27.5 C
Phnom Penh

កូន​លោក អេង ឆៃអ៊ាង គំរាម​កាត់កាល​ឪពុក​បើ​ហ៊ាន​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​ដើម្បី​បាន​តំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​ច្បង​របស់​លោក អេង ឆៃអ៊ាង ប្រកាស​ថា​នឹង​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ឪពុក​របស់​ខ្លួន ប្រសិនបើ​ហ៊ាន​វិលត្រឡប់​មក​កម្ពុជា​វិញ ហើយ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ថ្នូរ​ទទួល​បាន​តួនាទី និង​តំណែង​នោះ។

លោក អេង រតនៈ ដែល​ជា​កូនប្រុស​បង្កើត​របស់​លោក អេង ឆៃអ៊ាង បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ ថា បើ​ឪពុក​របស់​ខ្លួន​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​ធ្វើ​តាម​លោក ហ៊ុន សែន ដើម្បី​បាន​តួនាទី និង​តំណែង​មែន​នោះ រូបលោក​និង​ភរិយា នឹង​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ឪពុក​ជា​រៀង​រហូត។

ការ​អះអាង​របស់​លោក អេង រតនៈ ដែល​ជា​ស្វាមី​របស់​អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត ធ្វើឡើង​ដូច្នេះ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ប្រកាស​លើកលែង​ទោស ព្រមទាំង​ផ្ដល់​តួនាទី និង​តំណែង​ដល់​លោក អេង ឆៃអ៊ាង បើ​ផ្ដាច់​ខ្លួន​ចេញពី​បក្ស​ប្រឆាំង ហើយ​មក​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​វិញ។

ចំណែក​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង សរសេរ​លើ​ហ្វេសប៊ុក​ដោយ​ជំហរ​ថា តំណែង​ដែល​រូបលោក​ចង់​បាន​នោះ គឺ​តំណែង​កើត​ចេញពី​ការ​បោះឆ្នោត ត្រឹមត្រូវ និង​យុត្តិធម៌​របស់​ពលរដ្ឋ មិនមែន​តំណែង​ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ​នោះ​ទេ។

លោក​ថា តំណែង​ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ​មិន​ស្ថិតស្ថេរ​នោះ​ទេ ដោយ​លោក ហ៊ុន សែន ចង់​ដក​ម៉ោង​ណា ឬ​ពេល​ណា​ក៏​បាន​ដែរ បើសិនជា​ធ្វើ​សកម្មភាព​មិន​ត្រូវ​ចិត្ត​លោក ហ៊ុន សែន នោះ។

កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ប្រកាស​លើកលែង​ទោស និង​ផ្តល់​តួនាទី​ដល់​លោក អេង ឆៃអ៊ាង បើសិន​វិល​ចូល​មក​កម្ពុជា​វិញ ហើយ​ធ្វើ​ការងារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ភៀស​ខ្លួន​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​ចាប់តាំងពី​មុន​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧ ជាមួយ​នឹង​មេដឹកនាំ​ជាន់ខ្ពស់​ផ្សេងៗ​ទៀត​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស