34 C
Phnom Penh

ក្រុម​សង្គម​ស៊ីវិល​ក្រៅ​ស្រុក​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្រៅ​ស្រុក អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ប្រឆាំង​នឹង​ការ​បោះឆ្នោត​ដែល​គ្មាន​តម្លាភាព​នៅ​ខែ​កក្កដា ខាងមុខ​នេះ ដើម្បី​ឲ្យ​មាន​ការ​កែទម្រង់​ការ​បោះឆ្នោត​មួយ​ដែល​អាច​ទទួលយក​បាន​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ-អាមេរិកាំង​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក អំពាវនាវ​ជា​សាធារណៈ​កាលពី​ថ្ងៃ​១ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សូម​ឲ្យ​អ្នក​បោះឆ្នោត​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ពហិការ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ រហូត​ទាល់​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ការ​បោះឆ្នោត​មួយ​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ពិតប្រាកដ ដើម្បី​ចៀសវាង​នូវ​ការ​ចូលរួម​ការ​បោះឆ្នោត​មួយ​ដែល​រៀបចំ​ដោយ​បក្ស​កាន់​អំណាច​ដែល​គ្មាន​តម្លាភាព​ដូច​ពេលនេះ។

អង្គការ​សង្គម​ស៊ីវិល​ខាងលើ​ជំរុញ​ឲ្យ​សហគមន៍​ខ្មែរ អ្នក​តស៊ូ​មតិ និង​ក្រុម​សិទ្ធិមនុស្ស​ផ្សេង​ទៀត ប្រើប្រាស់​គ្រប់​វេទិកា​ដែល​មាន​កម្រិត​អន្តរជាតិ ដើម្បី​ប្រកួតប្រជែង​យុទ្ធនាការ​របស់​លោក ហ៊ុន សែន អំពី​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស នីតិរដ្ឋ និង​ការ​ប្រើប្រាស់​ដំណើរការ​នយោបាយ​ដោយ​រំលោភ​បំពាន​លើ​សិទ្ធិមនុស្ស រំលោភ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​ឲ្យ​បាន​គ្រប់​ទីកន្លែង​ទាំងអស់។

ប្រភព​ដដែល​បញ្ជាក់​ថា ដំណើរការ​នៃ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជាតិ​នៅ​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​មិន​មាន​សុពលភាព​ទេ បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ផ្អាក​ដំណើរការ​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ងាក​មក​រក​ការ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​អនុវត្ត​តាម​ការ​ណែនាំ​ដោយ​អង្គការ​សហប្រជាជាតិ​ទេ​នោះ។

កាលពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ទម្លាយ​នូវ​រូបភាព និង​ឃ្លីប​វីដេអូ​ដែល​មាន​ប្រវែង​ជាង ២​ម៉ោង អំពី​កិច្ចប្រជុំ​មួយ​តាម​ប្រព័ន្ធ zoom របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដោយ​ចោទ​ថា​ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ទាំងនោះ គឺ​ជា​ក្រុម​ជ្រុល​និយម​បំផ្លាញ​ជាតិ ព្រោះ​ពួកគេ​មាន​ចេតនា​ប្រឆាំង​ជាមួយ​ការ​បោះឆ្នោត និង​លទ្ធផល​បោះឆ្នោត​របស់​កម្ពុជា​ខាងមុខ​នេះ។

លោក ហ៊ុន សែន សួរ​ថា តើ​ពួកគេ​ចង់​បំផ្លាញ​ប្រទេស​កម្ពុជា​ដល់​ណា​ទៀត? ជាង​នេះ​ទៀត បុរស​ខ្លាំង​ក្រាញ​អំណាច​ដែល​គំរាម​កម្ចាត់​ក្រុម​ប្រឆាំង លោក ហ៊ុន សែន គំរាម​ថា ពួកគេ​នឹង​ពិបាក​ចូល​មក​ស្រុក​ខ្មែរ​នៅ​ពេល​ក្រោយ ដោយសារតែ​អ្នក​ទាំងនោះ​មាន​ចេតនា​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ឲ្យ​តែ​មាន​ការ​លើកឡើង​ជុំវិញ​ការ​ធ្លាក់​ចុះ​នូវ​លទ្ធិប្រជាធិបតេយ្យ ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិមនុស្ស ទោះជា​ក្រុម​ណា​ក៏ដោយ វិធានការ​មុន​ដំបូង​របស់​លោក ហ៊ុន សែន គឺ​តែងតែ​ចោទ​អ្នក​ទាំងនោះ​ជា​ក្រុម​ជ្រុល​និយម​ក្បត់​ជាតិ បន្ទាប់​មក​ទើប​គាត់​ចាប់ផ្តើម​ផែនការ​កម្ចាត់​អ្នក​ទាំងនោះ ទោះ​ជា​វិធី​របស់​គាត់​ត្រូវ​បំពាន​ច្បាប់ ឬ​រំលោភ​សិទ្ធិមនុស្ស​ក៏ដោយ។

កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា បាន​រំលោភ​ច្បាប់ រំលោភ​សិទ្ធិមនុស្ស ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ប៉ុន្តែ​លោក ហ៊ុន សែន តែង​ចោទប្រកាន់​អ្នក​ដែល​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក​ថា ពួកគេ​ជា​ជន​ក្បត់​ជាតិ ឬ​ជា​ក្រុម​ជ្រុល​និយម​ដែល​បង្ក​ចលាចល​ដល់​សន្តិសុខ​សង្គម និង​ប្រកាស​ចាប់​ខ្លួន​អ្នក​ទាំងនោះ​យក​ទៅ​ដាក់​គុក​ទាំង​អយុត្តិធម៌​យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ឆ្នាំ​២០២២ ថា ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​លោក ហ៊ុន សែន គ្រប់គ្រង​ផ្ដាច់មុខ​ទាំងស្រុង ក្នុង​នោះ​គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​គ្រប់ៗ​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស