38 C
Phnom Penh

លោក ហ៊ុន សែន សុំទោស​ជា​សាធារណៈ​ករណី​ចែក​សំបុត្រ​ចូល​មើល​កីឡា​ស៊ីហ្គេម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ចេញ​មុខ​មក​សុំ​ការ​យោគយល់​អធ្យាស្រ័យ​ពី​ពលរដ្ឋ​ខ្មែរ ដែល​រដ្ឋាភិបាល​មិន​មាន​លទ្ធភាព​ដោះស្រាយ​ការ​ចែក​សំបុត្រ​ចូលរួម​ពិធី​បើក-បិទ និង​ការ​ប្រកួត​កីឡា​បាល់ទាត់​ស៊ីហ្គេម ព្រមទាំង​សូម​ឱ្យ​ពលរដ្ឋ​ខ្មែរ​បញ្ឈប់​ការ​វាយប្រហារ​លើ​អ្នក​រៀបចំ​ពាក់ព័ន្ធ​នឹង​បញ្ហា​សំបុត្រ​តាមរយៈ​បណ្ដាញ​សង្គម​បន្ត​ទៀត ព្រោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​ដែល​ពួកគេ​ខិតខំ​រៀបចំ​ព្រឹត្តិការណ៍​ជា​កិត្តិយស​របស់​ជាតិ។

តាមរយៈ​សារ​សំឡេង​ជាង ៨​នាទី​កាលពី​ថ្ងៃទី​០៣ ខែ​ឧសភា នេះ លោក ហ៊ុន សែន ថ្លែង​ថា មូលហេតុ​ដែល​លោក​ចេញ​មក​សុំ​ការ​យោគយល់ និង​អធ្យាស្រ័យ​ពី​ពលរដ្ឋ បន្ទាប់ពី​មាន​ការ​រិះគន់​រឿង​បញ្ហា​ផ្ដល់​សំបុត្រ​ចូល​ទស្សនា​បាល់ទាត់ ឬ​ចូលរួម​ពិធី​បើក និង​បិទ​ការ​ប្រកួត​ស៊ីហ្គេម។

លោក​ថា ស្តាត​អូឡាំពិក​អាច​ដាក់​មនុស្ស​បាន​តែ ៣ ទៅ ៤​ម៉ឺន​នាក់ ប៉ុន្តែ​មនុស្ស​ដែល​ចង់​ចូល​ទស្សនា​មាន​រហូត​ដល់​ទៅ ៥០​ម៉ឺន​នាក់។ ចំណែក​វិមាន​កីឡដ្ឋាន​ថ្មី (ស្តាត​មរតក​តេជោ) វិញ អាច​ដាក់​មនុស្ស​បាន​តែ ៦ ទៅ ៧​ម៉ឺន​នាក់​ប៉ុណ្ណោះ ហើយ​អ្នក​ចង់​ចូល​ទស្សនា​បាល់ទាត់ ឬ​ចូលរួម​ពិធី​បើក និង​បិទ​ការ​ប្រកួត​ស៊ីហ្គេម​មាន​រហូត​ដល់​ទៅ​កន្លះ​លាន​នាក់។

បញ្ហា​នេះ លោក​ថា​នាំ​ឲ្យ​មាន​ការ​វាយប្រហារ និង​រិះគន់​លើ​អ្នក​ផ្ដល់​សំបុត្រ និង​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ដែល​មិន​ទទួល​បាន​សំបុត្រ។

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​មិន​មាន​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បាន​ទេ ដោយសារ​ចំនួន​កៅអី​មាន​កំណត់ ហើយ​បើ​ដាក់​មនុស្ស​លើស​ចំនួន​កំណត់​នោះ វា​អាច​នឹង​បង្ក​ជា​ហានិភ័យ ឬ​គ្រោះ​ផង​ដែរ។

តែ​យ៉ាងណា ទោះបីជា​ពួកគេ​មិន​បាន​ចូល​មើល​ផ្ទាល់ ព្រោះតែ​រដ្ឋាភិបាល​មិន​មាន​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​រឿង​នេះ ប៉ុន្តែ​ពួកគេ​អាច​មើល​បាល់ទាត់ ឬ​ការ​ប្រកួត​ស៊ីហ្គេម​នៅ​តាម​ទី​សាធារណៈ​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ខេត្ត និង​ស្រុក ហើយ​ឃុំ ព្រមទាំង​វត្ត​អារាម​នីមួយៗ​ផង​ដែរ។

ករណី​នេះ លោក​ប្រកាស​សុំ​យោគយល់ និង​អធ្យាស្រ័យ​ពី​ពលរដ្ឋ ហើយ​ឈប់​វាយប្រហារ និង​រិះគន់​លើ​រដ្ឋាភិបាល និង​អ្នក​ផ្ដល់​សំបុត្រ​តាមរយៈ​បណ្ដាញ​សង្គម​បន្ត​ទៀត។ លោក ហ៊ុន សែន ចាត់ទុក​ការ​វាយប្រហារ និង​រិះគន់​លើ​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​នេះ​ថា​វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​អ្នក​ដែល​ខិតខំ​ប្រឹងប្រែង​រៀបចំ និង​ធ្វើ។

លោក ហ៊ុន សែន កត់សម្គាល់​ថា កត្តា​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​បរទេស​ចង់​ចូលរួម​ទស្សនា​បាល់ទាត់ ឬ​ចូលរួម​ពិធី​បើក និង​បិទ​ការ​ប្រកួត​ស៊ីហ្គេម​រហូត​ដល់​កន្លះ​លាន​នាក់​នេះ អាច​បណ្ដាល​មកពី​រដ្ឋាភិបាល​កម្ពុជា​មិន​យក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា។

ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ មាន​គណៈប្រតិភូ​ចូលរួម​ចំនួន ៨​ប្រទេស​ក្នុង​ចំណោម ១១​ប្រទេស។ ចំពោះ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​នេះ ក៏​មាន​កីឡា​ចូលរួម​ចំនួន ៣៧​ប្រភេទ និង​មាន​ចំនួន ៥៨៦​វិញ្ញាសា​ក្នុង​ការ​ប្រកួត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៥ ឧសភា នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស