34.8 C
Phnom Penh

អ្នកស្រី ធី សុវណ្ណថា ត្រូវ​បាន​តែងតាំង​ជា​អភិបាល​រង​ក្រុង​អរិយក្សត្រ​ដែល​ទើប​ត្រូវ​បាន​បង្កើត​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​សកម្មជន​បក្ស​ប្រឆាំង អ្នកស្រី ធី សុវណ្ណថា ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន តែងតាំង​ជា​អភិបាល​រង​ក្រុង​អរិយក្សត្រ បន្ទាប់ពី​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​អំឡុង ៥​ឆ្នាំ​មុន។

បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៣ បាន​តែងតាំង​អ្នកស្រី ធី សុវណ្ណថា ជា​អភិបាល​រង​នៃ​គណៈ​អភិបាល​ក្រុង​អរិយក្សត្រ។

ក្រោយពី​ទទួល​បាន​ការ​តែងតាំង អ្នកស្រី ធី សុវណ្ណថា បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​បាន​ផ្តល់​ឱកាស​ដល់​ខ្លួន​ធ្វើ​ជា «អភិបាល​រង​ក្រុង​អរិយក្សត្រ»។

កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​ដោយ​បាន​កាត់​ឃុំ​ចំនួន ៦​នៃ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ដើម្បី​បង្កើត​ជា​ក្រុង​ថ្មី​មួយ​ទៀត។

ស្ត្រី​អាយុ ២៨​ឆ្នាំ​ដែល​សកម្ម​ក្នុង​ការ​ចេញ​វាយប្រហារ​លើ​បក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​ប្ដេជ្ញា​ថា ខ្លួន​នឹង​ខំ​ប្រឹង​ធ្វើការ​ដើម្បី​ចូលរួម​បម្រើ​ប្រជាជន​តាម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នា​ពេល​បច្ចុប្បន្ន។

ក្រៅពី​ឈ្មោះ ធី សុវណ្ណថា ហើយ​ក៏​មាន​មនុស្ស​ចំនួន ៤​នាក់​ទៀត​ដែរ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ តែងតាំង​ជា​អភិបាល​រង​ក្រុង​អរិយក្សត្រ ខណៈ​អភិបាល​ក្រុង​វិញ លោក ហ៊ុន សែន បាន​តែងតាំង​លោក ចាន់ តារា។

កាលពី​អំឡុង​ឆ្នាំ​២០១៣ អ្នកស្រី ធី សុវណ្ណថា ធ្លាប់​ជា​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ បន្ទាប់ពី​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ធី សុវណ្ណថា បាន​ធ្វើ​សកម្មភាព​វាយប្រហារ​ទៅ​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ដើមហេតុ​ដែល​នាំ​ឲ្យ​អ្នក​ការពារ​សិទ្ធិមនុស្ស ៤​រូប និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​រូប​ជាប់​ពន្ធនាគារ។

អ្នក​ទាំង ៥​រូប​បាន​ក្លាយ​ទៅ​ជា​អ្នក​រងគ្រោះ​ដោយសារតែ​ការងារ​មនុស្សធម៌​របស់​ពួកគាត់​លើ​ការងារ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​តាម​គោលការណ៍​របស់​សមាគម​អាដហុក ឲ្យ​ទៅ​នាង ចាន់តារាទី និង​ម្ដាយ​មីង​របស់​នាង​ចំនួន ២០៤​ដុល្លារ តាម​ការ​ស្នើសុំ​របស់​នាង​កាលពី​ឆ្នាំ​២០១៦។

ការ​ទៅ​រក​ជំនួយ​ផ្នែក​ច្បាប់​របស់​នាង ខុម ចាន់តារាទី ពេល​នោះ បន្ទាប់ពី​រង​បណ្ដឹង​ឈ្មោះ ធី សុវណ្ណថា ដែល​ចោទ​ពី «បទ​បរិហារ​កេរ្តិ៍» ករណី​បែកធ្លាយ​ព័ត៌មាន​អំពី​ទំនាក់ទំនង​ស្នេហា​រវាង​នាង និង​លោក កឹម សុខា។

នាង ខុម ចាន់តារាទី ត្រូវ​បាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៃ​ក្រសួង​មហាផ្ទៃ ហៅ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ជនសង្ស័យ​តាម​បណ្ដឹង​របស់​ឈ្មោះ ធី សុវណ្ណថា ប៉ុន្តែ​នៅ​ចុងបញ្ចប់ បែរ​ជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ធ្វើ​ជា​ដើម​បណ្ដឹង​ប្ដឹង​មន្ត្រី​អាដហុក​ទាំង ៤​រូប និង​លោក នី ចរិយា ពី​បទ​សមគំនិត និង​សូកប៉ាន់​សាក្សី​ទៅ​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស