លោក ធែល ធីលែន សកម្មជនសង្គមដែលកំពុងត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌ក្នុងពន្ធនាគារខេត្តកណ្តាល បានទម្លាយតាមរយៈលិខិតមួយសន្លឹកដែលបានផ្ញើតាមអ្នកទោសដែលត្រូវបានដោះលែងពីពន្ធនាគារខេត្តកណ្តាល ដោយបានរៀបរាប់ថា រាល់សំណុំរឿងរបស់លោក គឺគ្មានឯកសារ និងមានការប្រើឯកសារក្លែងបន្លំ ដែលជាការឃុបឃិតគ្នារវាងដើមបណ្ដឹង និងអាជ្ញាធរដែលជាមន្ត្រីតុលាការខេត្តកណ្តាល។
សកម្មជនសង្គមដែលកំពុងត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌ក្នុងពន្ធនាគារខេត្តកណ្តាល រូបនេះបានបញ្ចេញលិខិតមួយច្បាប់ដែលលោកបានសរសេរកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ និងត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ មេសា រៀបរាប់ថា មកដល់ពេលនេះ លោកត្រូវបានឃុំខ្លួនអស់រយៈពេលជិត ៦ខែហើយ ហើយស្ថានភាពនៅក្នុងពន្ធនាគាររបស់លោកនៅពេលនេះពិតជាមិនអាចទទួលយកបាននោះទេ។
សកម្មជនសង្គមរូបនេះត្អូញត្អែរថា អំឡុងពេលដែលត្រូវបានឃុំខ្លួន តុលាការបានចោទប្រកាន់រូបលោកដល់ទៅ ៤ករណីទាំងដែលលោកមិនបានប្រព្រឹត្តទាល់តែសោះ។ លោក ធែល ធីលែន បន្ថែមថា រាល់ការចោទប្តឹងមកលើរូបលោក សុទ្ធសឹងតែជាពាក្យកុហករបស់ដើមបណ្ដឹងទាំងអស់ និងជាសម្ដីរបស់ពួកគេដែលគ្មានភស្តុតាងស្របច្បាប់ដែលបង្ហាញថាលោកបានប្រព្រឹត្តនោះឡើយ។
លោក ធែល ធីលែន បញ្ជាក់ថា សំណុំរឿងទី១ ប្តឹងរូបលោកនៅសាលាឧទ្ធរណ៍ប្រើតែមាត់ទទេ គ្មានឯកសារ និងភស្តុតាងអ្វីទាំងអស់។ ចំណែកសំណុំរឿងទី២ ទី៣ និងទី៤ គឺជាពាក្យបណ្តឹងដែលប្រើឯកសារក្លែងបន្លំដោយមានការឃុបឃិតជាមួយមន្ត្រីតុលាការខេត្តកណ្តាល រហូតមក។
សកម្មជនសង្គមរូបនេះត្អូញត្អែរថា ពិតជាអាណោចអាធម៌ណាស់សម្រាប់រូបលោក ដែលកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលដែលយកភរិយាទៅសម្រាលកូននៅមន្ទីរពេទ្យរយៈពេល ៧ថ្ងៃ ប៉ុន្តែក្រោយពីត្រឡប់មកផ្ទះវិញ លោកបានត្រូវគេព័ទ្ធមិនឱ្យចូល ហើយបង្ខំឱ្យលោករុះរើផ្ទះក្នុងស្ថានភាពកូវីដ-១៩ ដោយក្លែងបន្លំឯកសារថា ផ្ទះរបស់លោកត្រូវបានលក់អស់ហើយ។ ជាងនេះទៀត ពួកគេបានប្តឹងរូបលោកដល់ទៅ ៤ករណីដើម្បីបំបិទមាត់លោកមិនឱ្យតវ៉ាថែមទៀត។
លោក ធែល ធីលែន លើកជាសំណួរថា ឯណាទៅបទបញ្ជាហាមមិនឱ្យរឹបអូសអចលនទ្រព្យពលរដ្ឋអំឡុងកូវីដ-១៩? ឯណាទៅសិទ្ធិរស់រានមានជីវិត និងសិទ្ធិលំនៅឋាន? ឯណាទៅភាពយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរក្រីក្រ?
កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ សកម្មជនសង្គម លោក ធែល ធីលែន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីសកម្មជនរូបនេះត្រៀមទៅធ្វើសន្និសីទសារព័ត៌មាននៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងលុបគម្រោងបង្កើតអគារសិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។
ក្រោយការចាប់ខ្លួនភ្លាមៗ ក៏លេចចេញនូវដីការបស់សាលាដំបូងខេត្តកណ្តាល ដែលបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ធែល ធីលែន ពីបទចោទលួចលក់អចលនវត្ថុអ្នកដទៃ តាមមាត្រា២៥៥ នៃច្បាប់ភូមិបាល ដែលធ្វើឡើងនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៦។
ទាក់ទិននឹងបញ្ហានេះ ឪពុកបង្កើតរបស់លោក ធែល ធីលែន គឺលោក ផៃ ធែល ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា តុលាការបានឆ្លៀតឱកាសយកបញ្ហាផ្ទាល់ខ្លួនកូនរបស់លោក ដើម្បីបង្អាក់សកម្មភាពតវ៉ារឿងបញ្ហាវៀតណាមនៅកម្ពុជា ដោយភ្ជាប់រឿងបងស្រីរបស់លោកឈ្មោះ ខៀវ គន្ធល់ ដែលចង់បានដីចម្ការជាចំណែករបស់លោក ធែល ធីលែន តាំងពីឆ្នាំ២០១៦ មក។
លោក ផៃ ធែល រៀបរាប់ថា កាលពីឆ្នាំ២០០៨ លោកបានចែកដីចម្ការមួយចំណែកនៅក្នុងស្រុកខ្សាច់កណ្ដាល ឱ្យទៅលោក ធែល ធីលែន បន្ទាប់មកនៅឆ្នាំ២០១៦ លោកបានធ្វើលិខិតផ្ទេរកម្មសិទ្ធិដីធ្លីដោយមានការដឹងឮពីអាជ្ញាធរមូលដ្ឋាន និងបានយកទៅបញ្ចាំក្នុងតម្លៃ ១ម៉ឺន ៦ពាន់ដុល្លារសម្រាប់យកទៅទិញរថយន្តរត់ឈ្នួល។
ប៉ុន្តែបងស្រីរបស់លោកឈ្មោះ ខៀវ គន្ធល់ និងអ្នករួមផ្សំគំនិតផ្សេងទៀតបានលួចធ្វើប្លង់កម្មសិទ្ធិដីនោះ ថែមទាំងបានលួចធ្វើពាក្យបណ្ដឹងចោទប្រកាន់មកលើកូនប្រុសរបស់លោក ថាបានលក់អចលនវត្ថុរបស់ពួកគេថែមទៀត ខណៈអាជ្ញាធរបានចាប់ខ្លួនកូនប្រុសរបស់លោកទាំងដែលគ្មានភស្តុតាងគ្រប់គ្រាន់នោះឡើយ។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ អតីតប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានអះអាងថា លោកបានសង្កេតឃើញថា ប្រព័ន្ធច្បាប់នៅកម្ពុជាគ្រាន់តែជាទីផ្សារទិញលក់រឿងក្តីយ៉ាងអណាធិបតេយ្យប៉ុណ្ណោះ អំឡុងពេលដែលលោកត្រូវបានតុលាការឃុំខ្លួនអស់រយៈពេលជាង ១ឆ្នាំកាលពីពេលកន្លងទៅ៕