវិស័យអាទិភាពក្នុងការកសាងសេដ្ឋកិច្ចស្នូលរបស់ប្រទេសជាតិទាំងមូល ប៉ុន្តែកម្មករដែលសកម្មក្នុងការលើកស្ទួយវិស័យនេះ បានរងនូវបណ្តឹងសរុបចំនួន ៥៨ករណីហើយ ទាំងករណីព្រហ្មទណ្ឌ និងស៊ីវិល ប្រឆាំងនឹងថ្នាក់ដឹកនាំ និងសហជីពចាប់តាំងពីឆ្នាំ២០១៣ មក ក្នុងនោះមានករណីតិចតួចប៉ុណ្ណោះដែលត្រូវបានដោះស្រាយ។
លោកបន្ថែមថា រាល់សកម្មភាពស្របច្បាប់ ដូចជាការធ្វើការតវ៉ា និងការធ្វើកូដកម្មដោយសន្តិវិធីរបស់សហជីព ត្រូវបានចោទប្រកាន់ពីបទ ញុះញង់ និងបទឧក្រិដ្ឋ ជាដើម ដែលផ្ទុយនឹងមាត្រាដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីការងារ និងអនុសញ្ញាស្នូលអន្តរជាតិផ្នែកការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន ដែលធានាសិទ្ធិមូលដ្ឋានរបស់កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈ (សហជីព) រហូតមក។
អ្នកគ្រប់គ្រងសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងាររូបនេះបញ្ជាក់ថា ការវិវឌ្ឍចុងក្រោយនៃស្ថានភាពនយោបាយ និងភាពមិនច្បាស់លាស់ក្នុងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកមកវិញ និងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% របស់សហភាពអឺរ៉ុប គឺជាក្តីបារម្ភរបស់សហជីព និងកម្មកររាប់លាននាក់ ដែលជាទីផ្សារនាំចេញសំខាន់របស់ប្រទេសកម្ពុជាសរុបប្រមាណជា ៥៧% នៃចំណូលមធ្យមសរុបរបស់ពលរដ្ឋកម្ពុជា និងប្រមាណ ៣៣% នៃផលិតផលសរុបរបស់កម្ពុជាផងដែរនោះ។
ចំណែកប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ ធ្លាប់បានសម្ដែងនូវក្តីបារម្ភកាលពីពេលថ្មីៗនេះថា ស្ថានភាពកម្មករកម្ពុជាកំពុងប្រឈមនឹងលក្ខខណ្ឌតឹងរ៉ឹងពីខាងរោងចក្រ ដែលបណ្តាលឱ្យកម្មករនិយោជិតភាគច្រើនមានបញ្ហាប្រឈមខ្លាំងចំពោះសុវត្ថិភាពការងាររបស់ពួកគេ ក្នុងនោះរោងចក្រខ្លះបានឆ្លៀតឱកាសកេងប្រវ័ញ្ចកម្លាំងកម្មករ ដោយបិទរោងចក្រគ្មានការជូនដំណឹងជាមុន និងលួចដឹកជញ្ជូនអីវ៉ាន់ចេញពីរោងចក្រដោយស្ងាត់ៗ ក្នុងបំណងគេចវេះពីការសងប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ការងារឱ្យកម្មករ ជាដើម៕