27 C
Phnom Penh

សកម្មជន​ថា​ការ​ស្វែងរក​យុត្តិធម៌​តាម​គោល​នយោបាយ​អហិង្សា​លោក កឹម សុខា សល់​ត្រឹម​អនុស្សាវរីយ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លើកឡើង​ថា អនុស្សាវរីយ៍​ដែល​ធ្លាប់​តស៊ូ​ជាមួយ​គ្នា​ស្វែងរក​យុត្តិធម៌​សង្គម ស្វែងរក​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​គោលនយោបាយ​អហិង្សា​របស់​លោក កឹម សុខា កន្លងមក គ្រាន់តែ​ជា​ការ​ចងចាំ​ប៉ុណ្ណោះ បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​ខ្លះ​បាន​នាំគ្នា​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដើម្បី​ទទួល​អំណាច និង​បុណ្យ​ស័ក្តិ។

សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៨ មេសា នេះ​ថា អនុស្សាវរីយ៍​ដែល​ធ្លាប់​តែ​តស៊ូ​ជាមួយ​គ្នា​ស្វែងរក​យុត្តិធម៌​សង្គម ស្វែងរក​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​គោលនយោបាយ​អហិង្សា​កន្លងមក គ្រាន់តែ​ជា​ការ​ចងចាំ​ប៉ុណ្ណោះ ព្រោះ​ថា​អនុស្សាវរីយ៍​ដ៏​ជូរចត់ និង​ផ្អែមល្ហែម​ដែល​ខំ​តស៊ូ​ដើម្បី​ទឹកដី​ដ៏​កម្សត់​របស់​ខ្លួន ត្រូវ​រលាយ​ទៅវិញ​ត្រឹមតែ​បាយ ១​ចាន និង​សាច់​មួយ​ដុំ​ទៅ​វិញ។

សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ត្អូញត្អែរ​ថា ឯណា​ទៅ​ជា​តម្លៃ​នៃ​គុណធម៌​របស់​មនុស្ស​ដែល​ហ៊ាន​ទទួលយក​ទឹកលុយ​ដ៏​កខ្វក់​ស្រក់​លើ​ផ្នូរ​បុព្វបុរស​ដែល​ស្នេហា​ជាតិ? លោក​បន្ថែម​ថា ការ​សប្បាយ​រីករាយ​ទទួលយក​នូវ​ទ្រព្យសម្បត្តិ​ជា​ថ្នូរ​នឹង​ការ​លះបង់​នូវ​ឧត្តមគតិ​របស់​ខ្លួន គឺជា​ទង្វើ​មួយ​ដែល​បញ្ជាក់​ពី​ការ​មើលងាយ​វីរភាព​របស់​អ្នក​ស្នេហា​ជាតិ​យ៉ាង​ខ្លាំង។

លោក យ៉ង់ ស៊ីណេត លើក​ជា​សំណួរ​ថា តើ​ត្រូវ​ធ្វើ​ម្តេច​ដើម្បី​ឱ្យ​យុវជន​ដែល​ស្រឡាញ់​ជាតិ​ពិតប្រាកដ​គេច​រួច​ផុត​ពី​ភាព​ងងឹត​ងងុល​ព្រោះតែ​បក្ស​នយោបាយ និង​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ឱ្យ​ពួកគេ​ដោះ​អាវ​បក្ស​មក​ពាក់​អាវ​ជាតិ​វិញ ហើយ​ចូលរួម​ជាមួយ​គ្នា​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ឱ្យ​មាន​នីតិរដ្ឋ មាន​យុត្តិធម៌​សង្គម លែង​មាន​និន្នាការ​នយោបាយ ដែល​ធ្វើ​ឱ្យ​មាន​ការ​បែងចែក និង​ការ​ចោទប្រកាន់​គ្នា​ឯង​ទៅវិញ​ទៅមក​ព្រោះតែ​ផល​ប្រយោជន៍​នយោបាយ​រៀងៗ​ខ្លួន​ដូច​សព្វថ្ងៃ​នេះ?

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ខ្លះ​បាន​នាំគ្នា​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​បន្តបន្ទាប់​នៅ​ពេលនេះ ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​គេ​រំលាយ និង​មេ​បក្ស​ក៏​ត្រូវ​គេ​កាត់ទោស​ឱ្យ​ជាប់​គុក ២៧​ឆ្នាំ​ថែម​ទៀត។

កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​កំពូល​ក្រុង​ភ្នំពេញ​ប្រកាស​រំលាយ បន្ទាប់ពី​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ក្បត់​ជាតិ ប៉ុន្តែ​នៅ​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ លោក កឹម សុខា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ឱ្យ​ជាប់​គុក ២៧​ឆ្នាំ ដក​សិទ្ធិ​ធ្វើ​នយោបាយ និង​មិន​ឱ្យ​ជួប​អ្នក​ដទៃ​ក្រៅពី​សាច់ញាតិ​ថែម​ទៀត។

បន្ទាប់ពី​លោក កឹម សុខា ត្រូវ​តុលាការ​ផ្ដន្ទាទោស​បាន​តែ​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​នៅ​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៣ លោក យឹម ស៊ីណន ដែល​ជា​សកម្មជន​ស្និទ្ធ​នឹង​លោក កឹម សុខា បាន​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច ខណៈ​លោក ហ៊ុន កុសល ក៏​បាន​ប្រកាស​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ផង​ដែរ​កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ នេះ។

ក្រៅពី​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល អតីត​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​សៀមរាប លោក ប៉ែន ផល្លីកា និង​អតីត​អ្នក​តាក់តែង​គោលនយោបាយ​សុខាភិបាល​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ែន រដ្ឋា ក៏​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​បន្តបន្ទាប់​ថែម​ទៀត។

អតីត​អ្នកទោស​នយោបាយ និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ មេសា នេះ​ថា ការ​សម្រេច​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ​គឺជា​សេរីភាព​ដែល​មាន​ចែង​ក្នុង​ច្បាប់ ដូច្នេះ​ប្រសិនបើ​នរណា​ម្នាក់​សុខចិត្ត​លះបង់​ឧត្តមគតិ​របស់​ខ្លួន​ទទួលយក​ទ្រព្យសម្បត្តិ ទទួលយក​ឋានៈ​បុណ្យ​ស័ក្តិ​តំណែង​តួនាទី ឬ​ក្នុង​លក្ខខណ្ឌ​ដែល​មាន​សម្ពាធ​ពី​គ្រួសារ ជាដើម មិន​គួរ​ត្រូវ​បាន​ស្ដីបន្ទោស​នោះ​ទេ ប៉ុន្តែ​សំខាន់​ឱ្យ​តែ​ការងារ​របស់​ពួកគេ​ជួយ​ជាតិ​មាតុភូមិ​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​ខិតខំ​តស៊ូ​របស់​លោក កឹម សុខា ដើម្បី​សេរីភាព ដើម្បី​យុត្តិធម៌​សង្គម ដើម្បី​លទ្ធិប្រជាធិបតេយ្យ គឺ​ដើម្បី​សេចក្តី​សុខ​របស់​ពលរដ្ឋ​ខ្មែរ និង​ដើម្បី​ប្រទេស​កម្ពុជា​ទាំងមូល ដូច្នេះ​គោលការណ៍​ដែល​ជា​នយោបាយ​អហិង្សា​របស់​គាត់​នៅតែ​បើក​ចំហ​សេរីភាព​ពេញលេញ​សម្រាប់​បុគ្គល​ម្នាក់ៗ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​រៀងៗ​ខ្លួន ប៉ុន្តែ​គុណធម៌ និង​គុណតម្លៃ គឺជា​រឿង​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២១ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ប្ដេជ្ញា​ថា អ្វី​ដែល​លោក​ធ្លាប់​បាន​សន្យា​ចំពោះ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​នៅតែ​ហ៊ាន និង​បន្ត​សន្យា​ជូន​ជន​រួម​ជាតិ​ដដែល​ថា បើ​ទោះជា​លោក​ស្ថិត​ក្នុង​ការ​រឹតត្បិត​សេរីភាព​បែប​ណា​ក៏ដោយ ក៏​លោក​នៅតែ​រក្សា​ឧត្តមគតិ​មិន​ក្បត់​ប្រទេស​ជាតិ មិន​ក្បត់​ឆន្ទៈ​ពលរដ្ឋ និង​មិន​រត់​ចោល​សមរភូមិ​នយោបាយ​នៅ​កម្ពុជា​ជាដាច់ខាត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស