បដា​របស់​ក្រុម​សកម្មជន​បរិស្ថាន​ធ្វើ​យុទ្ធនាការ​តាម​អនឡាញ​ពហិការ​ឈប់​ប្រើប្រាស់​ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន​ឧកញ៉ា ជីង សុគន្ធារី ដែល​ត្រូវ​ជា​កូនស្រី​របស់​ឧកញ៉ា ជីង សុភាព ហៅ​យាយ​ភូ ដើម្បី​ចូលរួម​សង្គ្រោះ​ឧទ្យានជាតិ​គិរីរម្យ និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់។

បរិស្ថាន

សកម្មជន​ធ្វើ​យុទ្ធនាការ​ឈប់​ប្រើ​ផលិតផល​ក្រុមហ៊ុន​កូនស្រី​យាយ​ភូ​ដើម្បី​សង្គ្រោះ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់

By ឌឹ ខេមបូឌា ដេលី

May 04, 2023

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ប្រកាស​ធ្វើ​យុទ្ធនាការ​ឈប់​ប្រើប្រាស់​ផលិតផល​ក្រុមហ៊ុន​របស់​ឧកញ៉ា ជីង សុគន្ធារី ដែល​គេ​ស្គាល់​ថា​ជា​កូនស្រី​របស់​ឧកញ៉ា ជីង សុភាព ហៅ​យាយ​ភូ ដែល​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​ភរិយា​របស់​លោក ហ៊ុន សែន ដើម្បី​បង្ហាញ​ពី​ការ​ចូលរួម​សង្គ្រោះ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ បន្ទាប់ពី​រដ្ឋាភិបាល​ផ្តល់​ដី​ឧទ្យាន​ជាតិ​គិរីរម្យ​ជាង ២០០​ហិកតារ​ឱ្យ​ឧកញ៉ា​រូប​នេះ​ធ្វើជា​កម្មសិទ្ធិ។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ អះអាង​នៅ​ថ្ងៃទី​៣ ឧសភា នេះ​ថា មូលហេតុ​ដែល​ពួកគេ​ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន វីតាល់ ក្រុមហ៊ុន មី​ជាតិ និង​ក្រុមហ៊ុន វ័នម៉ របស់​ឧកញ៉ា ជីង សុគន្ធារី ពីព្រោះ​ពួកគេ​បង្ហាញ​ពី​ការ​ចូលរួម​សង្គ្រោះ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ចំនួន ៦៤១​ហិកតារ និង​ដី​ឧទ្យាន​ជាតិ​គិរីរម្យ ចំនួន ២២១​ហិកតារ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា ជីង សុគន្ធារី នា​ពេល​កន្លងមក។

ក្រុម​សកម្មជន​ទាំងនេះ​លើកឡើង​ថា ការ​ប្រកាស​មិន​ចូលរួម​ប្រើ​ផលិតផល​ដែល​ម្ចាស់​ក្រុមហ៊ុន​បាន​រំលោភ​យក​ដី​រដ្ឋ បំផ្លាញ​ធនធាន​ធម្មជាតិ និង​រំលោភ​សិទ្ធិមនុស្ស​បែប​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​បំផ្លាញ​ព្រៃឈើ និង​ការ​រំលោភ​សិទ្ធិមនុស្ស ជាដើម។

ប្រភព​ដដែល​បញ្ជាក់​ថា បើ​ពួកគេ​បន្ត​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន​ឧកញ៉ា​រូប​នោះ​បន្ត​ទៀត គឺ​មាន​ន័យ​ថា ពួកគេ​កំពុង​គាំទ្រ​ដោយ​ប្រយោល​ចំពោះ​សកម្មភាព​បំផ្លាញ​ព្រៃឈើ និង​ការ​រំលោភ​សិទ្ធិមនុស្ស ដែល​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា ជីង សុគន្ធារី កំពុង​ប្រព្រឹត្ត​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ផ្តល់​ដី​ឧទ្យាន​ជាតិ​គិរីរម្យ​ចំនួន ២២១​ហិកតារ និង ៩៤​អា ស្ថិត​ក្នុង​ឃុំ​ត្រែងត្រឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ឱ្យ​ក្រុមហ៊ុន វ័នម៉ (One More) របស់​អ្នកឧកញ៉ា ជីង សុគន្ធារី ធ្វើជា​កម្មសិទ្ធិ​ជា​រៀង​រហូត ដែល​ទើប​តែ​នឹង​បែកធ្លាយ​នៅ​ថ្ងៃ​នេះ។

ជុំវិញ​ការ​ផ្តល់​ដី​ឱ្យ​ក្រុមហ៊ុន​ឯកជន​នេះ កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២ លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ទំហំ ៦៤៩​ហិកតារ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ឃុំ​ក្តុលសែនជ័យ និង​ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ឱ្យ​ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (One Fraternity Co, LTD) របស់​អ្នកឧកញ៉ា ជីង សុគន្ធារី ធ្វើជា​កម្មសិទ្ធិ​ផង​ដែរ។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​ចំនួន ៧០​ហិកតារ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ឱ្យ​ទៅ​ក្រុមហ៊ុន One Prosperity ដែល​ជា​ក្រុមហ៊ុន​ជាប់​ខ្សែស្រឡាយ​ជាមួយ​នឹង​អ្នកស្រី ជីង សុភាព យក​ទៅ​វិនិយោគ​ជា​តំបន់​អេកូ​ទេសចរណ៍​ថែម​ទៀត។

អ្នកឧកញ៉ា ជីង សុគន្ធារី គឺជា​កូនស្រី​របស់​ឧកញ៉ា ជីង សុភាព ដែល​ជា​អនុប្រធាន​កាកបាទ​ក្រហម​កម្ពុជា ដែល​ត្រូវ​ជា​កូនស្រី​របស់​លោក ឡាវ ម៉េងឃីន ជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​អ្នកស្រី ជីង សុភាព ក៏​ជា​មិត្ត​ជិតស្និទ្ធ​បំផុត​របស់​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​លោក ហ៊ុន សែន ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន​១៥ រួម​មាន​ខេត្ត​ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​តាកែវ ជាដើម ដើម្បី​ត្រៀម​ធ្វើ​អនុបយោគ និង​បែងចែក​សម្រាប់​កម្មសិទ្ធិ​ឯកជន​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នានា​ដើម្បី​ធ្វើការ​អភិវឌ្ឍ។

ទាក់ទិន​នឹង​ការ​បែងចែក​ដី​រដ្ឋ​ឱ្យ​បុគ្គល​ឯកជន និង​ក្រុមហ៊ុន​ឯកជន​នេះ ឧកញ៉ា​ដែល​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើន​នាក់ រួម​ទាំង​សាច់ញាតិ និង​កូនបង្កើត​របស់​គាត់​ផង បាន​ទទួល​ដី​រដ្ឋ​ជាច្រើន​រយ​ហិកតារ​ធ្វើជា​កម្មសិទ្ធិ ដូចជា​ឧកញ៉ា ពុង ឃាវសែ ឧកញ៉ា ជីង សុភាព ឧកញ៉ា ជីង សុគន្ធារី ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា លី យ៉ុងផាត់ ជាដើម សុទ្ធតែ​មាន​ចំណែក​ទទួល​បាន​ដី​ទាំងនោះ។

ជាង​នេះ​ទៀត អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី ដែល​ត្រូវ​ជា​កូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន ក៏​ទទួល​បាន​ដី​រដ្ឋ​រាប់​រយ​ហិកតារ​ពី​ការ​កាត់​ឆ្វៀល​នេះ​ផង​ដែរ។

អង្គការ Client Earth បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​ថា ជាង ៤០% នៃ​ផ្ទៃដី​របស់​កម្ពុជា ឬ​ប្រហែល ៧,៥​លាន​ហិកតារ ត្រូវ​បាន​បែងចែក​ជា​តំបន់​ការពារ​ធម្មជាតិ ប៉ុន្តែ​ភាគច្រើន​នៃ​តំបន់​ទាំងនេះ​ត្រូវ​បាន «ការពារ» តែ​ឈ្មោះ​ប៉ុណ្ណោះ ព្រោះ​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​អភិរក្ស​ទាំងនោះ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​រហូត​មក៕