28 C
Phnom Penh

សង្គម​ស៊ីវិល​សោកស្ដាយ​ចំពោះ​ការ​វាយតម្លៃ​របស់​លោក ហ៊ុន សែន លើ​វិវាទ​ការងារ​កម្មករ​ណាហ្គា​វើលដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​សម្ដែង​ការ​សោកស្តាយ​ចំពោះ​វិវាទ​ការងារ​នៃ​កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​ត្រូវ​បាន​វាយតម្លៃ​ខុស​ពី​ការពិត​ជាក់ស្តែង​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​វិវាទ​នេះ​ជាប់​គាំង​គ្មាន​ដំណោះស្រាយ។

អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ មេសា នេះ​ថា វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​អូស​បន្លាយ​ប្រមាណ ២​ឆ្នាំ​មក​នេះ​អាច​វាយតម្លៃ​បាន​ថា ក្រៅពី​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា គ្មាន​នរណា​ម្នាក់​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ឡើយ។

លោក ឃុន ថារ៉ូ លើកឡើង​ថា ការ​តស៊ូ​របស់​កម្មករ​និយោជិត​ដើម្បី​ទាមទារ​រក​យុត្តិធម៌ គឺ​ពិត​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​វិស័យ​ការងារ​ដែល​ពួកគេ​នៅតែ​បន្ត​ឆន្ទៈ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ស្វែងរក​យុត្តិធម៌ ទោះបីជា​ពួកគាត់​ត្រូវ​ជួប​នូវ​ឧបសគ្គ​ធំៗ ដូចជា​ការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ ការ​ចោទ​ប្តឹង​ពី​ខាង​ក្រុមហ៊ុន ការ​បាត់បង់​ប្រាក់ចំណូល និង​ការ​មិន​អើពើ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ក៏ដោយ ក៏​ពួកគាត់​នៅតែ​នាំគ្នា​បន្ត​ស្វែងរក​យុត្តិធម៌​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​រហូត​មក​ដល់​ពេលនេះ។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល បញ្ជាក់​ថា ការ​ស្នើសុំ​ឲ្យ​យក​កម្មករ​និយោជិត​ចូល​ធ្វើ​ការងារ​វិញ មិនមែន​ជា​រឿង​ហួសហេតុ​ទេ ហើយ​ក៏​មិនមែន​ជា​ឧបសគ្គ​សម្រាប់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែរ ព្រោះ​រយៈពេល ២​ឆ្នាំ​ចុងក្រោយ​នេះ ក្រុមហ៊ុន​នៅតែ​អាច​ចំណេញ​លុយ និង​បន្ត​រើស​បុគ្គលិក​ចូល​បម្រើ​ការងារ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ពួកគេ​នៅតែ​ព្យាយាម​មិន​ទទួលយក​ថ្នាក់​ដឹកនាំ​សហជីព​ឲ្យ​ចូល​ធ្វើ​ការងារ​វិញ​ដដែល។

កាលពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៣ ក្រុម​កូដករ​ណាហ្គា​វើលដ៍​ប្រមាណ ៣០​នាក់ បាន​នាំគ្នា​ចេញ​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ដោយ​ឈរ​លើក​បដា ដើម្បី​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ឲ្យ​បុគ្គលិក​ណាហ្គា​វើលដ៍​ចូល​ធ្វើ​ការងារ​វិញ និង​ទាមទារ​ឲ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ​នេះ​ផង​ដែរ។

ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​បញ្ឈប់​បុគ្គលិក​ពី​ការងារ​ទាំង​អយុត្តិធម៌​ជាង ១៣០០​នាក់​កាលពី​ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ។ បញ្ហា​នេះ ត្រូវ​កម្មករ​និយោជិត​ធ្វើ​កូដកម្ម​តវ៉ា​ជាមួយ​ក្រុមហ៊ុន​អស់​រយៈពេល ២​ឆ្នាំ​ហើយ បើ​គិត​មក​ទល់​នឹង​ពេលនេះ ប៉ុន្តែ​មិន​ត្រូវ​បាន​ក្រសួង​ពាក់ព័ន្ធ​រក​ដំណោះស្រាយ​ជូន​កម្មករ​ឡើយ។ ផ្ទុយទៅវិញ ក្រុម​កូដករ​ចំនួន ៩​នាក់ ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​ពី​បទ​ព្រហ្មទណ្ឌ ខណៈ​តំណាង​កម្មករ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជា​លើក​ទី​២ កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ និង​បន្ត​ឃុំ​ខ្លួន​រហូត​ដល់​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន ចោទ​ដោយ​មិន​ចំ​ឈ្មោះ​ទៅ​កាន់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ថា ពួកគេ​មាន​ប្រភព​ផ្គត់ផ្គង់​លុយ​ឱ្យ​ធ្វើ​បាតុកម្ម ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​អាច​មាន​លទ្ធភាព​ធ្វើ​បាតុកម្ម​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ទាំង​ដែល​ការងារ​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជាង ១​ឆ្នាំ​ដែរ​នោះ។

បែប​នេះ​ក្តី អង្គការ​ក្រៅ​រដ្ឋាភិបាល​អះអាង​ថា មូលនិធិ​ដែល​សហជីព​នៃ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ទទួល​បាន​កន្លងមក គឺជា​មូលនិធិ​ស្រប​ច្បាប់​ដែល​មាន​គណនេយ្យភាព និង​តម្លាភាព​ត្រឹមត្រូវ​ស្រប​តាម​ការ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​សហជីព ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​របស់​ពួកគេ មិនមែន​ជា​ដូច​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នោះ​ទេ។

ចាប់តាំងពី​មាន​វិវាទ​ការងារ​ពី​ឆ្នាំ​២០២១ មក ក្រុម​កូដករ​ណាហ្គា​វើលដ៍​បាន​ជួប​ចរចា​ជាមួយ​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាច្រើន​លើក និង​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ជាច្រើន​លើក​រួច​មក​ហើយ ដើម្បី​ស្នើ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ដែល​មាន​រយៈពេល​យូរ​មួយ​នេះ ប៉ុន្តែ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​បញ្ចប់​វិវាទ​នេះ​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។

សព្វថ្ងៃ​នេះ ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចំនួន ៩​នាក់​កំពុង​រង​នូវ​បណ្តឹង​តាម​ផ្លូវ​តុលាការ ពី​បទ​ចោទ “ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” ដូចជា​ប្រធាន​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ ថ្នាក់​ដឹកនាំ​សហជីព កញ្ញា ឈឹម សុខន សកម្មជន​សហជីព អ្នកស្រី រី សុវណ្ណឌី ជាដើម ក្រោយពី​ក្រុម​កូដករ​ទាំងនោះ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ខ្លួន​កន្លងមក។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ ខណៈ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ដោះស្រាយ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​អនុវត្ត​ផ្ទុយ​ពី​មាត្រា​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស