40.3 C
Phnom Penh

អាដហុក៖ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស បាន​កត់សម្គាល់​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០២៣ នេះ បាន​ធ្លាក់​ចុះ​ខ្លាំង ក្នុង​នោះ​មាន​សកម្មជន​គណបក្ស​នយោបាយ​បាន​រង​នូវ​ការ​វាយប្រហារ​ពី​ក្រុម​មិន​ស្គាល់​មុខ។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា អាដហុក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង និង​ធ្វើការ​ថ្កោលទោស​ចំពោះ​ជន​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា ជាពិសេស​ទៅ​លើ​សកម្មជន​នយោបាយ​ទាំង​នា​ពេល​កន្លងមក និង​នា​ពេល​ថ្មីៗ​នេះ ដូចជា​ការ​ជិះ​ម៉ូតូ​តាម​វាយ​ពីក្រោយ ការ​ស្ទាក់​វាយ​នឹង​ដំបង ការ​កាប់​នឹង​កាំបិត ការ​គប់​វាយ​នឹង​ដុំ​ថ្ម ការ​វាយ​ទាត់​ធាក់ ការ​ធាក់​ផ្តួល​ម៉ូតូ និង​បើក​រថយន្ត​បុក ជាដើម។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នេះ លើកឡើង​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ខ្លួន​កាន់តែ​មាន​ការ​ព្រួយបារម្ភ​បន្ថែម​ទៀត​នោះ គឺ​បន្ទាប់ពី​អំពើ​ហិង្សា​បាន​កើតឡើង សមត្ថកិច្ច​មិន​មាន​ចំណាត់ការ ឬ​ចាត់​វិធានការ​ចាប់​ជន​ដៃ​ដល់ ឬ​ជន​ប្រព្រឹត្ត​បទល្មើស​ណា​ម្នាក់​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅឡើយ​ទេ ហើយ​ទង្វើ​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​អំពើ​និទ្ទណ្ឌភាព​ធ្ងន់ធ្ងរ​សម្រាប់​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រមព្រហ្មទណ្ឌ​ជា​ធរមាន​ផង​ដែរ។

អាដហុក​បាន​លើកឡើង​ថា ជាង​នេះ​ទៀត​ក៏​អាច​បង្ក​ឲ្យ​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ខ្លះ​មាន​ការ​ព្រួយបារម្ភ និង​មាន​ការ​ភ័យខ្លាច​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​ផង​ដែរ ដែល​អាច​នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​បរិយាកាស​នយោបាយ​មុន​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​ខិត​ជិត​មក​ដល់​នា​ពេល​ខាងមុខ​នេះ។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បញ្ជាក់​ថា ដើម្បី​ធានា​បាន​នូវ​បរិយាកាស​នយោបាយ​ល្អ​ដែល​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប គ្រប់​និន្នាការ រស់នៅ​ដោយ​គ្មាន​ការ​ភ័យខ្លាច មាន​សេរីភាព មាន​សន្តិសុខ​ផ្ទាល់ខ្លួន​ពេញលេញ និង​ទទួល​បាន​នូវ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ស្រប​តាម​រដ្ឋធម្មនុញ្ញ សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវតែ​ចាត់​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ក្នុង​ការ​ទប់ស្កាត់​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ទាំងនេះ ដោយ​ចាប់​ជន​ប្រព្រឹត្ត​ល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ និង​ដើម្បី​លុបបំបាត់​អំពើ​និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម​កម្ពុជា​ផង​ដែរ។

ក្នុង​រយៈពេល​ប្រមាណ​ជា ៣​ខែ​នៅ​ដើម​ឆ្នាំ​២០២៣ នេះ មាន​សកម្មជន​គណបក្ស​នយោបាយ ជាពិសេស​សកម្មជន​គណបក្ស​ភ្លើង​ទៀន ចំនួន ១០​នាក់​ហើយ​ដែល​រង​ការ​វាយប្រហារ​ដោយ​ជន​មិន​ស្គាល់​មុខ បណ្តាល​ឲ្យ​រង​របួស​ស្រាល​ធ្ងន់ មាន​ខ្លះ​រហូត​ដល់​ពិការភាព និង​ស្លាប់​ម្នាក់​កាលពី​ឆ្នាំ​២០២២ ជាដើម។

ករណី​ស្រដៀង​គ្នា​នេះ ក៏​ធ្លាប់​បាន​កើតមាន​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ប៉ុន្តែ​ជន​ដៃ​ដល់​មិន​ត្រូវ​បាន​ចាប់​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​នោះ​ឡើយ ដូចជា​លោក ឌិន វ៉ារិន សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​មានជ័យ និង​ជា​លេខា​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​វាយ​នឹង​ដុំ​ថ្ម​ចំ​ក្បាល ធ្វើ​ឱ្យ​របួស​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២០។

ទាក់ទិន​នឹង​បញ្ហា​នេះ សង្គម​ស៊ីវិល​ធ្លាប់​បាន​បង្ហាញ​ទិន្នន័យ​របស់​ពួកគេ​ថា ចាប់តាំងពី​ដើម​ឆ្នាំ​២០១៩ មក សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយប្រហារ​បណ្តាល​ឲ្យ​មាន​របួស​យ៉ាង​ធ្ងន់ធ្ងរ រហូត​មាន​អ្នក​ខ្លះ​បាក់​ដៃ បាក់​ជើង បាក់​ឆ្អឹងជំនីរ បែក​ក្បាល ជាដើម។

សកម្មជន​បក្ស​ប្រឆាំង​តែង​រង​ការ​វាយប្រហារ​ដោយ​ជន​មិន​ស្គាល់​មុខ ខណៈ​សំណុំរឿង​ទាំងនោះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល​លោក ហ៊ុន សែន បើក​ការ​ស៊ើប​អង្កេត​វែក​មុខ​ជន​ដៃ​ដល់​ទាំងនោះ​ឡើយ ទោះ​មាន​ខ្សែ​វីដេអូ​តាម​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ពី​ភិនភាគ​ជនល្មើស​ទាំងនោះ​យ៉ាងណា​ក្តី។

ជាក់ស្តែង ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី គឺ​លោក ពូក ចិន្តា ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ពាក់​មួក​ការពារ​សុវត្ថិភាព បាន​ជិះ​ម៉ូតូ​លប​វាយ​ក្បាល​ពីក្រោយ​នឹង​ដំបង​កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩ ដែល​មាន​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​ពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

រំលង​បាន ៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩ អតីត​ចៅសង្កាត់​កោះដាច់ របស់​បក្ស​ប្រឆាំង លោក ស៊ិន បូណា ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ធាក់​ផ្តួល​ម៉ូតូ ហើយ​យក​កំណាត់​ដែក​វាយ​សំពង​លើ​រូបលោក​រហូត​បណ្តាល​ឲ្យ​បាក់​ដៃ​ខាងឆ្វេង ខណៈ​ពេល​លោក​កំពុង​ធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ជាតិ​លេខ ៦A ត្រង់​ចំណុច​វត្ត​កៀនឃ្លាំង ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ព្រមទាំង​ករណី​ឃោរឃៅ​ដែល​ប្រព្រឹត្ត​ទៅ​លើ​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស