38.8 C
Phnom Penh

អ្នកវិភាគ​រិះគន់​លោក ហ៊ុន សែន ថា​ប្រមាថ​ព្រះមហាក្សត្រ​ធ្ងន់ធ្ងរ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​ឯករាជ្យ រិះគន់​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ​ធ្ងន់ធ្ងរ​នៅ​ចំពោះ​ក្រសែភ្នែក​អន្តរជាតិ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយសារ​មិន​អនុញ្ញាត​ឲ្យ​ព្រះ​ប្រមុខ​រដ្ឋ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ ឧសភា ថា ក្នុង​ព្រឹត្តិការណ៍​ធំៗ​របស់​ប្រទេស ត្រូវ​តែ​ប្រមុខ​រដ្ឋ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បើក មិន​សំខាន់​ថា​ប្រទេស​នោះ​ដឹកនាំ​ដោយ​របប​សភា​និយម ឬ​របប​ប្រធានាធិបតី​និយម​នោះ​ទេ ព្រោះ​មាន​តែ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ប៉ុណ្ណោះ​ទើប​មាន​កិត្តិយស​ផ្តល់​នូវ​ការ​ប្រកាស​បើក​ព្រឹត្តិការណ៍​ធំៗ​នានា។

លោក គឹម សុខ រៀបរាប់​ថា នៅ​ឆ្នាំ​២០០៧ រាជទាយាទ​របស់​ស្តេច​ថៃ តំណាង​ព្រះបិតា​របស់​ទ្រង់​ធ្វើ​ជា​អធិបតី​ក្នុង​ការ​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​របស់​ខ្លួន ខណៈ​ប្រទេស​ម៉ាឡេស៊ី ស្តេច​ម៉ាឡេស៊ី ក៏​ទ្រង់​គង់​ជា​អធិបតី​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​របស់​ប្រទេស​ម៉ាឡេស៊ី ដែរ ចំណែក​ប្រទេស​វៀតណាម ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២២ ប្រធានាធិបតី​វៀតណាម លោក ង្វៀន សួនហ្វុក ធ្វើ​ជា​អធិបតី​ក្នុង​ការ​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ពេល​នោះ។ ដោយឡែក​ប្រទេស​ឡាវ ក៏​ប្រធានាធិបតី​ឡាវ ជា​អ្នក​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ឆ្នាំ​២០០៩ ដែរ មិនមែន​នាយករដ្ឋមន្ត្រី​នោះ​ទេ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​ហេតុផល​ខាងលើ លោក ហ៊ុន សែន បាន​បង្ហាញ​មហិច្ឆតា​របស់​គាត់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​បន្ថែម​ទៀត នៅ​ពេល​ដែល​គាត់​ជួប​ជាមួយ​កីឡាករ​ដែល​ត្រៀម​ខ្លួន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ដោយ​គាត់​ហៅ​ខ្លួនឯង​ថា ជា​សម្តេច​តា និង​សម្តេច​ពុក ដែល​ភាសា​នេះ​ពលរដ្ឋ​ខ្មែរ​ធ្លាប់​តែ​ហៅ​សម្តេច​ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ កន្លងមក​ប៉ុណ្ណោះ ហើយ​ទង្វើ​របស់​លោក ហ៊ុន សែន បែប​នេះ គឺ​ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ​ខ្មែរ​ដែល​កំពុង​គ្រងរាជ្យ និង​ជា​ព្រះ​ប្រមុខ​របស់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​យ៉ាង​ធ្ងន់ធ្ងរ។

កាលពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ហ៊ុន សែន អះអាង​ថា ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​មាន​តែ​ប្រទេស ៣ ប៉ុណ្ណោះ ដែល​ប្រមុខ​រដ្ឋ​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម ដូចជា​ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ប្រទេស​ប្រ៊ុយណេ ចំណែក​ប្រទេស​ក្រៅពី​នោះ​សុទ្ធតែ​នាយករដ្ឋមន្ត្រី​ប្រកាស​បើក​ទាំងអស់។

លោក ហ៊ុន សែន បញ្ជាក់​ថា សម្រាប់​កម្ពុជា ព្រះមហាក្សត្រ​ព្រះអង្គ​ប្រទាន​ភ្លើង​កាលពី​ចុង​ខែ​មីនា រួច​ហើយ ដូច្នេះ​ការ​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​នា​ពេល​ខាងមុខ​នេះ គឺជា​តួនាទី​របស់​នាយករដ្ឋមន្ត្រី​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ចោទ​ថា អ្នក​ដែល​រិះគន់​ថា​មិន​យាង​ព្រះមហាក្សត្រ​ឱ្យ​បើក​ការ​ប្រកួត​ស៊ីហ្គេម គឺជា​ចេតនា​ទុច្ចរិត​បំបែក​បំបាក់​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​កម្ពុជា។

បែប​នេះ​ក្តី លោក គឹម សុខ បញ្ជាក់​ថា របប​សភា​និយម ព្រះមហាក្សត្រ​ជា​ព្រះ​ប្រមុខ​រដ្ឋ ចំណែក​របប​ប្រធានាធិបតី​និយម គឺ​ប្រធានាធិបតី​ជា​ប្រមុខ​រដ្ឋ ដូច្នេះ​ឱ្យ​តែ​ប្រមុខ​រដ្ឋ​ត្រូវតែ​ផ្តល់​កិត្តិយស​ក្នុង​ការ​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​របស់​ប្រទេស​ទាំងអស់ មិនមែន​ជា​នាយករដ្ឋមន្ត្រី​ទេ។ លោក​ចាត់ទុក​សម្ដី​លោក ហ៊ុន សែន ថា​ជា​ការ​និយាយ​ភូតភរ​កុហក​ពលរដ្ឋ​ខ្មែរ។

ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ នឹង​ចាប់​ផ្តើម​ឡើង​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ខណៈ​អាស៊ាន​ប៉ារ៉ាហ្គេម នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស