35 C
Phnom Penh

អ្នក​នាំពាក្យ​សន្តិសុខ​ជាតិ​អាមេរិក​ថា៖ រុស្ស៊ី​បាត់បង់​ទ័ព​ជាង​១០​ម៉ឺន​នាក់​ក្នុង​សង្គ្រាម​៥​ខែ​ចុងក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​មាន​រយៈពេល​ជាង ១៤​ខែ​ហើយ។ សហរដ្ឋ​អាមេរិក​តាមរយៈ​ភ្នាក់ងារ​ចារកម្ម រក​ឃើញ​ថា ក្នុង​អំឡុង ៥​ខែ​ចុងក្រោយ​នេះ បើ​រាប់​ពី​ខែ​ធ្នូ ឆ្នាំ​២០២២ មក​ដល់​ត្រឹម​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៣ រុស្ស៊ី​បាត់បង់​ទ័ព​របស់​ខ្លួន​ដល់​ទៅ ១០​ម៉ឺន​នាក់ ក្នុង​នោះ​ទ័ព​ដែល​ស្លាប់​ក្នុង​សមរភូមិ​មាន​ជាង ២​ម៉ឺន​នាក់។

បណ្ដាញ​ផ្សាយ​ព័ត៌មាន Defense Post បាន​ចុះផ្សាយ​ដោយ​ស្រង់​របាយការណ៍​អាន​ដោយ​អ្នក​នាំពាក្យ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក John Kirby មក​ចុះ​នៅ​ថ្ងៃទី​២ ឧសភា នេះ​ថា តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​ចារកម្ម​សហរដ្ឋ​អាមេរិក រុស្ស៊ី​ដែល​បាន​បាត់បង់​ទ័ព​ជាង ១០​ម៉ឺន​នាក់​នេះ គឺ​នៅតែ​សមរភូមិ​ដុនបាស នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន ហើយ​សមរភូមិ​បាកមូត នៅ​ក្នុង​ខេត្ត​ដូណេត រុស្ស៊ី​បាត់បង់​ទ័ព​ច្រើន​ជាង​សមរភូមិ​ផ្សេង​ទៀត។

បើ​តាម​លោក John Kirby ការ​បាត់បង់​ទ័ព​ដ៏​ច្រើន​ក្នុង​អំឡុង​តែ ៥​ខែ​ចុងក្រោយ​មក​នេះ បាន​នាំ​ឱ្យ​រុស្ស៊ី​មិន​អាច​សម្រេច​តាម​ផែនការ​របស់​ខ្លួន​ដែល​ត្រូវ​វាយ​យក​ទឹកដី​ក្នុង​តំបន់​ដុនបាស នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។ ក្នុង​ចំនួន​ទ័ព ១០​ម៉ឺន​នាក់​នេះ គឺ​ក្រុម​ទាហាន​ស៊ីឈ្នួល​ឱ្យ​រុស្ស៊ី មាន​ជិត ៥​ម៉ឺន​នាក់។

ដុនបាស មាន​ផ្ទៃដី​ជាង ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ក្រឡា។ វា​ជា​តំបន់​ដីគោក​ដ៏​ធំ​មួយ​ជាប់​ផ្ទាល់​នឹង​ព្រំដែន​រុស្ស៊ី។ តំបន់​នេះ​មាន​ខេត្ត​តែ ២​ប៉ុណ្ណោះ គឺ​ខេត្ត​ដូណេត និង​លូហាន់។

ទ័ព​រុស្ស៊ី​ជាង ២៥​ម៉ឺន​នាក់ ត្រូវ​បាន​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី​បញ្ជា​ឱ្យ​វាយ​កាន់កាប់​ប្រទេស​អ៊ុយក្រែន ឱ្យ​បាន​យ៉ាង​យូរ​រយៈពេល ២​សប្ដាហ៍។ តែ​ក្នុង​រយៈពេល ៥​ខែ​ដំបូង ដោយ​រាប់​ពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ដល់​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២២ រយៈពេល ៥​ខែ​ដូច​គ្នា​នេះ រុស្ស៊ី​បាត់បង់​ទ័ព​ប្រមាណ​ជាង ៨​ម៉ឺន​នាក់។

តាម​ប្រភព​ចារកម្ម​សហរដ្ឋ​អាមេរិក គិត​រយៈពេល​មួយ​ឆ្នាំ​ពីរ​ខែ​មក​នេះ រុស្ស៊ី​បាត់បង់​ទ័ព​សរុប​ហក់​ឡើង​ជិត ២៣​ម៉ឺន​នាក់។ ការ​បាត់បង់​ទ័ព​នេះ គេ​រាប់​ទាំង​ទ័ព​ដែល​ស្លាប់ ទ័ព​រង​របួស និង​ទ័ព​រត់​ចោល​សមរភូមិ។

បើ​និយាយ​ពី​ការ​បាត់បង់​សព្វាវុធ​របស់​រុស្ស៊ី ដែល​គិត​មក​ដល់​ថ្ងៃទី​១ ខែ​ឧសភា នេះ រុស្ស៊ី​បាត់បង់​រថក្រោះ ៣៧០១​គ្រឿង រថពាសដែក ៧១៩៣​គ្រឿង ប្រព័ន្ធ​កាំភ្លើង​ធំ ២៩៣០​គ្រឿង ប្រព័ន្ធ​រ៉ុក្កែត ៥៤៤​គ្រឿង ប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស ២៩៨​គ្រឿង ធ្លាក់​យន្តហោះ ៣០៨​គ្រឿង ធ្លាក់​ឧទ្ធម្ភាគចក្រ ២៩៤​គ្រឿង បាញ់​ទម្លាក់​ដ្រូន ២៤៧៧​គ្រឿង នាវាចម្បាំង​និង​ម៉ារីន ១៨​គ្រឿង រថយន្ត​ហោះ​ដឹក​ភស្តុភារ ៥៨៥១​គ្រឿង។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន។

ជុំវិញ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ក្រសួង​ការពារ​ជាតិ​នៃ​ចក្រភព​អង់គ្លេស បាន​ឱ្យ​ដឹង​ថា រុស្ស៊ី​បាន​កសាង​ប្រព័ន្ធ​ការពារ​យោធា​ដ៏​ទូលំទូលាយ​នៅ​លើ​ទឹកដី​នៃ​ឧបទ្វីប​គ្រីមៀរ ដែល​មើល​ទៅ​ជា​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​វាយលុក​របស់​អ៊ុយក្រែន។

របាយការណ៍​របស់​ភ្នាក់ងារ​ចារកម្ម​អង់គ្លេស ត្រូវ​បាន​បង្ហោះ​នៅ​លើ Twitter របស់​ខ្លួន​ដោយ​បាន​បង្ហាញ​ថា រុស្ស៊ី​កំពុង​ពង្រឹង​ព្រំដែន​ភាគ​ខាងជើង​នៃ​តំបន់ Crimea ដែល​ក្នុង​នោះ​រួម​មាន​ទាំង​តំបន់​នៅ​ជាប់​នឹង​ដែនដី​នៃ​តំបន់​ខឺសុន និង​មីលីតតូប៉ូល។ តំបន់​ពីរ​នេះ​គឺជា​ភូមិសាស្ត្រ​ដែល​អ៊ុយក្រែន​អាច​លើក​ទ័ព​ចូល​វាយ​រំដោះ​គ្រីមៀរ តាមរយៈ​ដែនដី​ទាំង​ពីរ​នេះ។ បន្ថែម​ពី​លើ​នេះ​ទៀត រុស្ស៊ី​បាន​ជីក​លេណដ្ឋាន​រាប់​រយ​គីឡូម៉ែត្រ​នៅ​ខាង​ក្នុង​ដែនដី​រុស្ស៊ី ដែល​ក្នុង​នោះ​រួម​មាន​នៅ​ក្នុង​តំបន់ Belgorod និង​តំបន់ Kursk គឺជា​តំបន់​ជាប់​នឹង​ព្រំដែន​អ៊ុយក្រែន។

របាយការណ៍​នេះ​បាន​លើកឡើង​ទៀត​ថា លេណដ្ឋាន​ទាំងនេះ​បង្ហាញ​ឱ្យ​ឃើញ​ថា រុស្ស៊ី​បារម្ភ​ថា​អ៊ុយក្រែន​អាច​សម្រេច​បាន​នូវ​ការ​វាយ​សម្រុក​ចូល បើ​អ៊ុយក្រែន​វាយ​ចូល​គ្រីមៀរ។

នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​កាលពី​ថ្ងៃ​អាទិត្យ ទី​៣០ មេសា ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ថ្លែង​ថា៖ ការ​វាយ​រំដោះ​គ្រីមៀរ មក​វិញ​នៅ​ពេលនេះ គឺជា​ពេលវេលា​ចាំបាច់​បំផុត​ដែល​លោក​ថា​អ៊ុយក្រែន​មិន​ត្រូវ​ទុក​ពេល​វេលា​ឱ្យ​ខាត​អត់​ប្រយោជន៍​នោះ​ទេ។

លោក​បន្ត​ថា ការ​វាយ​រំដោះ​គ្រីមៀរ មក​វិញ​បាន វា​អាច​នឹង​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម ហើយ​រុស្ស៊ី​ក៏​ធ្លាក់​ចុះ​នូវ​មហិច្ឆតា​ឈ្លានពាន​ផង​ដែរ។

ទោះជា​យ៉ាងណា លោក​មិន​បាន​បញ្ជាក់​អំពី​ការ​ព្រួយ​បារម្ភ​ដែល​ថា រុស្ស៊ី​អាច​នឹង​បាញ់​ប្រហារ​លើ​អ៊ុយក្រែន​ដោយ​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ។ តែ​ជាមួយ​គ្នា​នេះ ប្រធាន​អង្គភាព​ចារកម្ម​អ៊ុយក្រែន លោក គីរីឡូ បាណាណូវ បាន​ថ្លែង​ដោយ​អះអាង​ថា ទោះជា​អ៊ុយក្រែន​វាយ​ចូល​គ្រីមៀរ​ក៏ដោយ តែ​លោក​គិត​ថា រុស្ស៊ី​នឹង​មិន​ហ៊ាន​វាយប្រហារ​អ៊ុយក្រែន​ដោយ​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ ហើយ​បើ​រុស្ស៊ី​ធ្វើ​ដូចនេះ គឺជា​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង​ទៅវិញ​នោះ​ទេ។

គ្រីមៀរ ជា​ឧបទ្វីប​សមុទ្រ​ខ្មៅ​ដែល​ជា​តំបន់​ឧស្សាហកម្ម​សមុទ្រ និង​ទេសចរណ៍​ដ៏​សំខាន់​បំផុត​របស់​អ៊ុយក្រែន។ តំបន់​នេះ​មាន​ផ្ទៃដី​ជាង ២​ម៉ឺន ៧​ពាន់​គីឡូម៉ែត្រ​ក្រឡា។ តំបន់​នេះ​បាន​ធ្លាក់​ក្នុង​ការ​គ្រប់គ្រង​របស់​រុស្ស៊ី នៅ​ឆ្នាំ​២០១៤ តាមរយៈ​ការ​បោះឆ្នោត​ផ្ដាច់​ខ្លួន​ដែល​អតីត​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ិចទ័រ យ៉ាណាកូវិច បាន​ចុះហត្ថលេខា​អនុញ្ញាត និង​កាត់​ដី​តំបន់​នេះ​ទៅ​ឱ្យ​រុស្ស៊ី ដែល​លោក ពូទីន ជា​មេដឹកនាំ។

បច្ចុប្បន្ន លោក យ៉ាណាកូវិច និង​គ្រួសារ​បាន​រត់​ទៅ​នៅ​ប្រទេស​រុស្ស៊ី គឺ​ភ្លាមៗ​បន្ទាប់ពី​ប្រជាជន និង​កងទ័ព​អ៊ុយក្រែន ធ្វើការ​តវ៉ា​ដោយ​ទម្លាក់​លោក​ពី​អំណាច ហើយ​កាត់ទោស​លោក​ពី​ទោស​ក្បត់​ជាតិ​សាសន៍​អ៊ុយក្រែន។

ទាំង​អតីត​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូប៉េរ៉េស ឆេនកូ និង​លោក ហ្សេឡេនស្គី បាន​សច្ចា​យក​គ្រីមៀរ មក​វិញ ទោះ​ជា​ត្រូវ​ធ្វើ​សង្គ្រាម​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស