អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ និង​សង្គម​ស៊ីវិល រង​ការ​រឹតត្បិត​នូវ​ការ​ចុះ​ថត​សកម្មភាព​តវ៉ា​របស់​កូដករ​ណាហ្គា​វើលដ៍ (NAGA World) ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (រូបថត៖ VOD)

ព័ត៌មានជាតិ

RWB៖ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់

By ឌឹ ខេមបូឌា ដេលី

May 05, 2023

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន រក​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ បាន​បន្ត​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង បន្ទាប់ពី​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​វិទ្យុ វីអូឌី ខណៈ​អ្នក​សារព័ត៌មាន​បន្ត​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​គំរាមកំហែង។

ការ​ចេញ​របាយការណ៍​វាយតម្លៃ​អំពី​សេរីភាព​សារព័ត៌មាន​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) ធ្វើឡើង​អំឡុង​ពេល​កម្ពុជា និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​បាន​រៀបចំ​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ខួប​លើក​ទី​៣០ នៅ​ឆ្នាំ​២០២៣ នេះ។

បើ​តាម​សន្ទស្សន៍​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៣ ខែ​ឧសភា បាន​ចាត់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤៧ លើ ១៨០​ប្រទេស​នៅ​ឆ្នាំ​២០២៣។

ចំណាត់ថ្នាក់​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ដដែល។ ក្នុង​ឆ្នាំ​២០២៣ នេះ ពិន្ទុ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ថយ​ចុះ ១​ពិន្ទុ​វិញ គឺ​បាន​តែ ៤២​ពិន្ទុ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២២ កន្លង​ទៅ កម្ពុជា​ទទួល​បាន​ចំនួន ៤៣​ពិន្ទុ។

ការ​ចាត់​ចំណាត់ថ្នាក់​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នេះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​ព័ត៌មាន ឲ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី ដែល​ជា​សារព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​គេ​បង្អស់​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដោយ​វិធានការ​បិទ​នេះ​ប្រើ​រយៈពេល​មិន​ដល់ ២៤​ម៉ោង​ឡើយ។

វិធានការ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី នា​ពេល​នោះ មិន​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​កម្ពុជា និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ។

ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​កម្ពុជា​មាត្រា​១០ ចែង​ថា មនុស្ស​មាន​សិទ្ធិ​ទាមទារ​ឱ្យ​មាន​ការ​កែតម្រូវ និង​ការ​ឆ្លើយតប​ពី​អ្នក​ផ្សាយ​ព័ត៌មាន នៅ​ពេល​ដែល​ពួកគេ​យល់​ថា សេចក្ដី​ថ្លែងការណ៍​មួយ​មិន​ត្រឹមត្រូវ ហើយ​អ្នក​ផ្សាយ​ព័ត៌មាន​ត្រូវ​ឆ្លើយតប​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ត្រឹមត្រូវ។ អ្នក​ផ្សាយ​ព័ត៌មាន​ត្រូវ​ឆ្លើយតប​ក្នុង​រយៈពេល ៧​ថ្ងៃ។ ពួកគេ​ក៏​មាន​សិទ្ធិ​ផង​ដែរ​ក្នុង​ការ​ប្ដឹង​ទៅ​តុលាការ​ពី​បទ​បរិហារកេរ្តិ៍ និង​បទ​មួលបង្កាច់។

ចំពោះ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​បន្ត​ធ្លាក់​ចុះ​ចាប់តាំងពី​ចុង​ឆ្នាំ​២០១៧ បន្ទាប់ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បិទ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី និង​វិទ្យុ​មួយ​ចំនួន​ត្រូវ​បាន​បិទ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

ចំណែក​អ្នក​សារព័ត៌មាន​បាន​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា ក្នុង​នោះ​អតីត​អ្នក​សារព័ត៌មាន​អាស៊ីសេរី ២​នាក់​បាន​រង​ការ​ចោទប្រកាន់ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ បទ​ចោទប្រកាន់​លើ​ពួកគេ​មិនទាន់​ទម្លាក់​ចោល​នៅឡើយ។

បើ​តាម​របាយការណ៍​កម្រាស់ ២៥​ទំព័រ​ស្ដីពី​ស្ថានភាព​សារព័ត៌មាន​កម្ពុជា ក្នុង​ឆ្នាំ​២០២២ របស់​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (Camboja) បាន​កត់ត្រា​ករណី​នៃ​ការ​គំរាមកំហែង​មាន​ចំនួន ៣៥​ករណី ក្នុង​នោះ​ការ​វាយប្រហារ​លើ​រាងកាយ ការ​គំរាម​ប្រើ​អំពើ​ហិង្សា ការ​រើសអើង ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ និង​វិធានការ​ច្បាប់​ជាច្រើន​ទៀត ដើម្បី​ប្រឆាំង​នឹង​អ្នកកាសែត​ចំនួន ៥៤​នាក់៕