35 C
Phnom Penh

លោក ខៀវ កាញារីទ្ធ៖ អ្នក​សារព័ត៌មាន​ត្រូវ​និយាយ​ការពិត​ដែល​កើតមាន​នៅ​ក្នុង​សង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លើកឡើង​ថា អ្នក​សារព័ត៌មាន​មិន​ត្រូវ​វាយតម្លៃ​អ្វី​ថា​ល្អ ឬ​អាក្រក់​នោះ​ទេ ក៏ប៉ុន្តែ​ត្រូវ​ឈរ​នៅ​ផ្លូវ​កណ្តាល និង​និយាយ​តែ​ព្រឹត្តិការណ៍​ណា​ដែល​បាន​កើតមាន​ឡើង​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​តួនាទី ភារកិច្ច និង​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា ការ​ប្រើប្រាស់​ភាសា​ថ្លៃថ្នូរ និង​ការ​រក្សា​ភាព​ថ្លៃថ្នូរ​របស់​អ្នក​សារព័ត៌មាន និង​មន្ត្រី​ព័ត៌មាន​ជាង​នេះ​ទៀត ក៏​បង្ហាញ​ឲ្យ​ដឹង​ពី​កម្រិត​សិក្សា​អប់រំ ការ​យល់ដឹង​របស់​អ្នក​សារព័ត៌មាន​ផង​ដែរ។

លោក ខៀវ កាញារីទ្ធ អះអាង​ថា ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​មិន​មែន​មាន​លក្ខណៈ​បង្ខំ ត្រូវ​មាន​ទោស ឬ​ជា​ឧក្រិដ្ឋកម្ម​បទល្មើស​ទេ ប៉ុន្តែ​ក្រមសីលធម៌​នេះ​គឺជា​រក្សា​តម្លៃ​ថ្លៃថ្នូរ​ខ្លួនឯង​ជា​អ្នកកាសែត ដែល​បង្ហាញ​ថា​ខ្លួន​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ពិតប្រាកដ និង​បង្ហាញ​ពី​ការ​ផ្តល់​តម្លៃ​ទៅ​លើ​មនុស្ស​នៅ​ក្នុង​សង្គម​ទាំងអស់​គ្នា។

សកម្មជន​បក្ស​ប្រឆាំង លោក ប៉ាង សុខខឿន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា សារព័ត៌មាន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​មិនមែន​ជា​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​ក្នុង​ការ​បង្ហាញ​ការពិត​ពី​រដ្ឋាភិបាល​ទៅ​ឱ្យ​ពលរដ្ឋ និង​បង្ហាញ​ការពិត​ពី​ពលរដ្ឋ​ទៅ​កាន់​រដ្ឋាភិបាល​នោះ​ទេ គ្រាន់តែ​ជា​សារព័ត៌មាន​ដែល​គាំទ្រ​និន្នាការ​បក្ស​កាន់​អំណាច​ផ្សាយ​លើក​ជើង​រដ្ឋាភិបាល​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ចំណែក​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​លើកឡើង​ថា បើ​ផ្អែក​លើ​តួលេខ​ស្ថាប័ន​ព័ត៌មាន​ដែល​ក្រសួង​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ពួកគេ​អាច​ធ្វើការ​ដោយ​វិជ្ជាជីវៈ​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ នោះ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បាន​លើកស្ទួយ​នូវ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ជាមិនខាន។

លោក សេក សុជាតិ លើកឡើង​ថា ផ្ទុយទៅវិញ សារព័ត៌មាន​នៅ​ក្នុង​ស្រុក​សព្វថ្ងៃ​នេះ​អនុវត្ត​ការងារ​របស់​ពួកគេ​ដោយ​ផ្អែក​ទៅ​លើ​ទំនោរ​នយោបាយ​របស់​អ្នក​មាន​អំណាច​តែប៉ុណ្ណោះ ខណៈ​សារព័ត៌មាន​ខ្លះ​ដែល​ចង់​ធ្វើការ​ក្នុង​នាម​ជា​ស្ថាប័ន​ឯករាជ្យ ត្រូវ​លាក់​ខ្លួន និង​ធ្វើ​សកម្មភាព​ដោយ​លាក់លៀម​ប៉ុណ្ណោះ ពីព្រោះ​ពួកគេ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។

កាលពី​ថ្ងៃទី​៥ ខែ​មេសា នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាង​ថា សព្វថ្ងៃ​នេះ​បើ​គិត​ទាំង​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស ទូរទស្សន៍​អនឡាញ កាសែត​បោះពុម្ព​ផ្សាយ និង​ទូរទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់ ជាដើម មាន​រហូត​ដល់​ទៅ​ជាង ១១០០​អង្គភាព​ឯណោះ ដែល​បង្ហាញ​ថា​កម្ពុជា​បាន​បើក​ឱ្យ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន​យ៉ាង​ទូលំទូលាយ។

បើ​ទោះបីជា​កម្ពុជា​មាន​ប្រព័ន្ធ​ផ្សាយ​ច្រើន​ក៏ដោយ ក៏​កម្ពុជា​នៅតែ​ជាប់​ចំណាត់ថ្នាក់​ទាប​លើ​សេរីភាព​បញ្ចេញ​សារព័ត៌មាន​ដដែល។ ជាក់ស្តែង អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០។

ការ​ដាក់​ចំណាត់ថ្នាក់​ទាប​បែប​នេះ ក្រោយ​គេ​រក​ឃើញ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ មក ដែល​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ រហូត​មក​ដល់​ពេល​នេះ។ ជាក់ស្តែង អង្គភាព​សារព័ត៌មាន វីអូឌី ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​នៅ​សេសសល់​ចុងក្រោយ​ពី​ការ​បោស​សម្អាត​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ក៏​ត្រូវ​បិទ​ជា​ស្ថាពរ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស