កីឡាករ​ប្រដាល់​គុន​ខ្មែរ ធឿន ធារ៉ា (ខោ​ក្រហម) បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​បួន បន្ទាប់ពី​កីឡាករ​ប្រដាល់​ថៃ ទាត់​ឱ្យ​របួស​ដៃ​ស្តាំ​រហូត​ដល់​ប្រេះ​ឆ្អឹង​មិន​អាច​ប្រកួត​បន្ត​ទៀត​បាន កាលពី​យប់​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៣។

ព័ត៌មានជាតិ

អ្នក​អត្ថាធិប្បាយ​កីឡា​ប្រដាល់​ថា​មន្ត្រី​ថ្នាក់​ក្រោម​និង​ម្ចាស់​ក្លឹប​មួយ​ចំនួន​ទ្រាំ​នឹង​ការ​គាប​សង្កត់

By ឌឹ ខេមបូឌា ដេលី

April 27, 2023

អ្នក​អត្ថាធិប្បាយ​វិស័យ​កីឡា​ប្រដាល់ ទម្លាយ​ថា សព្វថ្ងៃ​នេះ មន្ត្រី​ថ្នាក់​ក្រោម និង​ម្ចាស់​ក្លឹប​ប្រដាល់​មួយ​ចំនួន​កំពុង​ទ្រាំ​នឹង​ការ​គាប​សង្កត់​របស់​មន្ត្រី​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ដែល​គ្មាន​ច្បាប់​កំណត់​នៃ​ការ​ប្រកួត​ឱ្យ​បាន​ត្រឹមត្រូវ រហូត​ធ្វើ​ឱ្យ​បាត់បង់​សមត្ថភាព​កីឡាករ​ប្រដាល់​ល្បីៗ​ជា​បន្តបន្ទាប់​នៅ​ពេលនេះ។

អ្នក​អត្ថាធិប្បាយ​វិស័យ​កីឡា​ប្រដាល់ លោក ហេរ៉ូ បាន​ចេញ​វីដេអូ​ឃ្លីប​កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ ថា អ្នក​ដែល​កំពុង​រង​នូវ​ការ​គាប​សង្កត់​ពី​មន្ត្រី​សហព័ន្ធ​កីឡា​ប្រដាល់ កំពុងតែ​ទ្រាំ​ឱ្យ​ផុត​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ​នេះ ព្រោះ​ថា​ការ​ផ្គូផ្គង​កីឡាករ​ប្រដាល់​កន្លងមក​គ្មាន​ច្បាប់​កំណត់​ច្បាស់លាស់​ឡើយ គឺ​ធ្វើ​ទៅ​តាម​តែ​ការ​ចង់​បាន​របស់​អ្នក​មាន​អំណាច ដែល​ពេល​ខ្លះ​ជំរុញ​ឱ្យ​កីឡាករ​ប្រដាល់​ចូល​ប្រកួត​ក្នុង​មួយ​សប្តាហ៍​រហូត​ទៅ​ដល់ ២​ដង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាក់​កម្លាំង​កីឡាករ​ប្រដាល់ និង​ធ្វើ​ឱ្យ​ខូច​កីឡាករ​ថែម​ទៀត។

លោក ហេរ៉ូ លើកឡើង​ថា គ្មាន​កីឡាករ​ប្រដាល់​បរទេស​ណា​ចេញ​ប្រកួត​មួយ​អាទិត្យ​ម្តង ឬ​មួយ​អាទិត្យ ២​ដង​ដូច​កីឡាករ​ខ្មែរ​នោះ​ទេ ព្រោះ​ការ​ធ្វើ​បែប​នេះ គឺជា​បង្ខំ​ឱ្យ​បាត់បង់​សមត្ថភាព​កីឡាករ​ប្រដាល់​ប៉ុណ្ណោះ។ ជាក់ស្តែង កីឡាករ ធឿន ធារ៉ា កីឡាករ ពេជ្រ សម្បត្តិ និង​កីឡាករ ឈឿង ល្វៃ បាន​បាត់បង់​សមត្ថភាព​ប្រកួត​ទាំងស្រុង​នៅ​ពេលនេះ ដោយសារតែ​ពួកគេ​ប្រកួត​គ្មាន​ពេល​សម្រាក​បំប៉ន​សុខភាព និង​ហាត់​សម​បន្ថែម។

អ្នក​អត្ថាធិប្បាយ​វិស័យ​កីឡា​ប្រដាល់​រូប​នេះ​បញ្ជាក់​ថា អ្នក​ចាត់ការ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ខ្លះ​សព្វថ្ងៃ​នេះ បាន​ប្រជែង​គ្នា​ដណ្តើម​កីឡាករ​ឱ្យ​ទៅ​ប្រកួត​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​របស់​ខ្លួន ដើម្បី​ស្វែងរក​អ្នក​ទស្សនា​ឱ្យ​កាន់តែ​ច្រើន និង​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​គ្រប់គ្រង​ខាងលើ ប៉ុន្តែ​ពួកគេ​មិន​បាន​គិតគូរ​ពី​សុខភាព និង​អនាគត​របស់​កីឡាករ​ប្រដាល់​នោះ​ទេ ពួកគេ​គិតតែ​ប្រមូល​លុយ​តែប៉ុណ្ណោះ ហើយ​លោក​ក៏​ឆ្ងល់​ដែរ ថា​តើ​បញ្ហា​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​គ្រូបង្វឹក​របស់​កីឡាករ​ប្រដាល់​ឬ​ក៏​អត់។

លោក ហេរ៉ូ ទម្លាយ​ថា បច្ចុប្បន្ន​នេះ កីឡាករ​ប្រដាល់​ដែល​បាត់បង់​នូវ​សមត្ថភាព​ប្រកួត​ដោយសារ​ការ​បង្ខំ​ឱ្យ​ប្រកួត​ញឹកញាប់​មាន​ច្រើន​ណាស់ ប៉ុន្តែ​ត្រូវ​គេ​លាក់បាំង​ព័ត៌មាន​នេះ។

កាលពី​យប់​ថ្ងៃទី​២៣ ខែ​មេសា កីឡាករ​ប្រដាល់​គុន​ខ្មែរ ធឿន ធារ៉ា បាន​ប្រកួត​ជាមួយ​កីឡាករ​ប្រដាល់​ជនជាតិ​ថៃ ឈ្មោះ Krongchak Por.Paoin Sor Jor Pheakuothai។ ក្នុង​ការ​ប្រកួត​នោះ កីឡាករ​ប្រដាល់​គុន​ខ្មែរ ធឿន ធារ៉ា បាន​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​បួន បន្ទាប់ពី​កីឡាករ​ប្រដាល់​ថៃ ទាត់​ឱ្យ​របួស​ដៃ​ស្តាំ​រហូត​ដល់​ប្រេះ​ឆ្អឹង​មិន​អាច​ប្រកួត​បន្ត​ទៀត​បាន។ ដោយសារតែ​ឧបទ្ទវហេតុ​នេះ កីឡាករ​ប្រដាល់​គុន​ខ្មែរ ធឿន ធារ៉ា ត្រូវ​បាន​ផ្អាក​មិន​ឱ្យ​ឡើង​សង្វៀន​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខ​នេះ​បាន​ទេ។

មួយ​រយៈ​ចុងក្រោយ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កីឡាករ​ប្រដាល់​គុន​ខ្មែរ ធឿន ធារ៉ា ឡើង​សង្វៀន​ប្រកួត​ញឹកញាប់ បន្ទាប់ពី​កីឡាករ​រូប​នេះ​ទទួល​បាន​ជ័យជម្នះ​ជា​បន្តបន្ទាប់​ក្រោយ​យក​ឈ្នះ​កីឡាករ​ថៃ ឈ្មោះ សៃ យុគ កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២៣ កីឡាករ​ប្រដាល់ ពេជ្រ សម្បត្តិ ហៅ​ក្របី​ព្រៃ បាន​ចាញ់​ប្រកួត​កីឡាករ​ឡាវ ឈ្មោះ ខាំភូ ដោយ​សន្លប់ បន្ទាប់ពី​កីឡាករ​ឡាវ ទាត់​ចំ​ក្រអូប​មាត់​ធ្វើ​ឱ្យ​ប្រេះ​ឆ្អឹង​ថ្គាម។ ដោយឡែក​កីឡាករ​គុន​ខ្មែរ​មួយ​រូប​ទៀត គឺ​កីឡាករ ឈឿង ល្វៃ ក៏​ត្រូវ​រង​របួស​ជើង​ធ្ងន់ធ្ងរ​ផង​ដែរ ដោយ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤ ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ឈ្មោះ សាមី កាលពី​ពាក់កណ្តាល​ខែ​មេសា នេះ។

ការ​រង​របួស​របស់​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ខាងលើ​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា ពួកគេ​បាន​ចូលរួម​ប្រកួត​ស្ទើរតែ​រាល់​សប្តាហ៍ បន្ទាប់ពី​ពួកគេ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ជាប់ៗ​គ្នា​កន្លងមក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កីឡាករ​ប្រដាល់​ទាំងនោះ​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ហ្វឹកហាត់ និង​ដើម្បី​បំប៉ន​សុខភាព។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​ប្រធាន​សហព័ន្ធ​កីឡា​កម្ពុជា លោក តែម ម៉ឺន សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៣ នេះ បាន​បញ្ជា​ឱ្យ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា យកចិត្ត​ទុកដាក់​លើ​កីឡាករ​ប្រដាល់​របស់​កម្ពុជា​ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ​ឱ្យ​បាន​ហ្មត់ចត់ មុន​នឹង​ព្រឹត្តិការណ៍​នេះ​ដល់ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបចំ​ការ​ប្រកួត​សម្រាប់​កីឡាករ​ប្រដាល់​ទាំងនោះ​ឡើយ ដើម្បី​កុំ​ឱ្យ​មាន​ហេតុការណ៍​ថ្លោះធ្លោយ​ណា​មួយ​កើតឡើង​ជា​យថាហេតុ​សម្រាប់​ការ​ប្រកួត​តាម​វិញ្ញាសា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ​នេះ៕